មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បាននិយាយកាលពីសប្តាហ៍មុនថា មេរោគបំប្លែខ្លួនថ្មីនៃប្រភេទ Omicron ចុងក្រោយបង្អស់ដែលមានឈ្មោះថា XBB1.5 គឺជា ប្រភេទបំប្លែងខ្លួនដែលចម្លងបានលឿនបំផុត បើធៀបនឹងប្រភេទផ្សេងទៀតដែលធ្លាប់បានរកឃើញកន្លងមក។
បើតាមវេជ្ជបណ្ឌិតលោកស្រី ម៉ារៀ វ៉ាន់ ឃឺកហូវ(Maria Van Kerkhove) ដែលជាអ្នកដឹកនាំក្រុមបច្ចេកទេសវេជ្ជសាស្ត្ររបស់ WHO បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ មិនមានការបង្ហាញណាមួយ ថាវាបង្កភាពធ្ងន់ធ្ងរជាងមេរោគ Omicron ជំនាន់មុនៗនោះដែរ។
អ្នកជំនាញផ្សេងទៀតបាននិយាយថា អ្នកវិទ្យាសាស្ត្រកំពុងបន្តប្រមូលទិន្នន័យ និងវិភាគលើកូវីដប្រភេទ XBB1.5 នេះប៉ុន្តែការព្រួយបារម្ភធំនោះគឺលុះត្រាតែមេរោគនេះមានការវិវត្តខ្លួនបន្តទៀត ដែលនាំឱ្យមានការរីករាលដាល និងធ្ងន់ធ្ងរជាងនេះ។
គួរជម្រាបដែរថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា ចំនួននៃការឆ្លងនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងរៀងរាល់ពីរសប្តាហ៍ម្តង ហើយមេរោគបំប្លែងខ្លួនថ្មី XBB1.5 តំណាងឱ្យភាគច្រើននៃករណីឆ្លង។
ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានបញ្ជាក់ឱ្យដឹងថា កូវីដប្រភេទថ្មីនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ២៩ប៉ុណ្ណោះគិតមកទល់ពេលនេះ ហើយបានព្រមានឱ្យមាការប្រុងប្រយ័ត្នខ្ពស់បំផុតដោយសារតែការឆ្លងដ៏លឿនរបស់វា។
តើហេតុអ្វីបានជា XBB1.5 អាចចម្លងបានលឿន?
មែនទែនទៅកូវីដបំប្លែងខ្លួនថ្មី XBB1.5 មានការឆ្លងកាន់តែច្រើន ដោយសារតែការវិវត្តផ្លាស់ប្តូរពី DNA នៃមេរោគមេរបស់វាគឺ Omicron ដែលអនុញ្ញាតឱ្យមេរោគនេះអាចជាប់នឹងកោសិកាមនុស្ស និងចម្លងបានយ៉ាងងាយស្រួល។ អង្គការសុខភាពពិភពលោកមិនទាន់មានទិន្នន័យជាក់លាក់ណាមួយ នៅឡើយទេអំពីភាពធ្ងន់ធ្ងរនៃ XBB1.5 នេះ។ អ្នកជំនាញមេរោគកូវីដជឿថា រោគសញ្ញានៃការឆ្លងគឺស្រដៀងទៅនឹងប្រភេទ Omicron ផ្សេងទៀតផងដែរ។
តើមនុស្សប្រភេទណាខ្លះ ដែលអាចមានហានិភ័យខ្ពស់នៃការឆ្លង XBB1.5?
បើតាមសាស្ត្រាចារ្យជំនាញខាងមេរោគឆ្លងលោក រ៉ាវីនដ្រា ហ្គូបតា (Ravindra Gupta) មកពីសាកលវិទ្យាល័យ Cambridge បាននិយាយថា ខណៈពេលដែលប្រជាជនភាគច្រើនមិនចាំបាច់ព្រួយបារម្ភពីមេរោគបំប្លែងខ្លួនចុងក្រោយនេះ ប៉ុន្តែការកើនឡើងនៃករណីឆ្លងគួរតែមានការព្រួយបារម្ភចំពោះក្រុមអ្នកដែលងាយរងគ្រោះ ដោយរាប់បញ្ចូលទាំងមនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបាន ឬមិនអាច ទទួលបានថ្នាំបង្ការជាដើម។
ជាក់ស្តែង ទីក្រុងហូជីមិញ នៃប្រទេសវៀតណាមកាលពីនៅថ្ងៃពុធសប្តាហ៍មុនបានប្រកាសរកឃើញមេរោគបំប្លែងថ្មីប្រភេទនេះជាលើកដំបូង ក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន ៥២៦នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN express។
តើវ៉ាក់សាំងបច្ចុប្បន្នអាចការពារតតាំងជាមួយមេរោគបំប្លែងខ្លួនថ្មីនេះដែរទេ?
សាស្រ្តាចារ្យជំនាញខាងមេរោគឆ្លងលោក Gupta ជឿជាក់ថា ការចាក់វ៉ាក់សាំងដែលគេកំពុងមានបច្ចុប្បន្ន នៅតែបន្តជាវិធានការគន្លឹះក្នុងការការពារប្រឆាំងនឹងមេរោគចុងក្រោយនេះ។
តើ XBB1.5 ដែលបែកចេញពី Omicron អាចក្លាយវិវត្តខ្លួនទៅជាមេរោគបំប្លែងខ្លួនមេ ដាច់ដោយឡែកមួយទៀតទេ?
XBB1.5 ដែលត្រូវបានគេរំពឹងថានឹងរីករាលដាលពាសពេញពិភពលោក អាចមានឱកាសសម្រាប់ការវិវត្តខ្លួនជាមេរោគមេថ្មីមួយទៀត។ ក្នុងន័យនេះ ដរាបណាមានការឆ្លងរាលដាលកាន់តែច្រើន និងអូសបន្លាយពេលកាន់តែយូរ នោះលទ្ធភាពនៃការបំប្លែង និងវិវត្តខ្លួនរបស់មេរោគ នឹងនៅតែមាន៕