ថៃ ដំឡើងអត្រាការប្រាក់គោល ជាលើកទី៤ ក្នុងរយៈពេលកន្លះឆ្នាំ

ធនាគារថៃដំឡើងអត្រាការប្រាក់គោលជាលើកទី៤ជាប់ៗគ្នាហើយ ដើម្បីទប់ទល់នឹងកំណើនអតិផរណា


ធនាគារកណ្តាលប្រទេសថៃកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ បានសម្រេចដំឡើងអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀត ពោលគឺធ្វើឱ្យអត្រាការប្រាក់សរុបឡើងដល់១,៥%។ នេះជាការដំឡើងអត្រាការប្រាក់គោល លើកទី៤ជាប់ៗគ្នាក្នុងរយៈពេល៦ខែមកនេះ ដើម្បីទប់ទល់នឹងអតិផរណាដែលនៅតែមានកម្រិតខ្ពស់ក្នុងប្រទេស។ ការដំឡើងអត្រាការប្រាក់គោលនេះ នឹងបន្តធ្វើឡើងបន្តិចម្តងៗ រហូតទាល់តែអតិផរណាធ្លាក់ចុះមកត្រឹមគោលដៅកំណត់របស់ធនាគារកណ្តាលថៃ ដែលត្រូវបានរំពឹងថានឹងសម្រេចឱ្យបាននៅត្រឹមចុងឆ្នាំ២០២៣នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ធនាគារថៃដំឡើងអត្រាការប្រាក់គោលជាលើកទី៤ជាប់ៗគ្នាហើយ ដើម្បីទប់ទល់នឹងកំណើនអតិផរណា

លោក ពិទិ ឌីសយ៉ាតាត(Piti Disyatat) លេខាធិការគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបាននិយាយថា ការដំឡើងអត្រាការប្រាក់នេះ នឹងធ្វើឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ ដែលជាការសមស្របសម្រាប់បរិយាកាសសេដ្ឋកិច្ចថៃ។ យ៉ាងណាមិញ គណៈកម្មាធិការនេះ ក៏នឹងពិចារណាកំណត់នូវអត្រាការប្រាក់រយៈពេលវែងក្នុងកិច្ចប្រជុំនាពេលខាងមុខផងដែរ។ លោក ពិទិ បញ្ជាក់ថា ធនាគារកណ្តាលថៃនឹងបន្តដំឡើងអត្រាការប្រាក់គោលបន្តិចម្តងៗ នៅក្នុងឆ្នាំ២០២៣នេះ រហូតទាល់តែអតិផរណាជាមធ្យមនឹងធា្លក់ចុះទៅដល់គោលដៅកំណត់ ដែលនឹងអាចសម្រេចបាននៅត្រឹមចុងឆ្នាំ២០២៣នេះ។

បើទោះបីជា អត្រាអតិផរណានៅក្នុងប្រទេសថៃ ស្រកចុះបន្តិចពីចំណុចកំពូល ៧,៨៦% នៅក្នុងខែសីហា មកនៅត្រឹម៥,៨៩%ក្នុងខែធ្នូកន្លងទៅក្តី ប៉ុន្តែវានៅតែជាអត្រាខ្ពស់ឆ្ងាយពីគោលដៅរបស់ធនាគារកណ្តាល ដែលបានកំណត់ត្រឹម ១% ទៅ ៣% ប៉ុណ្ណោះ។

គួររំឭកថា កាលពីខែសីហាឆ្នាំ២០២២ ធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំកន្លងមកនេះ ក្នុងអត្រា ០,៧៥% ដើម្បីដោះស្រាយបញ្ហាអតិផរណា ដែលឡើងខ្ពស់។ ការដំឡើងអត្រាការប្រាក់គោលនេះ បានធ្វើឡើងជាបន្តបន្ទាប់មកទៀត នៅក្នុងខែកញ្ញា វិច្ឆិកា និងខែមករានេះ។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុបានឱ្យដឹងទៀតថា សេដ្ឋកិច្ចថៃត្រូវបានព្យាករថា នឹងបន្តកើនឡើងតាមរយៈការជំរុញពីវិស័យទេសចរណ៍ ដែលជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញបានឆាប់រហ័ស ជាពិសេសគឺការវិលត្រឡប់របស់ភ្ញៀវទេសចរចិន។ កត្តានេះ នឹងជួយចូលរួមចំណែកផ្តល់ការងារ និងចំណូលកាន់តែប្រសើរក្នុងវិស័យនេះ ហើយនិងគាំទ្រដល់កំណើននៃការប្រើប្រាស់ឯកជនផងដែរ។

ធនាគារកណ្ដាលថៃ មិនបានបង្ហាញពីការព្យាករចុងក្រោយចចំពោះអតិផរណា និងកំណើនសេដ្ឋកិច្ចរបស់ខ្លួននោះទេ ប៉ុន្ដែ លេខាធិការគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានអះអាងថា សេដ្ឋកិច្ចថៃ នឹងអាចងើបឡើងជិតដល់កម្រិតនៅមុនកូវីដ១៩រាតត្បាត នៅឆ្នាំហើយនឹងបន្ដកំណើននៅឆ្នាំ២០២៤។

អាជ្ញាធរទេសចរណ៍ថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរពីប្រទេសចិនចំនួន៤លាននាក់ និងភ្ញៀវបរទេសសរុប២៥លាននាក់នៅឆ្នាំ២០២៣។ ទោះយ៉ាងណា ចំនួននេះគឺនៅទាបជាងឆ្នាំ២០១៩ ជាពេលមុនផ្ទុះកូវីដ១៩ ដែលទទួលបានភ្ញៀវសរុប ៣៩លាននាក់។

សូមជម្រាបថា ធនាគារកណ្តាលនៅអាស៊ីអាគ្នេយ៍ បានផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយរូបិយវត្ថុរិតត្បិតជាងមុន ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដំឡើងអត្រាការប្រាក់គោលដល់កម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុនគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ដៃជាមួយក្រុមហ៊ុនកូរ៉េធំមួយ ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រឹក្សាយោបល់សម្រាប់ឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះហត្ថលេខាលើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Luxury Business Group Korea ដ…

ក្រុមហ៊ុន Tesla រកចំណូលបានលើសពីការរំពឹងទុក ទោះមានលក់រថយន្តបញ្ចុះតម្លៃក៏ដោយ

ព័ត៌មាន
ក្រុមហ៊ុនរថយន្តយក្សអាមេរិក Tesla បានប្រកាសកាលពីថ្ងៃទី២៥ខែមករាថា ខ្លួនរក ចំណូល និងចំណេញប្រាក់សុទ្ធបានលើសពីការរំពឹងទុករបស់ Wall Street…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ