ខ្ទង់ចំណាយកម្ពុជាអំឡុងកូវីដ១៩

២ឆ្នាំកម្ពុជាចាយជិត២ពាន់លានដុល្លារ ដោះស្រាយវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការអន្តរាគមន៍ចំនួន៨ជុំហើយ ដែលសរុបជាទឹកប្រាក់មានប្រមាណជាង១ពាន់១រយលានដុល្លារ ហើយសម្រាប់ឆ្នាំ២០២១នេះ នឹងបន្ថែមថវិកាជាង៧០០លានដុល្លារទៀតសរុបទៅ ២ឆ្នាំនេះ កម្ពុជាបាននិងកំពុងចំណាយថវិកាជិត២ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ កំពុងយកសំណាកនិងទិន្នន័យពលរដ្ឋអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍
ដោយ

តើ​កម្ពុជា​នៅ​មាន​សមត្ថភាព​ប៉ុនណា​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​នេះ? ហើយ​កម្ពុជា​អាច​បន្ដ​ទ្រទ្រង់​ស្ថានការណ៍​ដ៏​លំបាក​នេះ បាន​ដល់​ពេល​ណា?

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បណ្ដា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លើក​ទី ២៥ និង​កិច្ចប្រជុំ​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្ដាល​អាស៊ាន​លើក​ទី ៧ នា​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម វ​ង្សី វិស្សុត​រដ្ឋមន្ត្រី​ប្រតិភូ​អម នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​គ្រប់គ្រង​ផល​ប៉ះពាល់​មក​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​ការណ៍​អន្តរាគមន៍​ចំនួន​៨​ជុំ ដែល​សរុប​ជា​ទឹកប្រាក់ ដែល​រដ្ឋ​បាន​ចំណាយ​មាន​ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ហើយ​ឆ្នាំ​២០២១​នេះ នឹង​បន្ថែម​ប្រមាណ ជាង​៧០០​លាន​ដុល្លារ​ទៀត សរុប​ទៅ នៅ​២​ឆ្នាំ​នេះ កម្ពុជា​ចំណាយ​ជាង​១​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

ឯកឧត្តម វ​ង្សី វិស្សុត បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ឆ្នាំ​២០២១-២០២៣ ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន ៣ រួម​មាន​៖

១, ការ​ងើបឡើង​វិញ និង​ការ​រស់រាន (Revival and Survival)៖ ការ​កសាង​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច

២, ការ​កែទម្រង់ (Reform)៖ ប្រែក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច

៣, ការ​លើកកម្ពស់​ភាព​ធន់ (Resilience)៖ ពង្រឹង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា ទៅ​នឹង​វិបត្តិ​ដែល​នឹង​អាច​កើតឡើង​នា​ពេល​អនាគត​។

ចំពោះ​សមត្ថភាព​នៃ​ការ​គ្រប់គ្រង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ឯកឧត្តម​វ​ង្សី វិស្សុត បាន​អះអាង​ថា ដ្បិតតែ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​មែនពិត ប៉ុន្ដែ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​លុយ​គ្រប់គ្រាន់​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ អ្វី​ដែល​បារម្ភ​នោះ គឺ​ខ្លាច​តែ​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ទិញ​យក​មក​ចាក់​ជូន​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។ ឯកឧត្តម បាន​គូសបញ្ជាក់​ទៀត​ថា នៅ​ដំណាច់ឆ្នាំ​២០២១​នេះ កម្ពុជា​នឹង​មាន​វ៉ាក់សាំង​មិន​តិច​ជាង​១០​លាន​ដូ​ស​នោះ​ទេ ដែល​ត្រូវ​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

ទោះជា​យ៉ាងណា រលក​ឆ្លង​ថ្មី​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​កម្ពុជា កំពុង​តែ​បង្ក​ជា​ហានិភ័យ​ធំ​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ ដោយ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ អាច​នឹង​ប្រឈម​នឹង​ការ​ថមថយ​ចុះ​ជាង​អ្វី​ដែល​បាន​ព្យាករ​ថា​នឹង​កើន ៤%​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ ឯកឧត្តម វ​ង្សី វិស្សុត បាន​គូសបញ្ជាក់​ដែរ​ថា ចំពោះ​បញ្ហា​រលក​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ជា​ការ​ពិត បើសិនជា​វា​អូស​បន្លាយ​យូរ​ជាង​នេះ​ទៀត វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​ខ្លាំង ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​កំណើន​មាន​ទាប​ជាង​អ្វី​ដែល​រាជរដ្ឋាភិបាល​ព្យាករ​ទុក​។

ឯកឧត្តម វ​ង្សី វិស្សុត បាន​សង្កត់ធ្ងន់​ថា បើសិនជា​បញ្ហា​កូ​វី​ដ​-១៩ នៅ​បន្ដ​រាលដាល​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ទៀត នោះ​កម្ពុជា​អាច​នឹង​នៅ​មាន​សមត្ថភាព​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទប់ទល់ ប៉ុន្ដែ​បើ​នៅ​បន្ដ​អូស​បន្លាយ​យូរ​ជាង​នេះ​ទៀត នោះ​ឯកឧត្តម​មិន​ហ៊ាន​សន្និដ្ឋាន​ទេ​។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២១​នេះ​កម្ពុជា​នឹង​មាន​កំណើនសេដ្ឋកិច្ច ៤%​និង​បន្ដ​កើនឡើង ៥,២% នៅ​ឆ្នាំ​២០២២ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង​-៣% កាលពី​ឆ្នាំ​២០២០៕

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ីបង់ជាង៧៦លានដុល្លារឲ្យសិង្ហបុរីទាក់ទងរឿងលុបចោលគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន

ប្រទេសម៉ាឡេស៊ីបានសម្រេចសងសំណងជាទឹកប្រាក់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ទៅឲ្យប្រទេសសិង្ហបុរី ដើម្បីលុបកុងត្រាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿ…

ការនាំចេញទៅវៀតណាមហក់ឡើងខ្ពស់ ខណៈការនាំចេញទៅថៃធ្លាក់ចុះខ្លាំង ហេតុអ្វី?

ការនាំចេញរបស់កម្ពុជាទៅវៀតណាម បានកើនឡើងយ៉ាងគំហុកដល់ទៅជាង៣០០% ឯណោះនៅ២ខែ ដំបូងនៃឆ្នាំ២០២១នេះ ខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ