ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជិតខាង

ការនាំចេញទៅវៀតណាមហក់ឡើងខ្ពស់ ខណៈការនាំចេញទៅថៃធ្លាក់ចុះខ្លាំង ហេតុអ្វី?


ការនាំចេញរបស់កម្ពុជាទៅវៀតណាម បានកើនឡើងយ៉ាងគំហុកដល់ទៅជាង៣០០% ឯណោះនៅ២ខែ ដំបូងនៃឆ្នាំ២០២១នេះ ខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃវិញ មានការធ្លាក់ចុះជាង៤០% នៅពីរខែដំបូងឆ្នាំ២០២១នេះ។ តើមានកត្តាអ្វីដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅប្រទេសក្បែរខាងទាំងពីរនេះ មានមួយឡើង មួយចុះយ៉ាងដូច្នេះ?
រូបតំណាង៖ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាង

បើ​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០២១ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១​ពាន់ ៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​ធ្លាក់​ចុះ​ជាង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ផលិតផល​ទៅ​ថៃ សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់ ២២៥​លាន​ដុល្លារ​ធ្លាក់​ចុះ​៤៧% ខណៈ​កម្ពុជា​នាំ​ចូល​ពី​ថៃ​មក​វិញ​មាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ កើនឡើង​១១%​។

ដោយឡែក របាយការណ៍​ការ​ពី​ការិយាល័យ​ស្ថិតិ​ពាណិជ្ជកម្ម​វៀតណាម​បាន​បង្ហាញ​ថា ពីរ​ខែ​ដើមឆ្នាំ​២០២១ នេះ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម សម្រេច​បាន​ជាង ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៣០០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ ការ​នាំ​ចេញ​របស់​វៀតណាម​មក​កាន់​កម្ពុជា​វិញ​សម្រេច​បាន​ជាង ៧០០​លាន​ដុល្លារ កើនឡើង ៨,៦%​។ សរុប​ជា​រួម​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​នៅ​២​ខែ ដំបូង​ឆ្នាំ​២០២១ មាន​ជាង ១,៣ ពាន់​លាន​ដុល្លារ កើនឡើង​៦៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ផលិតផល​ដែល​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​វៀតណាម​កើនឡើង​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​វៀតណាម និង​ថៃ​មាន​មួយ​ឡើង​មួយ​ចុះ​យ៉ាង​ដូច្នេះ ដោយសារ​កត្តា​តម្រូវការ និង​ការ​ដឹក​ជញ្ជូន គួប​ផ្សំ​នឹង​ការ​ជួយ​សម្របសម្រួល​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​។ ការ​លើកលែង​ពន្ធ​នាំ​ចូល​លើ​ផលិតផល​មួយ​ចំនួន​របស់​ប្រទេស​ទាំង​ពីរ ក៏​កត្តារួម​ចំណែក​មួយ​ផង​ដែរ​។

ឯកឧត្តម បន្ថែម​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​ដើមឆ្នាំ​២០២១​នេះ ក្រៅពី​ចរន្ត​នៃ​ការ​នាំ​ចេញ​ទំនិញ​ដែល​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ទោះជា​មានការ​ប៉ះពាល់​ខ្លះ​ៗ​ដោយសារ​ជម្ងឺ​រាតត្បាត​កូ​វី​ដ​-១៩​ក៏​ដោយ​។ ជាមួយ​គ្នា​នោះ កំណើន​នៃ​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​វៀតណាម​សម្រាប់​កែ​ច្នៃ​លក់​បន្ត និង សំរាប់​ទីផ្សារ​ក្នុងស្រុក​ក៏​មាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ ចរន្ត​នាំ​ចេញ​ទាំង​នៅ​តាម​ច្រក​អន្តរជាតិ ក៏​ដូច​ជា​ច្រក​ផ្សេង​ទៀត​ប្រព្រឹត្ត​ទៅ​ធម្មតា និង​មានការ​សំរួល​ទាំង​បែបបទ​និង​នីតិវិធី​នានា​ដើម្បី​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​កាលៈទេសៈ​នេះ​។

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ខុស​ប្លែក​ពី​វៀតណាម ក្រសួងពាណិជ្ជកម្ម​ឃើញ​ថា ច្រក​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ មានការ​រាំងស្ទះ​ខែ​ដំបូង​ដើមឆ្នាំ ដោយសារ​រង់ចាំ​ការ​រៀបចំ​បែបបទ​ទាំង​សងខាង​សម្រាប់​វិធានការ​ការពារ​កូ​វី​ដ​-១៩​។ តាម​ព​ត៌​មាន​ពី​មាត់ច្រក​នាំ​ចេញ​ក្នុង​ខេត្តបាត់ដំបង គឺ​ច្រក​ភ្នំព្រឹក និង ច្រក​ភ្នំ​ដី​/​សំពៅ​លូន នៅ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​កសិផល​ដូច​ជា​ពោត​,​ដំឡូង​, កសិផល​ផ្សេង​ទៀត​មាន​ចរន្ត​ធម្មតា​, ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​តាម​ច្រក​ទាំងនេះ ថយ​ចុះ ឬ​ស្ទើរតែ​គ្មាន ដោយ​ភាគច្រើន​បែរ​នាំ​ចេញ​តាម​ប្រទេស​វៀតណាម​វិញ​។ នៅ​ច្រក​កោះកុង​/​ចាំ​យាម ការ​នាំ​ចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការ​នាំ​ចេញ​ជលផល​ក៏​មាន​សភាព​ធម្មតា​ដែរ​។

ចំណែក​ច្រក​ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ​វិញ មានការ​នាំ​ចេញ​ពោត​,​ដំឡូង​,​ស្វាយ​,​មៀន​ប៉ៃលិន ដែល​បច្ចុប្បន្ន​មាន​សភាព​ធម្មតា ក្រោយ​ពី​ការ​រាំងស្ទះ​ខ្លះ​ៗ​នៅ​ដើមឆ្នាំ​ដោយសារ​ការ​រៀបចំ​បែបបទ​សម្រាប់​ការពារ​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​។ លើស​ពី​នេះ ការ​រឹតត្បិត​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក៏​ជា​បញ្ហា​មួយ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​ថៃ​មានការ​ជួ​ប្រឈម​នឹង​បញ្ហា​ខ្លះ​ៗ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​សម្រេច​បាន​ជាង​៣​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​១% ធៀប​នឹង​ឆ្នាំ​២០១៩​។ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​មាន​ជាង​៣៨៥​លាន​ដុល្លារ កើនឡើង​ជី​ត​១៥% ខណៈ​ដែល​នាំ​ចូល​ពី​វៀតណាម​មក​វិញ​មាន​ជាង​២.៦០០​លាន​ដុល្លារ​ធ្លាក់​ចុះ​ជាង​៣%​។

ដោយឡែក ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​វិញ សម្រេច​បាន​ជាង​ត្រឹមតែ​ជាង ៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ រអិល​ធ្លាក់​ចុះ​២៣% ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ធ្លាប់​មាន​ដល់​ទៅ​ជាង ៩​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​តួលេខ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ មាន​តម្លៃ​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​មានការ​ធ្លាក់​ចុះ​ដល់​ទៅ ៤៩% ធៀប​នឹង​ឆ្នាំ​២០១៩ ខណៈ​ដែល​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​វិញ មាន​ជាង​៦​ពាន់​លាន​ដុល្លារ​ធ្លាក់​ចុះ ១៥%​។ តាម​តួលេខ សបញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ថៃ​ដល់​ទៅ ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២ឆ្នាំកម្ពុជាចាយជិត២ពាន់លានដុល្លារ ដោះស្រាយវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការអន្តរាគមន៍ចំនួន៨ជុំហើយ ដែលសរុបជាទឹក…

បញ្ហានៅភូមានឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែមេសានេះ

ព័ត៌មាន
បើតាមប្រភពពីររដ្ឋមន្ត្រីការបរទេសថៃ បានឲ្យដឹងថា បញ្ហាដែលកំពុងកើតឡើងនៅភូមា រួមទាំងបញ្ហារបស់ជនជាតិការ៉ែនផងដែរ នឹងត្រូវលើកយកមកពិភាក្សាក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ