វិស័យធនាគារ

តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងណានៅពេញមួយឆ្នាំ២០២៣នេះ?


អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា រយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យធនាគារ និងហិរញ្ញរបស់កម្ពុជា នៅតែអាចរក្សាបាននូវភាពរឹងមាំ បើទោះជាវិស័យនេះបន្តរងសម្ពាធពីវិបត្តិសាកលនានាក៏ដោយចុះ។ ជាក់ស្ដែង វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រពាណិជ្ជកម្មបរទេស និងបង្កើនភាពទាក់ទាញរបស់វិនិយោគិនបរទេស ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុប្រៀបដូចជាបេះដូងសម្រាប់គាំទ្រដល់ដំណើរការសេដ្ឋកិច្ចជាតិ។
វិស័យធនាគារ
ដោយ

ទោះបីឆ្នាំ២០២៣ វិស័យធនាគារ និងហិរញ្ញវត្ថុ ហាក់ស្ថិតក្នុងស្ថានភាពយ៉ាប់យឺនជាងឆ្នាំ២០២២ ប៉ុន្តែក្រុមអ្នកជំនាញក្នុងវិស័យនេះ នៅតែបង្ហាញសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៤ វិស័យធនាគារ និងហិរញ្ញវត្ថុនឹងប្រសើរជាងឆ្នាំ២០២៣ តាមរយៈការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា ជាបន្តន្ទាប់ តួយ៉ាងដូចជា ការអភិវឌ្ឍធនាគារឌីជីថល ជាដើម ដែលកាន់តែរួមចំណែកសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើនការទាក់ទាញការវិនិយោគ។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ នៃធនាគារអេស៊ីលីដា កត់សម្គាល់ឃើញថា រយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ បើតាមអ្នកជំនាញរូបនេះ ដ្បិតកន្លងមក វិស័យធនាគារ និងហិរញ្ញវត្ថុបានជួបប្រទះបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ក្តី ប៉ុន្តែវិស័យនេះនៅតែរឹងមាំជាមួយនឹងការរក្សាបាននូវកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើសន្សំ។ សម្រាប់លោកស្រី ម៉ារ អមរា ដ្បិតឆ្នាំ២០២៣ វិស័យនេះបានជួបបញ្ហាប្រឈមច្រើន ជាពិសេសការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ និងអត្រាការប្រាក់ខ្ពស់ ក៏ដោយចុះ ប៉ុន្តែលោកស្រីនៅតែសម្លឹងឃើញថា ឆ្នាំ២០២៤ វិស័យធនាគារ និងហិរញ្ញវត្ថុនឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្រោយលោកស្រីកត់សម្គាល់ឃើញថា វិស័យនេះត្រូវបានគាំទ្រយ៉ាងពេញទំហំងពីរាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើគោលនយោបាយ និងបទប្បញ្ញត្តិប្រកបដោយការប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសការទន្ទឹងរង់ចាំនៃអន្តរាគមន៍ និងកម្មវិធីគាំទ្ររបស់រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយកង្វល់ទាក់ទងនឹងកម្ចីមិនដំណើរការ និងជំរុញសកម្មភាពសេដ្ឋកិច្ច។ លើសពីនេះការកែលម្អដែលបានព្យាករណ៍នៅក្នុងកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ រួមជាមួយនឹងសន្ទុះ ដែលកំពុងបន្តក្នុងការច្នៃប្រឌិតឌីជីថល បង្ហាញពីឱកាសដ៏ជោគជ័យសម្រាប់ fintech និងធនាគារឌីជីថល ដើម្បីបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ច។

បើតាមលោកស្រី ម៉ារ អមរា ស្ថិតក្នុងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ធនាគារ អេស៊ីលីដា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិជាតិ ជាពិសេសតាមរយៈ អេស៊ីលីដា ម៉ូបាល ដែលជាអេបតែមួយអាចប្រើបានគ្រប់តម្រូវការពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទស។ មធ្យោបាយទូទាត់របស់វិស័យធនាគារ បានជួយសម្រួលដល់ការទូទាត់ឆ្លងប្រទេសតាម QR Code ជាដើម និង ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការផ្តល់សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ក្នុងការធានាដល់អ្នកនាំចូល-នាំចេញ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត តាមរយៈធនាគារដែលលោកអ្នកជឿទុកចិត្ត។ សេវាកម្មទាំងនេះបានជួយកាត់បន្ថយហានិភ័យដែលទាក់ទងនឹងពាណិជ្ជកម្មឆ្លងដែន ដោយធានានូវប្រតិបត្តិការទាន់ពេលវេលា និងសុវត្ថិភាពរវាងភាគីពាក់ព័ន្ធ។

លើសពីនេះ ធនាគារបានដើរតួនាទីជាអន្តរការីក្នុងការសម្របសម្រួលការទូទាត់ និងជំរុញលំហូរពាណិជ្ជកម្មសកលកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន។ ជាងនេះទៅទៀត វិស័យធនាគារបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគ្រប់គ្រងហានិភ័យសម្រាប់អ្នកវិនិយោគបរទេស។ តាមរយៈសេវាកម្មដូចជាគម្រោងហិរញ្ញប្បទាន ការប្រឹក្សាការវិនិយោគ និងការវាយតម្លៃហានិភ័យ ធនាគារជួយវិនិយោគិនក្នុងការរុករកភាពស្មុគស្មាញ នៃទីផ្សារបរទេស។ ការគាំទ្រនេះជំរុញឱ្យមានបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេសដោយផ្តល់នូវសុវត្ថិភាពប្រឆាំងនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។

ដោយឡែក លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ បានកត់សម្គាល់ឃើញថា នៅពេញមួយឆ្នាំ២០២៣នេះ ស័យធនាគារ និងហិរញ្ញរបស់កម្ពុជា នៅតែអាចរក្សាបាននូវភាពរឹងមាំ បើទោះជាវិស័យនេះ បន្តរងសម្ពាធពីវិបត្តិសាកលនានា ក៏ដោយចុះ។ ប៉ុន្តែ បើទោះជាបែបនេះក្ដី សម្ររាប់អ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយនេះផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិសកលនានា ហាក់ចាប់ផ្ដើមថមថយ និងធ្វើឲ្យឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា មានកំណើនជាវិជ្ជមាន។ ដ្បិតថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ហាក់មិនទាន់មានស្ថិរភាព ប៉ុន្តែសម្រាប់លោក គា បូរាណ នៅតែមានគំនិតសុទិដ្ឋិនិយមចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០២៤ ថា នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។

សូមបញ្ជាក់ថា ចំពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាបានលេចចេញជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងជំរុញកំណើន។ តាមការព្យាករណ៍របស់ IMF និង World Bank សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងកំណើនប្រមាណ៥.៣%ទៅ៥.៥% សម្រាប់ឆ្នាំ២០២៣ និងអាចកើនដល់៦%ទៅ៦.១% នៅឆ្នាំបន្ទាប់។ ដំបូងឡើយ ធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ដោយការអនុវត្តវិធានការណ៍ដែលដឹកនាំ និងណែនាំដោយធនាគារជាតិនៃកម្ពុជា។ វិធានការទាំងនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ហាប្រឈមសេដ្ឋកិច្ច។ តាមរយៈអន្តរាគមន៍ជាយុទ្ធសាស្ត្រ ដូចជាការកែសម្រួលអត្រាការប្រាក់ ការផ្តល់ការគាំទ្រសាច់ប្រាក់ងាយស្រួល និងការអនុវត្តកម្មវិធីផ្តល់ប្រាក់កម្ចីតាមគោលដៅ ធនាគារបានធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងជួយបង្កើនទំនុកចិត្តទាំងក្នុងអាជីវកម្ម និងអ្នកប្រើប្រាស់។ លើសពីនេះ វិស័យធនាគារបានជួយសម្រួលយ៉ាងសកម្មក្នុងការទទួលបានដើមទុន បម្រើជាខ្សែជីវិតហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងបុគ្គលដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមដូចជាការពង្រីកខ្សែឥណទាន ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី និងការណែនាំផែនការសងត្រលប់ដែលអាចបត់បែនបាន ធនាគារបានគាំទ្រសហគ្រាសក្នុងការរក្សាភាពបន្តនៃប្រតិបត្តិការ និងបុគ្គលក្នុងការគ្រប់គ្រងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ៕

None



អត្ថបទបន្ទាប់


គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង២៤០លានដុល្លារ នឹងបញ្ចប់នីតិវិធីផ្សេងៗនៅត្រីមាសទី១ឆ្នាំក្រោយ

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅអរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ នឹងបញ្ចប់នីតិវិធីនានា នៅអំឡ…

មហាយក្សចិន និងរុស្ស៊ីឈប់ប្រើប្រាក់ដុល្លារអាម៉េរិកស្ទើរតែទាំងស្រុងក្នុងពាណិជ្ជកម្មទ្វេភាគី

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក មីខាអ៊ីល មូស៊ូទីន (Mikhail Mishustin) បានទម្លាយឱ្យដឹងថា មហាយក្សចិនដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ