វិស័យធនាគារ

តើវិស័យធនាគារដើរតួនាទីសំខាន់យ៉ាងណាក្នុងការជួយទាក់ទាញវិនិយោគិន និងការធ្វើពាណិជ្ជកម្ម?


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រៀបដូចជាបេះដូងក្នុងការជួយទ្រទ្រង់ដំណើរការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាជួយជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគនៅកម្ពុជា។ ស្របពេលបច្ចុប្បន្ន វិនិយោគិនបរទេសកាន់តែច្រើនបានបង្ហាញការអារម្មណ៍វិនិយោគនៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យប្រព័ន្ធធនាគារនៅកម្ពុជា បង្កើនការផ្តល់សេវាកម្មឲ្យកាន់តែទូលំទូលាយសំដៅធានាបាននូវសុខភាពសេដ្ឋកិច្ចឲ្យកាន់តែប្រសើរ។
វិស័យធនាគារ
ដោយ

ជាក់ស្តែងធនាគារជាតិនៃកម្ពុជា កាលពីពេលកន្លងទៅបានធ្វើទំនើបកម្មប្រព័ន្ធធនាគារ និងតភ្ជាប់ការទូទាត់អន្តរជាតិ តាមរយៈ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗ កាន់តែងាយស្រួល សំដៅជួយជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ សម្រាប់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ កត្តានេះបានជំរុញឱ្យសម្ដេចធិបតី ប្រៀបប្រដូចធនាគារ គឺជាបេះដូងដែលប្រមូលផ្តុំដោយសរសៃឈាមសម្រាប់ចិញ្ចឹមសរីរាង្គសេដ្ឋកិច្ច ហើយប្រសិនបើបេះដូងនេះបញ្ហាសេដ្ឋកិច្ចកម្ពុជា ក៏អាចមានបញ្ហាដូចគ្នា។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា គឺមិនអាចកាត់ផ្តាច់ពីវិស័យធនាគារនោះទេ ពោលគឺភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា គឺមានការចូលរួមចំណែកពីវិស័យនេះ។ កត្តានេះហើយបានជំរុញឱ្យធនាគារជាតិនៃកម្ពុជាបានខិតខំធ្វើទំនើបកម្មប្រព័ន្ធធនាគារ ជាពិសេសការតភ្ជាប់ការទូទាត់ឆ្លងព្រំដែនជាមួយប្រទេសដទៃតាមរយៈ QR Code ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ។

ជាមួយគ្នានេះ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសនារយៈពេល១០ឆ្នាំចុងក្រោយនេះ។ សំខាន់ក៏ដោយសារ វិស័យនេះបានជួយផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មនានា ក្នុងការចាប់ផ្ដើម និងពង្រីកអាជីវកម្ម។ បើតាមអ្នកជំនាញរូបនេះ បើទោះបីសេដ្ឋកិច្ចពិភពលោកប្រឈមនឹងវិបត្តិសេដ្ឋកិច្ចខ្លាំង ប៉ុន្តែសម្រាប់ឥណទានក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា នៅតែមានកំណើនតិចតួចនៅឆ្នាំនេះ។ ខណៈធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា នៅតែមានភាពរឹងមាំ ក៏ដូចជា មានលទ្ធភាពក្នុងការផ្ដល់ឥណទានសម្រាប់អតិថិជន ដើម្បីអាចឲ្យម្ចាស់អាជីវកម្មមានលទ្ធភាពទ្រទ្រង់ និងស្ដារអាជីវកម្មរបស់ខ្លួនអំឡុងជួបវិបត្តិសាកលនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ បើតាមបណ្ឌិត ហុង វណ្ណៈ ភាពរឹងមាំនៃវិស័យ​ធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនបរទេស។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើទំនើបកម្មប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា នាពេលនាកន្លងមក តាមរយៈការទូទាត់តាមប្រមូលឌីជីថល ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើពាណិជ្ជកម្ម។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ដើម្បីឱ្យវិស័យធនាគារនៅកម្ពុជា កាន់តែរីកចម្រើន ក៏ទាមទារពឹងផ្អែកលើវិស័យដទៃ រួមទាំងសេដ្ឋកិច្ចរបស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហើយវិស័យនេះប្រៀបបាននឹងសសៃឈាមក្នុងការជួយគាំទ្រជាដើមទុនសម្រាប់វិស័យផ្សេងៗទៀត ក្នុងការពង្រើកអាជីវកម្ម និងផលិតកម្ម។ ប៉ុន្តែបើទោះជាបែបនេះក្ដី សម្រាប់លោក កាំង តុងងី ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗ មួយចំនួន រួមទាំងកង្វះនូវចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមពលរដ្ឋខ្មែរផងដែរ។ ម្យ៉ាងវិញទៀត វិស័យហិរញ្ញវត្ថុ ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយវិស័យផ្សេងៗទៀត ដូចនេះនៅពេលវិស័យផ្សេងៗជួបបញ្ហា ដូចជាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ វិស័យហិរញ្ញវត្ថុក៏រងផល់ប៉ះពាល់ដោយប្រយោលផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាសេដ្ឋកិច្ចសកលអាចធ្វើឱ្យការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត តម្លៃ១,៥០០លានដុល្លារ មានភាពយឺតយ៉ាវទេ?

ព័ត៌មាន
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ដែលជាកំពង់ផែទឹកជ្រៅ មានទំហំ៦រយហិកតា និងបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែឧសភា…

ហានិភ័យធំៗ៤ ដែលវិស័យអចលនទ្រព្យថៃ ងាយរងគ្រោះនៅឆ្នាំក្រោយ ដែលកម្ពុជាមិនគួរមើលរំលេង

ព័ត៌មាន
ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍មួយបានព្យាករថា មានកត្តាចំនួន៤ អាចនឹងជះផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យអចលនទ្រព្យនៅប្រទេសថៃ ក្នុងឆ្នាំ២០២៤ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ