ពិធីបើកការដ្ឋាន បុកគ្រឹះសាងសង់ ជាផ្លូវការសណ្ឋាគារអន្តរជាតិ MERCURE HOTEL PHNOM PENH នេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួម ពីសំណាក់ លោកឧកញ៉ា លោក- លោកស្រី- អ្នកនាងកញ្ញា-ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងដៃគូពាណិជ្ជកម្មជាច្រើន។
លោកឧកញ៉ា លឹម កុកឡុង ជាអគ្គនាយក នៃក្រុមហ៊ុន ឌឺ ផ្លរ៉ា (THE FLORA) បានបង្ហាញ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវ កិត្តិយសជាតិ- អន្តរជាតិទាំងអស់ ដែលបានចូលរួម ក្នុងពិធីបើកការដ្ឋាន បុកគ្រឹះសាងសង់ សណ្ឋាគារ អន្តរជាតិ មឺខ្យូរ ហូថែល ភ្នំពេញ ( MERCURE HOTEL PHNOM PENH) នាឱកាសនេះ។
លោកឧកញ៉ា លឹម កុកឡុង មានប្រសាសន៍ អគារសណ្ឋាគារ MERCURE HOTEL PHNOM PENH ដែលត្រូវបើកការដ្ឋានបុកគ្រឹះ សាងសង់នាពេលនេះ គឺសាងសង់ ទន្ទឹមគ្នា និង អគារខុនដូ ឌឹផ្លរ៉ាស្វីត (The Flora Suites ) ដែលមានកម្ពស់ ៣៦ជាន់ មានទីតាំង នៅតំបន់ដ៍មានសក្តានុពលល្អបំផុត (ម្តុំផ្សារបឹងកេងកង) ក្បែរវិទ្យាល័យជាស៊ីម បឹងកេងកង ក្នុងភូមិសាស្ត្រ នៃសង្កាត់ បឹងកេងកង១ ខណ្ឌចំកាមន។ មឺខ្យួរ ហូថែល (MERCURE HOTEL) ជាសណ្ឋាគារកម្រិតផ្កាយ៤មួយ ក្នុងចំណោម សណ្ឋាគារទាំង ៥៣០០ កន្លែង នៃ ៤៥ប្រេន នៅក្នុង១១០ប្រទេស របស់ Accor Group។ សម្រាប់ MERCURE HOTEL PHNOM PENH មានជាង ២០០បន្ទប់ ដែលមានរួមបញ្ចូល នូវសាលសន្និសិទ្ធ ធំទូលាយ (MULTI- PURPOSE HALL) -ភោជនីយដ្ឋាន ដ៏ប្រណិត (OMAKASE/VIP PARTY ROOM) ,ហាងកាហ្វេ ក្លឹបហាត់ប្រាណ ស្ប៉ា សូណា បណ្ណាល័យ អាងហែល ទឹក សួនកុមារ ឧទ្យានបៃតង ចំណត រថយន្ត និងម៉ូតូដ៏ធំទូលាយ។
លោកឧកញ៉ា លឹម កុកឡុង ក៏បានបញ្ជាក់បន្ថែមផងដែរ ថាវត្តមាន THE MERCURE HOTEL PHNOM PENH គឺជាការចូលរួមចំណែក អភិវឌ្ឍជាតិ ផ្តល់ការងារ និងអភិវឌ្ឍ ធនធានមនុស្ស ដែលស្របជាមួយ យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល និតិកាលទី៧ ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
បើតាម លោកឧកញ៉ា លឹម កុកឡុង អ្វីដែលជាចំណុចពិសេសសណ្ឋាគារ មឺខ្យួរហូថែល (MERCURE HOTEL PHNOM PENH) និង ខុនដូ ឌឹផ្លរ៉ាស្វីត (THE FLORA SUITES) គឺជាអគារពីរទន្ទឹមគ្នា ដែលមានកម្ពស់ ប្រដំប្រសងគ្នា ហើយបំពេញ អោយគ្នាទៅវិញទៅមក នាពេលអនាគត។ បានន័យថា រាល់អតិថិជន ដែលស្នាក់ ឬបំពេញការងារ នៅខុនដូ ឌឹផ្លរ៉ា ស្វីត ប្រសិនមានតម្រូវការ ផ្នែកបដិសណ្ឋារកិច្ច ឬចង់បាន ម្ហូបអាហារ ភេសជ្ជៈ ឬសេវាកម្មផ្សេងៗទៀត គឺអាចទំនាក់ទំនង ឬកុម្មង់បាន ពីក្នុងសណ្ឋាគារ មឺខ្យួរភ្នំពេញនេះ ជាមួយសេវ៉ាកម្ម លឿនរហ័សទាន់ចិត្ត និងទំនុកចិត្ត ដោយមិនបាច់ ចំណាយពេល ចេញក្រៅនោះឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ឌឹផ្លរ៉ា បានបោះទុន វិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំ មកហើយ។ ក្រុមហ៊ុននេះ មានបទពិសោធន៍ ការអភិវឌ្ឍ លើវិស័យអចលនទ្រព្យ ទទួលបានភាពជោគជ័យខ្លាំង ចំនួន៣គំរោងរួចមកហើយ ពិសេសគម្រោងបុរីដ៏ធំមួយ ដែលមានឈ្មោះថា ( បុរី ឌឹផ្លរ៉ា) ( THE FLORA) លាតសន្ធឹង នៅលើផ្ទៃដី ប្រមាណ ២០០ហិចតា មានទីតាំង ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិ លេខ៦អា ខណ្ឌជ្រោយចង្វារ។