ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចាត់ទុកការចុះមកសិក្សាឱកាសវិនិយោគរបស់វិនិយោគិនកូរ៉េទាំងនេះ គឺជាសញ្ញាដ៏ល្អមួយសម្រាប់វិស័យស្វាយចន្ទីកម្ពុជា ពិសេសសម្រាប់គម្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំតែម្តង។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗមានវិនិយោគិនកូរ៉េមួយក្រុមមកពីក្រុមហ៊ុនចំនួន៥ បានចុះមកសិក្សាលទ្ធភាព និងឈ្វេងយល់អំពីវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ បើតាមគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុនចំនួន៣ បានបង្ហាញបំណងចង់វិនិយោគលើការទិញគ្រាប់ស្វាយចន្ទីឆៅសម្រាប់នាំចេញ និងពីរក្រុមហ៊ុនទៀតចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងសួនកសិឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ។
លោក អួន ស៊ីឡុត បានចាត់ទុកការចុះមកសិក្សាលទ្ធភាពវិនិយោគរបស់វិនិយោគិនកូរ៉េ និងវិនិយោគិនបរទេសផ្សេងទៀត គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យស្វាយចន្ទីរបស់កម្ពុជា ក៏ដូចជាបង្ហាញពីភាពទាក់ទាញរបស់វិស័យនេះ។ ជាមួយគ្នានេះ ប្រធានសមាគមរូបនេះបានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើការរីកចម្រើនរបស់វិស័យស្វាយចន្ទីកម្ពុជានាពេលអនាគត ព្រោះតាមរយៈគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីកម្ពុជា ដំណាក់កាលទី២ ឆ្នាំ២០២៧-២០៣២ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករថា កម្ពុជា នឹងអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ១,២លានតោន ក្នុង១ឆ្នាំ។
សូមជម្រាបថា នៅក្នុងរយៈពេលប្រមាណជិត១២ខែកន្លងមកនេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានជាង៨៥ម៉ឺនតោន មានការកើនឡើង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបាននាំចេញទៅទីផ្សារក្រៅប្រទេសជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាម ជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់ប្រមាណជាង១ពាន់១រយលានដុល្លារ កើនឡើង៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ សោម ស្រីពេជ្រ