យុទ្ធសាស្ត្រស្ដារវិស័យទេសចរណ៍របស់ប្រទេសថៃ

៥ ចំណុចគួរដឹងពីស្ថានភាពនិងយុទ្ធសាស្ត្រស្ដារវិស័យទេសចរណ៍របស់ប្រទេសថៃ


ចូលមកដល់ឆ្នាំ២០២១នេះ ប្រទេសថៃបានស្ទុះស្ទាខ្លាំងមែនទែន ក្នុងការស្ដារសេដ្ឋកិច្ច ក៏ដូចជាស្ដារវិស័យទេសចរណ៍ឲ្យឡើងវិញ ជាក់ស្ដែងថ្មីៗនេះ ថែបានរៀបចំនូវផែនការជាច្រើន ដើម្បីទទួលភ្ញៀវទេសចរបរទេស ដោយមានការកាត់បន្ថយរយៈពេលការធ្វើចត្តាឡីស័កជាដើម។ តើថៃបានរៀបចំធ្វើអ្វីខ្លះ ដើម្បីស្ដារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ហើយវាអាចនឹងមានប្រសិទ្ធភាព និងទទួលបានជោគជ័យកម្រិតណា?
រូបថតនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០ នៅឆ្នេរប៉ាតាយ៉ាក្នុងខេត្តឈុនបុរីប្រទេសថៃ រូបភាព៖ Xinhua/Rachen Sageamsak)

តាម​រយៈ​ការ​ស្រាវជ្រាវ​នៅ​លើ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន ពិសេស​សារព័ត៌មាន Nikkei របស់​ជប៉ុន​បាន​បង្ហាញ​ថា កិច្ចការ​ចម្បង​ដែល​ប្រទេស​ថៃ​បាន​និង​កំពុង​ធ្វើ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​នោះ គឺ​ការ​ផ្តើម​កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ថៃ​បាន ដោយ​វិធានការ​នេះ​ចាប់​អនុវត្ត​ពី​ខែមេសា​នេះ​តទៅ​។ ការ​ឈាន​ជើង​ទៅ​មុនគេ​មួយ​ជំហាន​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ ទំនង​នឹង​អាច​ក្លាយទៅជា​លំនាំ ឬ​គំរូ​មួយ សម្រាប់​ប្រទេស​ក្នុង​តំបន់ រួម​ទាំង​កម្ពុជា​ផង គួរតែ​ពិចារណា​វិធានការ​ទាំងនេះ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

តាម​រយៈ​ការ​ស្រាវជ្រាវ និង​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ខ្ញុំ​សូម​លើកយក​នូវ ៥​ចំណុច មក​និយាយ​ទាក់ទង​នឹង​ស្ថានភាព ក៏​ដូច​ជា​វិធានការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​របស់​ថៃ ដែល​កំពុង​ចាប់ផ្ដើម​អនុវត្ត​ថ្មី​ៗ​នេះ​។ តើ​ថៃ​បាន​ធ្វើ​អ្វីខ្លះ?

១. កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩​ថៃ បាន​ឲ្យ​ដឹង​ថា ទាំង​ជនជាតិ​ថៃ និង​ជនបរទេស​ដែល​ធ្វើ​ដំណើរ​ចូល​មក ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​សម្រាប់​រយៈពេល​១០​ថ្ងៃ​។ ចំនួន​នេះ​មាន​រយៈពេល​ខ្លី​ជាង​វិធានការ​សុខាភិបាល​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក ដែល​ទាមទារ​ឲ្យ​នៅ​ដាច់​ដោយឡែក​ដល់​ទៅ​១៤ ថ្ងៃ​។

អ្នកដំណើរ ត្រូវ​យក​សំណាក​ទៅ​ពិនិត្យរ​កកូ​វី​ដ​-១៩ ចំនួន ៣​លើក​ដដែល ដែល​លើក​ទី​មួយ​យក​សំណាក​ពេល​ដែល​មក​ដល់​ទឹកដី​ថៃ​ភ្លាម លើក​ទី​២ នៅ​ថ្ងៃ​ទី​៣ ឬ​ថ្ងៃ​ទី​៥ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៩​។

ថៃ​ព្យាយាម​ធ្វើ​យ៉ាងណា ឲ្យ​ភ្ញៀវ​បរទេស​មិន​មាន​ភាព​ធុញទ្រាន់​ឡើយ អំឡុង​ពេល​ពួក​គេ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​អាជ្ញារ​ធរ​បាន​បន្ធូរបន្ថយ​ឲ្យ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ អាច​ដើរ​ចេញ​ក្រៅ​បន្ទប់​បាន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដដែល​។

ជាមួយ​គ្នា​នេះ ថៃ​បាន​រៀបចំ រី​សត ធំ​ៗ​ជា​ច្រើន​សម្រាប់​ជា​កន្លែង ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ភ្ញៀវ​ទេសចរ ដូចនេះ​អ្នក​ដែល​ត្រូវ​ឃុំខ្លួន អាច​រីករាយ​នឹង​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស ក្នុង​រី​សត​ទាំងនោះ​បាន ដោយ​មិន​ចាំបាច់​នៅ​តែ​ក្នុង​បន្ទប់​រហូត​នោះ​ទេ​។

បន្ថែម​ពីលើ​វិធានការ​ទាំងនេះ ភ្ញៀវ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច និង​បាន​ឆ្លងកាត់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ទៅ​កម្សាន្ត​ក្នុង​ខេត្ត​ទាំង​៦​ដែល​ថៃ​បាន​បើក​ត្រៀម​ទទួលភ្ញៀវ​ទេសចរ រួម​មាន ខេត្ត​ភូ​កេ​ត ខេត្ត​ក្រា​ប៉ី (Krabi) ខេត្ត​ផាង​ណា ខេត្ត​ស៊ូ​រ៉ាត​ថា​នី (​កោះ​សា​មុ​យ​) ខេត្ត​ឈុ​ន​បូ​រី (​តំបន់​ប៉ា​តា​យ៉ា​) និង​ខេត្ត​ឈៀង​ម៉ៃ​។

ប្រទេស​ថៃ​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​តំបន់ ដែល​បាន​ផ្តើម​កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ស្រប​ពេល​ដែល​វិធានការ​នេះ ធ្លាប់​ត្រូវ​បាន​គេ​អនុវត្ត​ដំបូង​កាលពីដើម​ខែធ្នូ​ឆ្នាំ​២០២០ នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។

រូបតំណាង៖ កន្លែងធ្វើចត្តាឡីស័ក

២. ថៃ​បើក​ខេត្ត​ភូ​កេ​ត​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច​អាច​ទៅ​កម្សាន្ដ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

រដ្ឋាភិបាល​ថៃ​គ្រោង​អនុវត្ត​ផែនការ​ទេសចរណ៍​ពិសេស​មួយ សម្រាប់​ខេត្ត​ភូ​កេ​ត ដែល​ជា​ខេត្ត​ជាប់មាត់​ដ៏​មាន​សក្តានុពល​របស់​ថៃ ដោយ​សាក​អនុវត្ត​ពី​ថ្ងៃ​ទី​១​ខែកក្កដា​តទៅ គឺ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច អាច​ចូល​មក​លេង​ខេត្ត​ភូ​កេ​ត ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្វី​ទាំងអស់​។ ជាមួយ​គ្នា​នេះ ថៃ​បាន​និង​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ខេត្ត​ភូ​កេ​ត ឲ្យ​បាន​ដល់​ចំនួន​៧០%​នៃ​ពលរដ្ឋ​សរុប ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​មួយ​កម្រិត​ទៀត​។ ក្រៅ​តែ​ពី​ពលរដ្ឋ​នៅ​ខេត្ត​ភូ​កេ​ត ពលរដ្ឋ​ក្នុង​ខេត្ត​ដទៃ​ក៏​នឹង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ដូច​គ្នា ធ្វើ​យ៉ាង​ឲ្យ​បាន ៧០%​នៃ​ប្រជាជន​សរុប​ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ថៃ​។

ទេសចរណ៍កំពុងកម្សាន្តលើសមុទ្រនៃខេត្តភូកេត ប្រទេសថៃ រូបភាព៖ Xinhua

៣. ផ្ដល់​លក្ខខណ្ឌ​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​កីឡា​វាយ​កូន​ហ្គូ​ល

នៅ​ក្នុង​ខែមករា​កន្លង​ទៅ រដ្ឋាភិបាល​បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសារ​អង់គ្លេស​ថា ហ្គូ​វល៍ ឃ្វ័​រិ​ន​ធី​ន «Golf Quarantine»​។ «Golf Quarantine» សំដៅ​ដល់​វិធានការ​ដែល​ភ្ញៀវ​ទេសចរ ជា​អ្នក​ចូល​ចិត្ត​លេង​កូន​ហ្គោ​ល អាច​មក​កម្សាន្ត និង​លេង​កូន​ហ្គោ​ល​នៅ​ក្នុង​រី​សត​ដែល​មាន​ទីលាន​វាយ​កូន​ហ្គោ​ល​ធំ​ៗ ក្នុង​ប្រទេស​ថៃ​បាន ដោយ​ត្រូវ​ចំណាយពេល​ពី​រស​ប្តា​ហ៍​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ ហើយ​ក៏​អាច​រីករាយ​ក្នុង​ការ​លេង​កូន​ហ្គោ​ល​នៅ​ក្នុង​រី​សត​ទាំងនោះ​ផ្ទាល់​តែ​ម្តង​។

មួយវិញទៀត អាជ្ញាធរ​ទេសចរណ៍​ថៃ​ក៏​បាន​ប្រកាស​ជំរើស​មួយ​ផ្សេង​ទៀត ដែល​អនុញ្ញាត​ឲ្យ​អ្នកទេសចរ​បរទេស​ណា​ដែល​មាន​នាវា​កម្សាន្ត​ផ្ទាល់ខ្លួន អាច​ចូល​មក​កម្សាន្ត​ក្នុង​ដែនសមុទ្រ​របស់​ថៃ នៃ​កោះ​ភូ​កេ​ត​បាន ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​នៅ​លើ​ទូក​របស់​ខ្លួន មុន​នឹង​អាច​ឡើង​មក​លេង​នៅ​លើ​កោះ​ភូ​កេ​ត​បាន​។

Golf Quarantine ជាការកម្មវិធីធ្វើចត្តាឡីស័កសម្រាប់អ្នកចូលចិត្តលេងកូនហ្គោល

៤. ថៃ​ស្រវា​បើក​ព្រំដែន​ឡើង​វិញ ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរ​បាន​ទាន់​ពេល

អាជ្ញាធរ​ថៃ​បាន​រៀបចំ​ការ​ស្ទង់​មតិ​កាលពី​ខែមករា​កន្លង​ទៅ ដោយ​បាន​សាកសួរ​អំពី​ផល​ប៉ះពាល់​ដែល​អូស​បន្លាយ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ព្រមទាំង​វិធានការ​បិទ​ព្រំដែន​របស់​ថៃ​។ ក្នុង​ចំណោម​ប្រតិបត្តិ​ករ​អាជីវកម្ម​ចំនួន​ជាង ១,៨០០ ដែល​ត្រូវ​បាន​ស្ទង់​មតិ ដូច​ជា​អាជីវកម្ម​ផ្ដល់​កន្លែង​ស្នាក់​នៅ ភ្នាក់ងារទេសចរណ៍ និង​ភោជនីយដ្ឋាន​ជាដើម មាន​ជាង ៣៤% និយាយ​ថា ពួក​គេ​បាន​ផ្អាក​អាជីវកម្ម និង​មួយ​ចំនួន​ទៀត​ថា ពួក​គេ​បាន​បិទទ្វារ​ឈប់​រកស៊ី​តែ​ម្តង ដោយសារ​តែ​វិធានការ​បិទ​ព្រំដែន​ពី​សំណាក់​រដ្ឋាភិបាល​នេះ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ដរាបណា​វិធានការ​បិទ​ប្រទេស និង​ព្រំដែន​នៅ​តែ​បន្ដ​ធ្វើ​ឡើង​កាន់តែ​យូរ នោះ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​សេដ្ឋកិច្ច​ទាំងមូល​របស់​ថៃ អាច​នឹង​រង​គ្រោះ​កាន់តែ​ខ្លាំង​ដូច​គ្នា ហើយ​រឹតតែ​ពិបាក​ស្រោចស្រង់​ឡើង​វិញ​ថែម​ទៀត​។ ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​ថៃ ស្រវា​គិតគូ និង​ចាប់ផ្ដើម​បើកចំហ​ទ្វារ​ប្រទេស​របស់​ខ្លួន​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ ពិសេស​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ដើម្បី​សង្គ្រោះ​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទាន់​ពេលវេលា​។

ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ

៥. ស្ថានភាព​ធូរស្រាល​ជាង​មុន​នៃ​ការ​រាតត្បាត​កូ​វី​ដ​-១៩ ជា​កត្តា​ជួយ​ឲ្យ​ថៃ​ហ៊ាន​បើក​ប្រទេស​ឡើង​វិញ

នៅ​ពេញ​មួយ​ខែមីនា មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ នៅ​ថៃ មាន​តែ​ជិត ៣​ពាន់​ករណី​ប៉ុណ្ណោះ បើ​ធៀប​នឹង​ខែមករា​មាន​ដល់​ទៅ​ជិត ២​ម៉ឺន​ករណី និង​ខែកុម្ភៈ​មាន​ជាង ៧​ពាន់​ករណី​។ 

ការ​ទប់ទល់​កូ​វី​ដ​-១៩ បាន​ប្រសើរ​ជាង​មុ​នេះ បាន​ផ្តល់​ទំនុកចិត្ត​ដល់​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ឲ្យ​ក្លាហាន​អាច​ឈាន​ជើង​ទៅ​មុខ មុនគេ​មួយ​ជំហាន ក្នុង​ការ​ឈាន​ទៅ​ស្ដារ​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ដង្ហើម​ដក​ឡើង​វិញ​។

ប៉ុន្តែ អ្វី​ដែល​រដ្ឋាភិបាល​ថៃ ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​នោះ គឺ​នៅ​ត្រង់​ថា ប្រសិនបើ​វិធានការ​កាត់​បន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​អនុវត្ត​ទៅ​មានការ​ថ្លោះធ្លោយ ដែល​បណ្តាល​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ម្តងទៀត​នោះ អំ​រែក​វិបត្តិ​សេដ្ឋកិច្ច​ដែល​ថៃ​មាន នឹង​ធ្ងន់​លើស​គ្រា​ដំបូង​ទៅ​ទៀត​។

បុគ្គលិកសុខាភិបានយកសំណាកពលរដ្ឋក្នុងខេត្តសាមុសសាខនប្រទេសថៃ គ្រាដែលមានការរាលដាលក្នុងសហគមន៍ នៅដើមឆ្នាំ២០២១​ រូបភាព៖ Xinhua

យើង​នឹង​តាមដាន​មើល​ទាំងអស់​គ្នា​បន្ដ​ទៀត ថា​តើ​វិធានការ​ស្ដារ​វិស័យ​ទេសចរ​ថៃ​ដែល​បាន​ដាក់​ចេញ និង​កំពុង​អនុវត្ត​នេះ នឹង​ទទួល​បាន​ជោគជ័យ​កម្រិត​ណា ឬ​ក៏​ត្រូវ​បរាជ័យ​ដួល​រលំ?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Xiaomi គ្រោងវិនិយោគ១០ពាន់លានដុល្លារលើការផលិតរថយន្ដអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុន ហ្សេវមី (Xiaomi) ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំមួយរបស់ចិន កំពុងបង្ហាញពីផែនការថ្មីរបស់ខ្លួនក្នុងការវិនិយោគផលិតរថយន្ដអគ្គិសនី …

អ្នកឧកញ៉ា សៀ ឫទ្ធី បោះទុនជាង២០០លានដុល្លារវិនិយោគ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ទោះបីកូវីដ-១៩មករំខាន

ព័ត៌មាន
ទោះស្ថិតនៅក្នុងបរិបទនៃសម័យកូវីដក៏ដោយ ក៏អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាធុរកិច្ចជន និងជាអ្នកវិនិយោគដ៏ល្បីលើវិស័យអចលនទ្រព្យនៅកម្ពុជាមិនរួញរាក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ