Xiaomi គ្រោងវិនិយោគលើរថយន្ដអគ្គិសនី

ក្រុមហ៊ុនចិន Xiaomi គ្រោងវិនិយោគ១០ពាន់លានដុល្លារលើការផលិតរថយន្ដអគ្គិសនី


ក្រុមហ៊ុន ហ្សេវមី (Xiaomi) ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំមួយរបស់ចិន កំពុងបង្ហាញពីផែនការថ្មីរបស់ខ្លួនក្នុងការវិនិយោគផលិតរថយន្ដអគ្គិសនី ដោយក្រុមហ៊ុននេះ បានត្រៀមដើមទុនប្រមាណ១០ពាន់លានដុល្លារសម្រាប់ការវិនិយោគក្នុងរយៈពេល១០ឆ្នាំ ទាក់ទងនឹងការផលិតរថយន្ដអគ្គិសនីវៃឆ្លាត ដើម្បីប្រណាំងប្រជែងដណ្ដើមយកទីផ្សាររថយន្ដអគ្គិសនីនៅក្នុងប្រទេសចិន ដែលកំពុងមានតម្រូវការកើនឡើងនាពេលបច្ចុប្បន្ន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើនដូចជា BBC និង Bloomberg ជាដើម។
Xiaomi គ្រោងវិនិយោគលើរថយន្ដអគ្គិសនី រូបភាព៖ Xinhua
ដោយ

ក្រុមហ៊ុន ហ្សេ​វ​មី (Xiaomi) របស់​ចិន​មួយ​នេះ ត្រូវ​បាន​ក្រុមហ៊ុន ខា​ណា​លី (Canalys) ដែល​ជា​អ្នកវិភាគ​ទីផ្សារ​បច្ចេកវិទ្យា​សកលលោក​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​រាយការណ៍​ថា គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​ទី​៣ បន្ទាប់​ពី Apple និង Samsung​។

គម្រោង​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​រថយន្ដ​អគ្គិសនី​វៃឆ្លាត​របស់​ក្រុមហ៊ុន ហ្សេ​វ​មី (Xiaomi)​របស់​ចិន​នេះ គឺ​នៅ​ចំ​ពេល​ដែល​ទីផ្សារ​នេះ កំពុង​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Huawei ដែល​ជា​គូប្រជែង​ដ៏​ធំ​របស់​ខ្លួន ក៏​លេច​ឭ​ដំណឹង​ថា កំពុង​មាន​ផែនការ​នឹង​ឈាន​ជើង​ចូល​ក្នុង​ការ​ផលិត​រថយន្ដ​អគ្គិសនី​ដូច​គ្នា​នេះ​ផង​ដែរ​។

ក្រុមហ៊ុន ហ្សេ​វ​មី នឹង​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ទាំងស្រុង ជាមួយនឹង​ការ​វិនិយោគ​ដំបូង​ប្រមាណ ១​ពាន់​៥​រយ​លាន​ដុល្លារ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្សេ​វ​មី លោក លី ជុន បាន​និយាយ​ថា ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​ជា​ច្រើន​ជាមួយនឹង​ដៃគូ​ទាំងអស់​របស់​ក្រុមហ៊ុន ហើយ​វា​គឺជា​គម្រោង​វិនិយោគ​ដ៏​ធំ​បំផុត​ចុង​ក្រោយ​មួយ នៃ​ជីវិត​សហគ្រិនភាព​របស់​លោក​។

បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ចិន​មាន​ក្រុមហ៊ុន​រាប់រយ​រួច​ទៅ​ហើយ​ដែល​បាន​វិនិយោគ និង​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ចំណែក​ទីផ្សារ​រថយន្ដ​អគ្គិសនី​នេះ​។ ក្រៅពី​នេះ​ក៏​មាន​ក្រុមហ៊ុន​ប្រទេស​ជា​ច្រើន​ទៀត ក៏​កំពុង​ស្វែងរក​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ទីផ្សារ​ចិន​ផង​ដែរ​។

ជាមួយ​គ្នា​នោះ ក្រុមហ៊ុន Tesla របស់​អា​មេ​រិ​ក ដែល​ជា​ក្រុមហ៊ុន​ខា្ន​ត​យក្ស​ផលិត​រថយន្ដ​អគ្គិសនី និង មាន​លក់​នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​នោះ ក៏​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​រួច​ហើយ​ដែរ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​នេះ ក៏​បាន​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​ធំ​នៅ​ក្នុង​ប្រទេស​ចិន​រួច​ហើយ​ដែរ​។ ដូច្នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ក្រុមហ៊ុន ហ្សេ​វ​មី ក្នុង​ការ​ប្រជែង​ដណ្ដើម​ទីផ្សារ​រថយន្ដ​អគ្គិសនី​វៃឆ្លាត​នេះ​។ យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា​បន្ដ​ទៀត​ថា តើ​ក្រុមហ៊ុន ហ្សេ​វ​មី នឹង​មាន​អ្វី​ថ្មី មាន​អ្វី​ប្លែក​ដើម្បី​ប្រជែង​ក្នុង​ទីផ្សារ​រថយន្ដ​អគ្គិសនី​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មី​របស់​វៀតណាម​មានបទពិសោធន៍ឆ្អិនឆ្អៅ​ខាង​ចារកម្ម

ព័ត៌មាន
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១នេះ សភាជាតិ​របស់​ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ជ្រើសតាំង​​​លោក ផាម មិញជីញ (Pham Minh Chinh) អតីត​មន្ត្រីជាន…

៥ ចំណុចគួរដឹងពីស្ថានភាពនិងយុទ្ធសាស្ត្រស្ដារវិស័យទេសចរណ៍របស់ប្រទេសថៃ

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០២១នេះ ប្រទេសថៃបានស្ទុះស្ទាខ្លាំងមែនទែន ក្នុងការស្ដារសេដ្ឋកិច្ច ក៏ដូចជាស្ដារវិស័យទេសចរណ៍ឲ្យឡើងវិញ ជាក់ស្ដែងថ្មីៗនេះ ថែបានរៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ