លោក Ody Odayappan អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ Shangri-La ភ្នំពេញ បានលើកឡើងថា តាមរយៈសណ្ឋាគារ Shangri-La ភ្នំពេញ ដែលទើបសម្ពោធដាក់ឱ្យដំណើរការសាកល្បងនេះវានឹងក្លាយជាចំណែកមួយជួយទាក់ទាញអ្នកទេសចរនានាមកលេងកម្សាន្តនៅកម្ពុជា កាន់តែច្រើនថែមទៀត ខណៈសណ្ឋាគារបែបប្រណីតនេះ ក៏មានលក់ផលិតផលដែលផលិតនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដល់ពលរដ្ឋខ្មែរបានមួយចំនួនផងដែរ។ បើតាមអ្នកគ្រប់គ្រងរូបនេះ ការដាក់ឱ្យដំណើរការសាកល្បងសណ្ឋាគារលំដាប់ផ្កាយ៥នេះ ត្រូវបានធ្វើឡើងជាជំហានៗហើយការសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅចុងត្រីមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខ។
សណ្ឋាគារ Shangri-La ភ្នំពេញ គឺជាម៉ាកយីហោល្បីរបស់ក្រុមហ៊ុនបដិសណ្ឋារកិច្ចពហុជាតិ នៃសណ្ឋាគារ Shangri-La គ្រុប ដែលផ្ដោតលើការផ្ដល់សេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចនៅអាអាស៊ីតែមួយកត់ និងកំពុងក្លាយទៅជាសណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីចុងក្រោយបង្អស់នៅរាជធានីភ្នំពេញ ដែលមានអគារកម្ពស់រហូតដល់៥៥ជាន់ នៅក្នុងទីក្រុង ដែលមានផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតរបស់ទន្លេមេគង្គ និងអគារខ្ពស់ៗនៅជុំវិញ។
សណ្ឋាគារដ៏ប្រណីតនេះ មាន៣០៣បន្ទប់ សាលប្រជុំធំជាងគេក្នុងទីក្រុងមានជម្រើសទទួលទានអាហារច្រើនប្រភេទ ស្តាយបារ អាងហែលទឹក និងមជ្ឈមណ្ឌលហាត់ប្រាណផងដែរ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពប្រណីត ទំនើប ជាមួយនឹងវប្ប ធម៌ខ្មែរ សណ្ឋាគារក៏មានផ្តល់ជូននូវបដិសណ្ឋារកិច្ចបែបអាស៊ីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
អត្ថបទ៖ បូ ដូឡា, រូបភាព ខេមបូណូមីស