បើគ្មានការប្រែប្រួលទេ រោងចក្រនេះអាចនឹងលេចចេញជារូបរាងនៅត្រឹមដំណាច់ឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នឯកសារសំណើសុំវិនិយោគរបស់ក្រុមហ៊ុននេះកំពុងរង់ចាំការចុះហត្ថលេខាសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិនសនីរបស់ក្រុមហ៊ុន BYD ដែលគ្រោងបង្កើតនៅកម្ពុជា មានសមត្ថភាពអាចដំឡើងរថយន្តបានលើសពី១ម៉ឺនគ្រឿងក្នុង១ឆ្នាំ ដែលវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ តែយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនទាន់អាចបញ្ជាក់ពីទំហំវិនិយោគ និងពេលវេលានៃការបើកការសាងសង់រោងចក្ររបស់ក្រុមហ៊ុននេះនៅឡើយទេ គ្រាន់តែអះអាងថា បើគ្មានការរាំងស្ទះណាមួយនោះទេ រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនេះអាចនឹងលេចចេញជារូបរាងនៅត្រឹមដំណាច់ឆ្នាំ២០២៥ ខាងមុខ។
បើតាមការលើកឡើងរបស់អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូបនេះ បច្ចុប្បន្នឯកសារសំណើសុំវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សចិន BYD ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំ និងដាក់ជូនប្រមុខរាជរដ្ឋាភិបាលរួចរាល់ហើយ នៅឡើយតែរង់ចាំការចុះហត្ថលេខាសម្រេចចុងក្រោយប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានគូសបញ្ជាក់ថា ការបើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សចិន BYD ទំនងជាផ្តោតសំខាន់លើការនាំចេញជាជាងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រោះទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ហាក់នៅមានទំហំតូច។ តែទោះជាយ៉ាងណាក៏ដោយលោកជឿជាក់ថា តាមរយៈវត្តមានរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខ្នាតយក្សនេះ វានឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ លើសពីនេះ វានឹងជួយពាំនាំនូវបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី និងជួយទាក់ទាញវិនិយោគិនអន្តរជាតិ ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះកម្ពុជា មានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន២,៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ចំនួន៧៩០គ្រឿង ឈរលើកំពូលតារាង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតា ចំនួន៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTesla ចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។
ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនីនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់យន្តយន្តអគ្គិសនី ក៏ដូចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ និងបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ក្នុងនោះរថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង៕