យោងតាមឯកសារដែលទទួលបានពីតុលាការខេត្តព្រះសីហនុ, តុលាការបានសំរេចដាក់ឲ្យនៅក្រោមការត្រួតពិនិត្យទៅលើឈ្មោះ Cheng Kun, អាយុ៣៩ឆ្នាំនិងឈ្មោះ Deng Xing Gui, អាយុ៤៨ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា, បង្ករបួសស្នាមដោយអចេតនា និងបទបង្កឲ្យខូតខាត។
យោងតាមឯកសារដដែល តុលាការក៏ចោទមនុស្ស៥នាក់ផ្សេងទៀត ពីបទសមគំនិត ដែលជាជនជាតិចិនមានឈ្មោះដូចជា Xie Ya Ping, អាយុ៤៣ឆ្នាំ, Gao Yu,អាយុ២៩, និង Li Jun Hua, អាយុ៤១ឆ្នាំ, ជនជាតិវៀតណាម Nouyen Thi Thuy Hoa, អាយុ៤៣ឆ្នាំ និងជនជាតិខ្មែរ មុខរបរជាងដែក ឈ្មោះធឿន។
អគារដែលកំពុងសាងសង់បានបាក់រលំមកលើកម្មករជាច្រើននាក់ ដែលកំពុងតែដេកនៅវេលាម៉ោង ៤ទៀបភ្លឺ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ហើយកម្មករ២នាក់ត្រូវបានគេរកឃើញថា នៅរស់កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា បន្ទាប់ពីនៅគាបក្រោមគំនរបាក់បែកនោះអស់រយ:ពេលបីថ្ងៃ។
ពីទីតាំងអគារបាក់រលំនៅខេត្តព្រះសីហនុ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុន សែន បានថ្លែងការពារការវិនិយោគចិននៅកម្ពុជាជាថ្មីម្តងទៀត ថានាំមកនូវការអភិវឌ្ឍដល់ប្រទេសជាតិ និងប្រជាជន ហើយថាសោកនាដកម្មចុងក្រោយនេះ មិនពាក់ព័ន្ធនិងជនជាតិអ្វីនោះទេ។
សម្តេចហ៊ុន សែន បានថ្លែងកាលពីយប់ថ្ងៃច័ន្ទ ទី២២ ខែមិថុនាដូច្នេះ សុំកុំចោទជាតិណា ឬជាតិណាបន្ទាប់ពីមានករណីបាក់អាគារនេះ។
សម្តេចហ៊ុន សែន បានថ្លែងដូច្នេះថា «ឥឡូវពិភពលោកកំពុងត្រូវការអ្នកវិនិយោគចិនចូលទៅវិនិយោគក្នុងប្រទេសរបស់គេ។ ឯយើងមានភ័ពសំណាងបានទាញអ្នកវិនិយោគចិនចូលប្រទេសរបស់យើង ប៉ុន្តែអ្នកមិនចង់ឲ្យយើងមានការរីកចម្រើនខ្លះគេថា នេះជាអន្ទាក់បំណុលរបស់ចិននេះ ជាអាណានិគមរបស់ចិន នេះជាកន្លែងលក់ដីទៅឲ្យចិន ប៉ុន្តែខ្ញុំសូមសួរបញ្ជាក់ថា អ្នកដែលនៅក្រុងព្រះសីហនុបានទទួលផលប្រយោជន៍ប៉ុនណាទៅពីការវិនិយោគ?»
សម្តេចបានបន្តថា ម្នាក់រកស៊ីជាមួយចិន ប៉ុន្តែពួកគេអត់មានកំហុសទេតែដល់ពេលខ្មែររកស៊ីជាមួយចិនបែរជាមានរឿងអញ្ចឹងវាមិនយុត្តធម៌សម្រាប់កម្ពុជាទេ។
លោកបានអះអាងថា«ជនជាតិបរទេសដទៃទៀតមករំលោភកូនស្រីខ្មែរ ដែលកំពុងជាប់គុកនៅប្រទេសកម្ពុជា តើម៉េចមិននាំគ្នានិយាយផង? ជនជាតិបរទេសផ្សេងទៀតដែលស្បែកស នាំគ្រឿងញៀនចូលស្រុកខ្មែរ ម៉េចក៏មិននាំគ្នានិយាយផង ម៉េចក៏នាំគ្នានិយាយតែពីចិន?»
ហេតុការណ៍ រុករកជនរងគ្រោះត្រូវបានបិទបញ្ចាប់នៅយប់ម៉ោង ៧៖ ៣០ នាទី ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩ បន្ទាប់ប្រើប្រាស់ពេលវេលារុករកអស់រយៈពេល ២ថ្ងៃកន្លះ។
របាយការណ៍ ចុងក្រោយរបស់អាជ្ញាធរបញ្ជាក់ថា មនុស្សរងគ្រោះក្នុងហេតុការណ៍បាក់អគារសង្កត់នេះ មានចំនួនសរុប៥៤ នាក់ ដែលក្នុងនោះ ស្លាប់មានចំនួន២៨នាក់ (ស្រី៤នាក់) និងរបួស ២៦នាក់ (ស្រី២នាក់)។
អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានសម្តេច ហ៊ុន សែន សម្រេចអនុញ្ញាតបញ្ចប់តំណែងហើយ ក្រោយពី លោក យន្ដ មីនបានទទួលស្គាល់កំហុសរបស់ខ្លួន និងបាន ស្នើសុំសម្ដេច ហ៊ុន សែន លាលែងតំណែងនេះ ដោយខ្លួន។ អភិបាលខេត្តព្រះសីហនុថ្មី នឹងត្រូវយកលោក គួច ចំរើន បច្ចុប្បន្ន ជាអភិបាលខេត្តកំពង់ចាម មកជំនួសវិញ។
បើតាមការ បញ្ជាក់ ពីសម្ដេច ហ៊ុន សែន មិនមែនតែមានការបញ្ចប់តំណែងអភិបាលខេត្តព្រះសីហនុ នោះទេ សម្តេចក៏បានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ។
ក្រោយហេតុការណ៍កើតឡើង រដ្ឋាភិបាលក៏បានប្រកាសបញ្ចេញថវិការដ្ឋមួយចំនួន ជូនជនរងគ្រោះផងដែរ។
ក្រៅពីនេះ បន្ទាប់មានមានការអំពាវនាវ ជួយជនរងគ្រោះ គិតមកទល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ទឹកប្រាក់ឧបត្ថម្ភជូនជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារនេះ បានកើនឡើងដល់ជាង ២លាន ដុល្លារអាមេរិក ដោយក្នុងនោះ អ្នកស្លាប់ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនដុល្លារអាមេរិក និងអ្នករបួសវិញ ម្នាក់ៗទទួលបាន ១ម៉ឺនដុល្លារ ប៉ុន្ដែ សម្រាប់អ្នករបួស២នាក់ ដែលស្ថិតនៅក្រោមគំនរបាក់បែកប្រមាណជិត ៦០ម៉ោង ត្រូវបានជួយសង្គ្រោះនោះ ទទួលបានការឧបត្ថម្ភ៣ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់។
ប្រជាពលរដ្ឋបានសារទចំពោះការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ ពិសេសការចុះបញ្ជាដោយផ្ទាល់ពីសំណាក់សម្ដេច ហ៊ុន សែន។ ទោះយ៉ាងណា មហាជនសង្ឃឹមថា រាជរដ្ឋាភិបាល នឹងពង្រឹងការត្រួតពិនិត្យកាន់តែម៉ត់ចត់ថែមទៀត ចំពោះគុណភាពសំណង់ដែលបាន កំពុង ឬត្រៀមនឹងសាងសង់ផ្សេងទៀតៗ ដើម្បីជៀសវាងបញ្ហាដូចគ្នានេះ កើតឡើងម្ដងទៀត៕