សោកនាដកម្ម​បាក់រលំ​អគារ នៅ​ខេត្ត​ព្រះសីហនុ

បន្ទាប់​​ពី​​បាក់​​អគារ​ចិន​ស្លាប់​ច្រើននាក់, មាន​ការ​ទាមទារ​ច្រើន​ឲ្យ​វះ​កាត់​«សាច់​ស្អុយ​ចោល»


បន្ទាប់​ពី​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ស្លាប់​កម្មករ​ខ្មែរ​​ យ៉ាងហោចណាស់ ចំនួន ១៨​នាក់​ និង​របួស ២៤​នាក់​ផ្សេង​ទៀត​មក នៅតាម​បណ្តាញ​សង្គម មាន​ការ​ខឹង​សម្បា​ខ្លាំង​និង​មាន​ការទាមទារ​ច្រើន ឲ្យ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាត់​«សាច់​ស្អុយ​ចោល» ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សោកនាដកម្ម​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​ជាតិ​ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​កាយ​គំនរ​បាក់បែក នៅ​ទីតាំង​អគារ​បាក់រលំ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ​២០១៩។ រូបភាព៖ ហេង ភារម្យ
ដោយ

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ ថា Koeslter Lee បាន​សរសេរ​ដូច្នេះ​ថា ៖ «គួរតែ​ដក​ពួកនេះ​គ្រវាត់​ចោល​ទេ? ទាំង​លោក យន្ត មីន ទៀត សំណង់​អត់​ច្បាប់​ធ្វើ​ឡើង​ដល់ ៧~៨​ជាន់​ហើយ​អត់ដឹង? អត់​មាន​វិធានការ? ឬ​ក៏​ចិន​យក​លុយ​ញុក​មាត់​រហូត​ស្រែក​លែង​ចេញ? សម្តេច​គួរតែ​កាត់​សាច់​ស្អុយ​ទាំងនេះ​ចោល​ខ្លះ​ហើយ»។

ខណ:​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ​ថា គ្រួសារ​រីករាយ​ និយាយ​ថា ៖ «សូម​សម្ដេច​ដក ចៅហ្វាយ​ខេត្ត​ចេញ​ទៅ ខ្ញុំ​នឹង​គាំទ្រ​សម្ដេច​រហូត។»

សារ​ស្រដៀង​គ្នា​នេះ មិនមែន​គ្រាន់តែ​ទាមទារ​ឲ្យ​ដក​អភិបាល​ខេត្ត​នោះទេ គឺ​ក៏​ទាមទារ​ឲ្យ​មាន​ការទទួល​ខុស​ត្រូវ​ ជាទូទៅ ពី​មន្រ្តី​នៅ​ខេត្ត​ព្រះសីហនុ។ គណនី​ដែល​មាន​ឈ្មោះ កូនមាសឪពុក បាន​សរសេរ​ថា ៖«សូម​សម្តេច​អ៊ំ ជួយ​ដក​មន្រ្តី ខ្វះ​សមត្ថភាព ខ្វះ​ទំនួលខុសត្រូវ នៅ​កំពង់សោម​ហ្នឹង​ចេញ​ផង​ទៅ។»

សូម្បីតែ​លោក កែប ជុតិមា អតីត​អភិបាល​ក្រុង​ភ្នំពេញ​និង​បច្ចុប្បន្ន​ជា​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន ផងដែរ ដោយ​បាន​សរសេរ​ថា ​៖ «នៅ​មាន​ច្រើន​ទៀត ប្រភេទ​សំណង់​បែប​នេះ នៅ​កំពង់សោម។»

ការអត្ថាធិប្បាយ​របស់​លោក កែប ជុតិមា ក៏​បាន​ទទួល​ការ​ចោទ​ជា​សំណួរ​ចំពោះ​ការទទួល​ខុស​ត្រូវ​ផងដែរ ដោយ​គណនី​ហ្វេសប៊ុក ឈ្មោះ សុខ សុធា ចំពោះ​រឿង​ជាន់​គ្នា​នៅ​កោះពេជ្រ ដែល​មាន​មនុស្ស​ស្លាប់​រាប់រយ​នាក់ ហើយ​ដែល​នៅ​ពេល​នោះ លោក កែប ជុតិមា ជា​អភិបាល​ក្រុង​ភ្នំពេញ។

សម្តេច ហ៊ុន សែន ដែល​កន្លងមក បាន​ប្រើ​អភិក្រម​ទី៥ ដើម្បី​ដក​តំណែង​មន្រ្តី​អាក្រក់ៗ ឬ​ក៏​កាត់​សាច់​ស្អុយ​ចេញ បាន​ឆ្លើយ​តប​ថា ពេលនេះ​ជា​ពេល​ត្រូវ​គិតគូរ​រឿង​ជួយ​សង្រ្គោះ​ជាមុន​សិន។

សម្តេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា ៖ «កុំទាន់​និយាយ​ដល់​រឿង​ដក ឬតែងតាំង​ តែត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការរុករក​និង​សង្រ្គោះ​ជា​មុន​សិន។ ខ្ញុំ​សុំ​ការ​យោគយល់​ពី​បង​ប្អូន​ជនរួមជាតិ​ពី​ទីកន្លែង​ប្រជុំ​អាស៊ាន​ បាងកក ព្រះរាជាណាចក្រ​ថៃ។»

អគារ​ដែល​កំពុង​សាងសង់​កម្ពស់​៧​ជាន់ បាន​បាក់​រលំ​មក​លើ​កម្មករ​ជាច្រើន​នាក់ ដែល​កំពុង​តែ​ដេក​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ កាលពី​ថ្ងៃ​សៅរ៍ ទី២២ ខែមិថុនា ហើយ​កម្មករ​ផ្សេង​ទៀត​មិន​ទាន់​សង្រ្គោះ​បាន​ពី​គំនរ​បាក់​បែក​នោះ​នៅ​ឡើយ​ទេ។

យោងតាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គំនរបែកបាក់​នោះ​ត្រូវ​បាន​ក្រុម​ការងារ​ជួយ​សង្រ្គោះ​ធ្វើការ​កាយ​ចេញ​បាន​ចំនួន​​ប្រមាណ ៤០​ភាគរយ​ហើយ​ ហើយ​ក្រុម​គ្រួសារ​បាន​ទទួល​យក​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​បាន​ចំនួន​៩​សព​ហើយ៕




អត្ថបទបន្ទាប់


ស្ថានទូតចិនប្រចាំកម្ពុជា ហាក់នៅ​ស្ងៀមស្ងាត់ ជុំវិញរឿងអគារចិនបាក់សង្កត់កម្មករខ្មែរក្នុងក្រុងព្រះសីហនុ

ព័ត៌មាន
គិតមកទល់រសៀលថ្ងៃទី២៣ មិថុនានេះ គេមិននៅមិនទាន់ឃើញស្ថានទូតចិនប្រចាំកម្ពុជា បញ្ចេញនូវប្រតិកម្ម ឬសេចក្ដីថ្លែការណ៍របស់ខ្លួនទាក់ទងនឹងអគារសាង…

ករណី​បាក់រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ស្ថានទូត​ចិន​​ចូលរួម​រំលែក​ទុក្ខ និងគាំទ្រ​វិធានការប្រឆាំង​ជនល្មើស​ចិនពាក់ព័ន្ធ

ព័ត៌មាន
មួយថ្ងៃបន្ទាប់ពី​ព្រឹត្តិការណ៍៍សោកនាដកម្ម​បាក់​រលំ​អគារ​របស់​ជនជាតិចិន នៅខេត្ត​ព្រះសីហនុ ដែល​សម្លាប់​មនុស្ស​ជិត ២០នាក់ និង​ធ្វើ​ឲ្យ​របួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ