ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជលផលលើកទឹកចិត្តពលរដ្ឋឱ្យចិញ្ចឹមត្រីតាមបែបវារីវប្បកម្ម ក្រោយមើលឃើញពីតម្រូវការត្រីមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈសហភាពអឺរ៉ុបបានគាំទ្រដល់គម្រោង CAPFISH-Capture ដែលកំពុងអនុវត្តន៍នៅកម្ពុជា គឺមានទំហំធំជាងគម្រោងនៅតាមបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក។
ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុង១ឆ្នាំៗតម្រូវការនាំចេញត្រីចម្រុះទៅបរទេស និងសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសមានបរិមាណប្រមាណ៩០ម៉ឺនតោន ដោយសារការនិយមចូលចិត្តយកទៅធ្វើជាម្ហូបអាហារប្រចាំថ្ងៃ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រភេទត្រីដែលនាំចេញ និងត្រីដែលផ្គត់ផ្គង់ក្នុងស្រុកភាគច្រើន គឺជាត្រីដែលមានក្នុងបឹងទន្លេសាប និងជាត្រីដែលមានប្រូតេអ៊ីនខ្ពស់។ យ៉ាងណាមិញអ្នកជំនាញរូបនេះ លើកទឹកចិត្តពលរដ្ឋឱ្យចិញ្ចឹមត្រីបែបវារីវប្បកម្ម ដោយសារតម្រូវការទទួលទានមានចំនួនច្រើន ស្របពេលកំណើនពលរដ្ឋ ក៏មានការកើនឡើងដូចគ្នា។ សម្រាប់ឯកឧត្តម ការចិញ្ចឹមត្រីតាមបែបវារីវប្បកម្ម គឺជាការបំពេញនូវសេចក្ដីត្រូវការប្រចាំថ្ងៃ ខណៈអាកាសធាតុនៅកម្ពុជាមានលក្ខណៈសមស្របល្អសម្រាប់ការចិញ្ចឹមត្រីបែបវារីវប្បកម្ម។
ពាក់ព័ន្ធនឹងការចិញ្ចឹមត្រីតាមបែបវារីវប្បកម្មនេះ មូលនិធិសហភាពអឺរ៉ុប ដែលគាំទ្របច្ចេកទេសដោយអង្គការ FAO បានផ្ដល់ថវិកាមួយចំនួន សម្រាប់អភិវឌ្ឍន៍ផ្នែកវារីវប្បកម្ម និងបានផ្ដល់ឱកាសដល់និស្សិតហាត់ការក្នុងវិស័យជលផល។ អនុប្រធានរដ្ឋបាលជលផល ឯកឧត្តម ស្រ៊ុន លឹមសុង បានគូសបញ្ជាក់ថា “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ហើយនៅតាមបណ្តាខណ្ឌរដ្ឋបាលជលផលក៏ទទួលបានអត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះនិសិ្សត និងខណ្ឌរដ្ឋបាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍន៍ការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង។
លោក អេវីរ៉េត កឿន អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានចាត់ទុកគម្រោង CAPFISH-Capture ដែលអនុវត្តន៍នៅកម្ពុជា គឺមានទំហំធំជាងគម្រោងនៅតាមបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក។ គម្រោងនេះ ត្រូវបានលោក Everaert Koen គូសបញ្ជាក់ថា វាជាឱកាសសម្រាប់អភិវឌ្ឍន៍វិស័យជលផលកម្ពុជា ឱ្យឆ្លើយតបចំពោះចក្ខុវិស័យរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ សម្រាប់មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជារូបនេះ ការគាំទ្ររបស់សហភាពអឺរ៉ុបលើគម្រោងជលផលនៅកម្ពុជា គឺបានឆ្លើយតបចំពោះកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗនេះ។
ពាក់ព័ន្ធនឹងគម្រោង CAPFISH-Capture នេះដែរ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលជលផល និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ។ ការពង្រឹងការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល ត្រូវបានចាត់ទុកថា គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលកំពុងត្រូវបានអនុវត្តជាផ្នែកមួយនៃការគាំទ្របន្ថែមរបស់អង្គការ FAO ដល់កម្មវិធី CAPFISH-Capture ក្នុងគោលបំណង ជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព ដែលគិតគូរពីភាពធន់នឹងអាកាសធាតុនៅតំបន់ទឹកសាប និងតំបន់ឆ្នេរ។
តាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងងនេសាទ នៅក្នុងឆ្នាំ២០២៣ ផលនេសាទ និងផលវារីវប្បកម្ម អនុវត្តបានជាង៨៦ម៉ឺនតោន ស្មើ០,៤៧% ក្នុងនោះផលនេសាទទឹកសាបទទួលបានជាង៤២ម៉ឺនតោន កើនឡើងជាង២ម៉ឺនតោន ស្មើជាង៥% និងផលនេសាទសមុទ្រជាង១២ម៉ឺនតោនកើនឡើង៣០០តោន ស្មើនឹងជិត១% ព្រមទាំងផលវារីវប្បកម្មទទួលបានជាង៣១ម៉ឺនតោនថយចុះជាង១ម៉ឺន៦ពាន់តោន ស្មើនឹងជាង៥%៕