
ឯកឧត្តមបណ្ឌិត តាន់ មន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានចាត់ទុកគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តទាំង២ប្រភេទរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង គឺជាសញ្ញាណមួយដ៏ល្អសម្រាប់ជួយជំរុញវិស័យយានយន្តនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលផលិត និងចែកចាយគ្រឿងបង្គុំយានយន្ត និងបរិក្ខារអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់អាស៊ាន នាពេលអនាគត។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈវត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្តខាងលើនេះ វានឹងជួយជំរុញដល់កំណើនប្រើប្រាស់រថយន្តថ្មីផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូលរថយន្តពីក្រៅប្រទេសបានមួយកម្រិត។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យឧស្សកម្ម គ្រឿងបង្គុំយានយន្ត និងបរិក្ខាអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន គឺកំពុងមានការរីកច្រើនគួរឱ្យកត់សម្គាល់ ពោលគឺបានទាក់ទាញនូវរោងចក្រផ្គុំ និងដំឡើងរថយន្តពីបណ្តាប្រទេស និងក្រុមហ៊ុនធំៗមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញវិធានការអាទិភាពមួយចំនួនក្នុងការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបម្រើដល់តម្រូវការកម្លាំងពលកម្មនៅក្នុងវិស័យនេះ។
សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដល់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង លើការបង្កើតរោងចក្រផ្គុំដំឡើងរថយន្តប្រភេទ CHEVROLET និង GAC ដែលមានទុនវិនិយោគប្រមាណជិត២០លានដុល្លារ និងអាចបង្កើតការងារបានជាង១ពាន់កន្លែង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ អត្ថបទ សោម ស្រីពេជ្រ