
ក្រុមកសិករចិញ្ចឹមត្រីនៅខេត្តកំពង់ធំ បានត្អូញត្អែរពីផលលំបាកមួយចំនួន ដែលពួកគេកំពុងពើបប្រទះ និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ។ ផលលំបាកដែលពួកគេកំពុងជួបប្រទះរួមមានបញ្ហាបច្ចេកទេសក្នុងការថែទាំ ចំណីត្រីមានតម្លៃថ្លៃ អគ្គិសនីមានតម្លៃខ្ពស់ និងការនាំចូលត្រីមានតម្លៃទាបពីប្រទេសជិតខាង ដែលបញ្ហានេះធ្វើការចិញ្ចឹមត្រីក្នុងស្រុកប្រឈមនឹងការខាតបង់ និងពិបាកប្រកួតប្រជែង។ ទន្ទឹមនឹងនេះ ក្រុមកសិករស្នើឱ្យរាជរដ្ឋាភិបាលជួយពិនិត្យ និងចាត់វិធានការលើបញ្ហានេះ ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក និងជីវភាពរបស់កសិករ។
ដោយឡែក លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ថា សមាគមបានដឹងពីបញ្ហាប្រឈមរបស់អ្នកចិញ្ចឹមត្រី និងបានស្នើសុំដល់ស្ថាប័នពាក់ព័ន្ធឱ្យជួយសម្របសម្រួល និងដោះស្រាយជូនដល់កសិករ។ បើតាមអ្នកជំនាញរូបនេះ បញ្ហាប្រឈមមួយចំនួនត្រូវបានសម្របសម្រួលដោះស្រាយរួចរាល់ ប៉ុន្តែបញ្ហាបញ្ហាប្រឈមមួយចំនួនទៀតនៅពុំទាន់មានលទ្ធផលដោះស្រាយនៅឡើយទេ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះបំពេញបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ការផលិតក្នុងស្រុក។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្វែងយល់បន្ថែម និងស្ដាប់នូវបញ្ហាប្រឈម និងការលំបាកនានារបស់ម្ចាស់ផលិតកម្មដែលបានជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយជួយគាំទ្រ ជំរុញ និងលើកទឹកចិត្ត សំដៅលើកកម្ពស់ការផលិតក្នុងស្រុក ជំនួសឱ្យការនាំចូល និងបង្កើនសមត្ថភាពក្នុងការនាំចេញ និងចូលរួមបង្កើតការងារ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព សេង វីន,ប៉ុក វន្ថា