
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ បានកើតឡើង នៅបន្ទាប់ពី ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រម្សិលមិញ បានបើកការវាយប្រហារផ្លូវអាកាសដ៏ធំបំផុតមួយ ទៅលើអ៊ីរ៉ង់ ដែលអ៊ីស្រាអែលចាត់ទុកថា គឺជាការការពារខ្លួន ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
សំឡេងស៊ីរ៉ែន ឱ្យសញ្ញាពីការវាយប្រហារតាមផ្លូវអាកាស បានបន្លឺឡើងពាសពេញទីក្រុងធំៗចំនួនពីរ គឺទីក្រុង Tel Aviv និង Jerusalem របស់អ៊ីស្រាអែល ហើយរដ្ឋាភិបាលបានបញ្ជូនពលរដ្ឋទាំងប្រញាប់ប្រញាល់ដើម្បីស្វែងរកកន្លែងសុវត្ថិភាព ខណៈមីស៊ីលអ៊ីរ៉ង់ បានហោះពាសពេញផ្ទៃមេឃសម្ដៅមកកម្ទេចទីក្រុងទាំងពីរនេះ។ យោធាអ៊ីស្រាអែល បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនក៏បានបើកដំណើរការទប់ទល់នឹងមីស៊ីលរបស់អ៊ីរ៉ង់យ៉ាងសកម្ម ហើយមីស៊ីលជាច្រើន ក៏ត្រូវបានស្ទាក់ចាប់កម្ទេចចោលមុននឹងធ្លាក់ដល់គោលដៅផងដែរ។
យោធាអ៊ីស្រាអែលបានអះអាងថា មានយន្ដហោះចម្បាំង ២០០គ្រឿង បានចេញប្រតិបត្តិការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់ ប៉ុន្ដែ ខាងអ៊ីស្រាអែល នៅមិនទាន់មានការរាយការណ៍អំពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី ១៤ ខែមិថុនានេះ។ ប៉ុន្ដែ បេសកជនអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិវិញបានអះអាងថា យ៉ាងហោចណាស់ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧៨នាក់ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់មួយចំនួនផងដែរ ខណៈអ្នករងរបួស មានដល់ទៅ ៣២០នាក់ ភាគច្រើន គឺជាជនស៊ីវិល។
ក្រោយការរងនូវការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់អ៊ីស្រាអែល អ៊ីរ៉ង់ បានចេញមកបញ្ជាក់ទាំងខឹងសម្បារថា ការសន្ទនាជាមួយអាម៉េរិក ទាក់ទងនឹងកម្មវិធីអនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់ គឺ «គ្មានន័យឡើយ» ហើយអីរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកគាំទ្រការវាយប្រហារនេះផងដែរ។