បន្ថែមលើគម្រោងនេះ កសិករដ្ឋានចិញ្ចឹមគោមួយនេះ ក៏មានគម្រោងលក់គោពូជជូនប្រជាពលរដ្ឋតាមរយៈការបង់រំលស់ផងដែរ។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឲ្យកសិដ្ឋានចិញ្ចឹមគោពូជ i7 បង្កើនកិច្ចសហការជាមួយក្រសួងកសិកម្មឲ្យបានកាត់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃការធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងន័យរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
នាពិធីបើកពិព័រណ៍ និងដេញថ្លៃគោនៅកសិដ្ឋានចិញ្ចឹមគោ i7 កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកកសិដ្ឋានចិញ្ចឹមគោ i7 បានបង្ហាញពីផែនការក្នុងការរួមចំណែកជួយអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមគោនៅកម្ពុជា។ ក្នុងនោះកសិដ្ឋាន i7 គ្រោងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើតគម្រោងបង្កាត់ពូជគោដោយប្រើមេជីវិតគោពូជក្នុងកសិដ្ឋាន i7 ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។ ក្នុងន័យនេះនៅពេលគម្រោងនេះចេញជារូបរាង អ្នកចិញ្ចឹមគោទាំងអស់នៅកម្ពុជាអាចយកមេគោរបស់ខ្លួនមកបង្កាត់ពូជតាមរយៈការចាក់បញ្ចូលមេជីវិតនៅកសិដ្ឋាន i7 ដោយសេរី និងឥតគិតថ្លៃ។
បើតាមការគូសបញ្ជាក់របស់អគ្គនាយកកសិដ្ឋានរូបនេះ គម្រោងនេះអាចនឹងចាប់ផ្តើមអនុវត្តនៅអំឡុងឆ្នាំ២០២៣ ដោយឆ្នាំដំបូងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលពីបច្ចេកទេសនៃការបង្កាត់ពូជគោតាមរយៈការចាក់បញ្ចូលមេជីវិតតាមបែបសិប្បនិម្មិត។ ការបង្កាត់កូនតាមបែបធម្មជាតិមេជីវិតរបស់គោបាអាចផលិតកូនបានតែមួយប៉ុណ្ណោះ តែបើបង្កាត់តាមបែបសិប្បនិម្មិតមេជីវិតគោបាម្តងអាចផលិតកូនគោបានរហូតដល់២៥០កូនឯណោះ។
លោកឧកញ៉ា ស្រី ចន្ធូ បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតគម្រោងនេះថា គឺដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋអាចទទួលបានគោពូជល្អៗសម្រាប់ចិញ្ចឹម ព្រោះប្រជាពលរដ្ឋមិនមានលទ្ធភាពទិញគោពូជល្អៗមកពីក្រៅប្រទេសមកចិញ្ចឹមបាននោះទេ ដ្បិតវាមានតម្លៃខ្ពស់។ ម្យ៉ាងទៀតការធ្វើបែបនេះ ក៏ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាផ្នែកមួយជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា តាមរយៈគម្រោងរបស់កសិដ្ឋានចិញ្ចឹមគោ i7 វានឹងផ្តល់លទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋក្នុងការទទួលបានពូជគោល្អសម្រាប់ចិញ្ចឹម ក៏ដូចជាជួយកែប្រែទម្លាប់របស់ប្រជាពលរដ្ឋពីការចិញ្ចឹមគោកណ្តុរ ក្រឡាតមកចិញ្ចឹមគោពូជល្អៗជំនួសវិញ។ សម្រាប់លោកជំទាវ គម្រោងនេះនឹងក្លាយជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមគោនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះលោកជំទាវ ហោ ម៉ាលីន ជំរុញឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 បង្កើននិងពង្រឹងកិច្ចសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីពង្រីកការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ លោកជំទាវជឿជាក់ថា ប្រសិនបើកសិដ្ឋាន i7 មានកិច្ចសហការល្អជាមួយក្រសួងកសិកម្ម វានឹងអាចជួយកាត់បន្ថយភាពរាំងស្ទះនានាពាក់ព័ន្ធការបំពេញបែបបទមួយចំនួន ដែលជាផ្នែកមួយក្នុងការជួយពង្រីកការធ្វើពាណិជ្ជកម្មរបស់ i7 ទៅកាន់ទីផ្សារអន្តរជាតិ។
បន្ថែមលើការបង្កើតគម្រោងបង្កាត់ពូជគោជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ កសិដ្ឋានចិញ្ចឹមគោ i7 របស់ឧកញ៉ា ស្រី ចន្ធូ ក៏កំពុងអនុវត្តគម្រោងលក់គោពូជល្អៗដោយបង់រំលស់ជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលចង់បានគោល្អៗមកចិញ្ចឹមតែគ្មានលុយគ្រប់គ្រាន់ អាចទទួលបានគោល្អៗមកចិញ្ចឹមផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍ និងដេញថ្លៃគោប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែធ្នូ នៅកសិដ្ឋាន i7 ដែលមានគោល្អៗជាច្រើនទូទាំងប្រទេសចូលរួម។ លើសពីនេះ i7 ក៏មានគម្រោងអភិវឌ្ឍន៍កម្មវិធីឲ្យក្លាយជាកម្មវិធីលំដាប់អន្តរជាតិនាពេលអនាគតផងដេរ។ បច្ចុប្បន្នកសិដ្ឋាន i7 មានគោពូជល្អៗនាំចូលពីបរទេសចំនួន៥០០ក្បាល ដោយគោទាំងនេះមានតម្លៃចន្លោះពី២ពាន់៥រយដុល្លាររហូតដល់២៥ម៉ឺនដុល្លារអាមេរិកក្នុង១ក្បាល។ តាមគម្រោងកសិដ្ឋាននេះគ្រោងពង្រីកការចិញ្ចឹមគោពូជនេះឲ្យកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត៕