សារព័ត៌មាន នីកេ អេស៊ា បានរាយការណ៍នៅថ្ងៃទី៣០ ខែមីនា ថា លោក ចេហ្វ្រី ស៊ែក គឺជាសេដ្ឋវិទូ និងអ្នកវិភាគនយោបាយអាម៉េរិកដ៏ល្បីល្បាញម្នាក់ ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកបានព្រមានថា សង្គ្រាមបញ្ឆេះឡើងដោយអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបង្កអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ហើយអាចបង្កវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ ហានិភ័យដ៏ធំមួយ គឺការរាំងស្ទះច្រកសមុទ្រ Hormuz ដែលប្រេងរហូតដល់ទៅប្រមាណ២០% និងឧស្ម័នធម្មជាតិរាវ LNG រហូតដល់ទៅប្រមាណ៣០% របស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកនេះ។ ការបិទច្រកសមុទ្រ Hormuz រយៈពេលវែងអាចបង្កវិបត្តិថាមពលសកលធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដែលជាលទ្ធផលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក។
លើសពីនេះ សាស្ត្រាចារ្យរូបនេះបានរិះគន់យ៉ាងខ្លាំងចំពោះផ្នត់គំនិត«ឱ្យតែអញរស់»ក្នុងនយោបាយមហាអំណាច ដែលប្រទេសនានាតែងតែមើលឃើញផលចំណេញរបស់គូប្រជែង ជាការខាតបង់របស់ខ្លួន។ លោកអះអាងថា ផ្នត់គំនិតដណ្ដើមគ្នារស់ជំនួសឱ្យការចែកគ្នាមាននេះហើយ ដែលកំពុងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធ។
សម្រាប់អ្នកជំនាញរូបនេះ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី និងភាពជាដៃគូពាណិជ្ជកម្ម គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចសកល។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់ នៅតែបន្តឆាបឆេះ ហើយមានភាគីកាន់តែច្រើនចូលរួមលូកដៃ នោះវានឹងអាចរុញច្រានពិភពលោកឱ្យចូលក្នុងសង្គ្រាមលោកលើកទី៣ ដែលមិនអាចចៀសរួច៕
ដោយ: តែម សុខុម