ចិន-អាហ្វ្រិក

ចិនច្រានចោលការលើកឡើងថាខ្លួនដាក់អន្ទាក់បំណុលអាហ្វ្រិក និងថាបស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ


ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ឈីន កាង (Qin Gang) កាលពីថ្ងៃចន្ទទី ១២ធ្នូបានចេញមុខមកច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងបានបោកបញ្ឆោតបណ្តាប្រទេសអាហ្រ្វិកឱ្យផុងខ្លួនជាប់ជំពាក់បំណុលចិន។ ការលើកឡើងរបស់លោក ឈីង កាង ធ្វើឡើងក្នុងអំឡុងពេលវេទិកាមួយនៅមុនកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកដែលត្រៀមធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខ។ លោក ឈីង កាង ថែមទាំងបាន និយាយវាយបកទៅវិញទៀតថា ប្រទេសអាហ្វ្រិកបានជំពាក់បំណុលបស្ចិមលោកច្រើនជាងចិនដល់ទៅចំនួន ៣ ដងឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះ។
ចិនច្រានចោលការលើកឡើងថាខ្លួនដាក់អន្ទាក់បំណុលអាហ្វ្រិក និងថាបស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ

ប្រធានាធិបតីអាមេរិកលោក ចូ​ បៃដិន ​​គ្រោងនឹងទទួលស្វាគមន៍​​ក្រុម​មេ​ដឹកនាំ​អាហ្វ្រិករាប់សិបនាក់​សម្រាប់កិច្ចប្រជុំកំពូលមួយ​នៅសប្តាហ៍នេះ​​នៅក្នុង​ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាពី​បញ្ហា​ប្រឈម​មួយចំនួន​​ មាន​​ចាប់​​ពីបញ្ហា​សន្តិសុខស្បៀង​រហូតដល់​បញ្ហា​​ប្រែប្រួលអាកាសធាតុ។

រដ្ឋបាលលោកូបៃឌិន ក៏បាន​បង្ហាញពីការសន្យានឹងផ្ដល់​ត្រៀមកញ្ចប់ថវិកា​ដល់ទៅ ៥៥ពាន់លានដុល្លារអាមេរិក​ ដើម្បី​ជួយជំរុញការអភិវឌ្ឍ​នៅតំបន់អាហ្វ្រិក​នៅក្នុង​រយៈពេល​៣ឆ្នាំខាងមុខនេះ។

លោក ឈីន ​​កាង ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​សហរដ្ឋអាមេរិក បាននិយាយ​ប្រាប់អ្នកសារព័ត៌មាន​នៅទីក្រុងវ៉ាស៊ីនតោនថា​ "ជំនួយវិនិយោគ និងហិរញ្ញប្បទានរបស់​ចិនទៅឱ្យ​ទ្វីបអាហ្រ្វិក​មិនមែនជាអន្ទាក់​នោះ​ទេ ហើយ​លោកបានបន្ថែមថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកគួរតែជាកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​រួមទាំង​រវាង​ចិន និងសហរដ្ឋអាមេរិក​​ផង​ដែរ ​ដើម្បីជាប្រយោជន៍ដល់ប្រជាពល​រដ្ឋ​​អាហ្វ្រិក​ ប៉ុន្តែ​មិនមែនជា​«កន្លែងសម្រាប់លេង​ល្បែងភូមិសាស្ត្រនយោបាយ»​នោះទេ។

លោក ឈីន ​កាង​បានដកស្រង់លទ្ធ​ផល​​សិក្សាពី​ខែកក្កដា​របស់​អង្គការសប្បុរសធម៌​អង់គ្លេស​ Debt Justice ​ដែលបាននិយាយថា ប្រទេសអាហ្វ្រិក​បាន​ជំពាក់បំណុលស្ថាប័ន​នៅ​​បស្ចឹម​លោក​ច្រើន​ជាង​ការ​ជំពាក់​បំណុល​​​ចិន​ដល់​ទៅ​ ៣ ដង​ឯណោះ​។ ​ចិនមិនមែនជាម្ចាស់បំណុលធំបំផុត​នៃបំណុលរបស់​​អាហ្វ្រិក​នោះ​ទេ​ ហើយ​​បំណុល​ដែល​អាហ្វ្រិក​ជំពាក់​​ចិន ​គឺ​មាន​​ចំនួន​តិចតួច​ប៉ុណ្ណោះ។

ទោះយ៉ាងណា ក្រុមអ្នកវិភាគ​បាន​និយាយថា ប្រទេសចិននៅតែជាប្រទេស​ផ្តល់ប្រាក់កម្ចីទ្វេភាគី​ដ៏ធំបំផុត​ដល់ទ្វីប​អាហ្រ្វិកក្នុងទសវត្សរ៍ចុងក្រោយនេះ​​ ទោះបីជា​ការសន្យា​ផ្ដល់​ប្រាក់កម្ចីថ្មី​បានធ្លាក់ចុះ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះក៏ដោយ។​

កាលពីឆ្នាំមុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​​លោក អេន​តូនី ​ប្ល៊ីនខិន ​បាននិយាយថា ​ទីក្រុង​វ៉ាស៊ីន​តោន​នឹងត្រូវធ្វើអ្វីៗផ្សេង​​ទៀត ​​​ដើម្បីជួយដល់ទ្វីបអាហ្រ្វិក​ ដែល​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​​​​ក្រោយ​ពីការ​លើក​ឡើង​ដោយ​មើលស្រាល​របស់​លោក ដូណាល់ ត្រាំ ​ចំពោះ​​ប្រទេសអាហ្វ្រិក​កាលពីពេលកន្លងទៅ។​ លោក ប្ល៊ីនខិន ​​​ក៏បាននិយាយ​ដែរថា​ ​វា​ដល់ពេល​ដែល​ត្រូវបញ្ឈប់ការចាត់ទុក​ទ្វីប​នេះ​​ជាប្រធានបទ​នៃ​ភូមិសាស្ត្រ​នយោបាយ​តទៅទៀតហើយ។

គោលនយោបាយការបរទេសរបស់លោក បៃដិន ​​បានសង្កត់ធ្ងន់លើការលើកទឹក​ចិត្ត​​បណ្តា​ប្រទេសបស្ចឹម​លោកឱ្យ​ធ្វើ​ជា​អ្នកប្រឆាំង​ប្រទេសចិន ​ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយកំពូលរបស់អាមេរិក ប៉ុន្តែមន្ត្រី​អាមេរិកបាន​បង្ហាញ​ថា ពួកគេមិនបាន​ស្នើសុំឱ្យដៃគូ​​អាហ្វ្រិក​ជ្រើសរើស​រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះទេ។​

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​លោក ណេត ប្រាយ​ (Ned Price)​ បាននិយាយ​ពីថ្ងៃចន្ទថា ​គណៈប្រតិភូចំនួន ៥០​ ប្រទេសរួម​ទាំង​សហ​ភាពអាហ្វ្រិក​​​ ដែលអាមេរិក​បានអញ្ជើញ​នោះ​​បានអះអាងថា ពួកគេនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិក​ ​នៅទីក្រុងវ៉ាស៊ីនតោន​នៅឆ្នាំ២០២៣។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិករូបនេះ បាននិយាយចាត់ទុកការផ្តល់ប្រាក់​កម្ចីរបស់ចិនថាជា«ការឈ្លានពាន»​ និងនាំទៅរក«​អន្ទាក់បំណុល»​ដ៏​មានសក្តានុពល​ ហើយ​ឥឡូវនេះ​អាមេរិកកំពុងផ្តោតលើការសម្របសម្រួលការវិនិយោគឯកជន។​

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក​លោក ដន ក្រេវ (Don Graves)​ បាននិយាយដែរថា​ ចិនគឺជាអ្នកវិនិយោគធំជាងគេនៅទ្វីបអាហ្រ្វិក ហើយថា ក្រុមហ៊ុន​អាមេរិក​តែងតែ​មិន​ចាប់អារម្មណ៍​ក្នុងការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នោះទេ៕




អត្ថបទបន្ទាប់


កម្រិតបំណុលពិភពលោកថយចុះជាងមុនបន្ដិច ប៉ុន្ដែនៅតែមានខ្ពស់ជាងអត្រានៅមុនកូវីដ១៩រាតត្បាត

ព័ត៌មាន
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF និយាយថា បំណុលសាធារណៈ និងឯកជនសកលលោកបានធ្លាក់ចុះក្នុងអត្រាច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៧០ឆ្នាំចុងក្រោយ…

ចិនដាក់ពាក្យប្ដឹងអាមេរិកដល់WTO ជុំវិញសំណុំរឿងហាមឃាត់បច្ចេកវិទ្យាផលិតឈីបទៅកាន់ទីផ្សារចិន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពួកគេបានចាប់ផ្តើមបញ្ជូនពាក្យបណ្តឹងក្នុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោកហើយ ដើម្បីប្រឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ