
សម្រាប់ឯកឧត្តម វង្សី វិស្សុត ប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង ជាពិសេសនៅក្នុងបរិការណ៍មួយដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពបែកបាក់ទាំងនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ កត្តានេះហើយទើបជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពចម្បងក្នុងចំណោមអាទិភាពគន្លឹះទាំង៥នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកមូលធនមនុស្សជាកត្តាកំណត់មួយនៃភាពខ្លាំង ឬខ្សោយរបស់ប្រទេសជាតិនីមួយៗ ពោលគឺប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង ជាពិសេសនៅក្នុងបរិការណ៍ ដែលពិភពលោកកំពុងស្ថិតក្នុងភាពបែកបាក់ទាំងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មដូចបច្ចុប្បន្ន។ ដោយមើលឃើញពីសារៈសំខាន់នេះ ទើបរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏ចម្បងបំផុតក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានចាត់ទុកការអប់រំ គឺជាមូលដ្ឋានគន្លឹះក្នុងការបង្កើតមូលធនមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ជាមនុស្សដែលមានចំណេះដឹង មានជំនាញច្បាស់លាស់ មានអត្តចរិត គុណធម៌ សីលធម៌ និងសុខភាពរឹងមាំ។ យ៉ាងណាមិញ ឯកឧត្តម ជំរុញឱ្យរៀបចំកម្មវិធីអប់រំឱ្យស្រប និងទាន់ការវិវត្តនៃបច្ចេកវិទ្យា និងឱ្យចំតម្រូវការនៃសង្គម បើមិនដូច្នោះទេ កម្ពុជានឹងត្រូវខាតធនធាន និងខាតពេលវេលា។ សម្រាប់ ឯកឧត្តម វង្សី វិស្សុត ដើម្បីលើកកម្ពស់គុណភាពការអប់រំ គឺត្រូវមានការចូលរួមពីតួអង្គចំនួន៦រួមមាន៖ កត្តាសិស្សខ្លួនឯង, កត្តាគ្រូបង្រៀន, កត្តាសាលារៀន, កត្តាមាតាបិតា និងអាណាព្យាបាលសិស្ស, កត្តាគាំទ្រពីសហគមន៍ និងអាជ្ញាធរនៅនឹងកន្លែង, និងការចូលរួមពីវិស័យឯកជន ដែលនេះគឺជាការចូលរួមទាំងអស់គ្នាក្រោមទិសស្លោក«ទាំងអស់គ្នាដើម្បីការអប់រំ»។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងពីការគិតគូរ និងការដាក់ចេញនូវយុទ្ធសាស្រ្តមួយចំនួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ប្រាក់ចំណូល ការងារ ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ រួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម ព្រោះការធ្វើកសិកម្មជួបហានិភ័យច្រើន ដោយសារកត្តាអាកាសធាតុ និងកត្តាទីផ្សារ។ យុទ្ធសាស្ត្រទាំងនោះរួមមានការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំក្រុមការងារអន្តរាគមន៍ពិសេស, ការរៀបចំគម្រោងលើកកម្ពស់ជីវភាពប្រជាជន, ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ និងការរៀបំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរជាដើម។
ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងចែកអំណាយសប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជាក្រោមប្រធានបទ«ទាំងអស់គ្នាដើម្បីការអប់រំ» ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យទ្រៀល ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យទ្រៀល និងសាលាបឋមសិក្សានានានៅមូលដ្ឋានស្រុកតាំងគោកសរុបប្រមាណជាង ៣,៥០០នាក់៕
អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ