សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់

ក្រសួងប្រៃសណីយ៍ រកឃើញករណីចែកចាយសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់នៅតាមតំបន់ក្បែរព្រំដែន


មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ក្រសួងបានរកឃើញ មានករណីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ដោយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនកំពុងរកស៊ីដោយគ្មានលិខិតអនុញ្ញាតលើសសេវានេះ នៅតាមតំបន់មួយចំនួនជាប់ព្រំដែន។
ក្រសួងប្រៃសណីយ៍ រកឃើញករណីចែកចាយសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់នៅតាមតំបន់ក្បែរព្រំដែន

ដើម្បីបង្ការ និងបង្ក្រាបលើបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ បានបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានសមាជិក២៩នាក់ ដើម្បីធានាអធិបតេយ្យភាព ប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃការផ្តល់សេវាទូរគមនាគមន៍។ មន្ត្រីក្រសួងប្រៃសណីយ៍អះអាងថា កន្លងមកក្រសួងបានដាក់ចេញវិធានការ និងបង្ក្រាបលើករណីនេះជាច្រើនលើករួចមកហើយ តែសកម្មភាពនេះនៅតែបន្តកើតមានឡើង ហើយតាមរយៈគណៈកម្មការអន្តរក្រសួងនេះ ក្រសួងប្រៃសណីយ៍រំពឹងថា វានឹងជួយឲ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពក្នុងការបង្ក្រាបលើករណីនេះ។

ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ប្រាប់ខេមបូណូមីសថា សកម្មភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់នៅតែបន្តកើតមាន​ឡើងនៅកម្ពុជា។ ឯកឧត្តម អះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ បាន​ និងកំពុងបន្តចែកចាយសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ជាពិសេសនៅតំបន់តាមព្រំដែនកម្ពុជានិងប្រទេសជិតខាង។ ឯកឧត្តមបន្តថា ជុំវិញបញ្ហាឈ្មួញទិញសេវាទូរគមនាគមន៍ពីប្រទេសជិតខាង មកផ្គត់ផ្គង់ក្នុងស្រុកដោយគ្មានការអនុញ្ញាតនេះ ក្រសួងធ្លាប់បានចាត់វិធានការ និងបង្ក្រាបជាច្រើនលើករួចមកហើយ។ ប៉ុន្តែសកម្ម​ភាពនេះនៅតែបន្តកកើតមានឡើងដដែល។

ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចបង្កើតគណៈ កម្មការអន្តរក្រសួងមួយដែលមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាប្រធាន ដើម្បីបង្ការ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់​សេវាទូរគមនាគមន៍​ឆ្លងដែន​ខុស​ច្បាប់។ ឯកឧត្តម លីវ សុផាណារិទ្ធិ ជឿជាក់ថា តាមរយៈគណៈកម្មការនេះ វានឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការអនុវត្តច្បាប់​ឲ្យកាន់តែ​ល្អប្រសើរ និងជួយ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់​សេវាទូរគមនាគមន៍​នៅតាម​តំបន់ព្រំដែន​ឲ្យកាន់តែ​មាន​របៀបរៀបរយ។​ ហើយវាក៏ជាផ្នែក​មួយ​ក្នុងការជួយ​បង្កើន​ប្រាក់ចំណូល​របស់រដ្ឋ តាមរយៈ​បង្វែ​ឲ្យប្រជាពលរដ្ឋ​ងាកមក​ប្រើប្រាស់​សេវាទូរគមនាគមន៍​ស្របច្បាប់​ក្នុងស្រុក។

គណៈកម្មការអន្តរក្រសួងដែលមាន​សមាភាពប្រធាន អនុប្រធាន និងសមាជិកសរុបចំនួន២៩នាក់ខាងលើមានភារកិច្ច និងតួនាទី បង្ការ បង្ក្រាប និងត្រួតពិនិត្យលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ ឆ្លងដែន ដើម្បីធានាអធិបតយ្យភាព ប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃការផ្តល់សេវាទូរគមនាគមន៍នៅកម្ពុជា ក៏ដូចជារៀបចំផែនការកែសម្រួលរាល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍​អន្តរជាតិ​នៅតាមបណ្ដោយព្រំដែនកម្ពុជា ដោយត្រូវបង្វែរឱ្យមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱនភាពពាណិជ្ជកម្មកម្ពុជាកើនខ្ពស់ ខណៈការនាំចូលមាសកើនដល់ជាង ៤ពាន់លានដុល្លារ

ព័ត៌មាន
បើទោះបីជាការនាំចេញទំនិញផ្នែកកម្មន្ដសាល និងការនាំចេញផលិតផលកសិកម្មកម្ពុជានៅមួយរយៈកន្លងមកនេះ មានកើនឡើងខ្លាំងក៏ដោយ ប៉ុន្ដែ ឱនភាពពាណិជ្ជកម្…

វៀតណាមបន្ដរឹតបន្ដឹងលើការនាំចូលទំនិញពីប្រទេសជិតខាង ដោយសារបារម្ភពីការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មី

ព័ត៌មាន
ប្រទេសវៀតណាម កាន់តែបង្កើនការរឹតត្បិតលើការត្រួតពិនិត្យទំនិញចេញ-ចូល ព្រោះតែបារម្ភពីការឆ្លងកូវីដ-១៩ ខណៈប្រទេសនេះ បានរកឃើញនូវចំនួនអ្នកឆ្លងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ