ការស្ទង់មតិស្ដីអំពីហានិភ័យជាសកលនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីសបានបង្ហាញថា អ្នកឆ្លើយសំណួរជិតមួយភាគបួនស្មើនឹង២៣% បានចាត់ទុកបញ្ហាជម្លោះប្រដាប់អាវុធជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភខ្លាំងជាងគេបំផុតសម្រាប់ឆ្នាំ២០២៥។ ជាមួយគ្នានេះ បញ្ហាព័ត៌មានមិនពិត ក៏ជាហានិភ័យដ៏កំពូលក្នុងរយៈពេលពីរឆ្នាំជាប់គ្នាផងដែរ ខណៈការព្រួយបារម្ភលើបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ការបាត់បង់ជីវចម្រុះ និងការដួលរលំនៃប្រព័ន្ធអេកូឡូស៊ីបានគ្របដណ្ដប់លើចំណាត់ថ្នាក់ហានិភ័យរយៈពេល១០ឆ្នាំ។
ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជារលកកម្ដៅ ព្យុះកំបុតត្បូង និងទឹកជំនន់ជាដើមជាហានិភ័យទាំងសម្រាប់រយៈពេលខ្លី និងរយៈពេលវែង ខណៈវិបត្តិអាកាសធាតុបានកើតមានឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំងឡើងៗ។ របាយការណ៍ហានិភ័យសកលនេះត្រូវបានធ្វើឡើងនៅពេលក្រុមមេដឹកនាំជិត៣ពាន់នាក់ មកពីជាង១៣០ប្រទេស កំពុងរៀបចំចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៤ថ្ងៃ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
លោក មីរ៉េក ឌូសេន (Mirek Dušek) នាយកគ្រប់គ្រងនៅវេទិកាសេដ្ឋកិច្ចពិភពលោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបាត់បង់ទំនុកចិត្តគ្នាលើសកលលោក និងវិបត្តិអាកាសធាតុកំពុងធ្វើឱ្យប្រព័ន្ធសកលលោកកាន់តែតានតឹងមិនធ្លាប់មានពីមុនមក។
លោក ឌូសេក បានបន្ថែមថា នៅក្នុងពិភពលោកមួយដែលមានការបែកបាក់គ្នាកាន់តែស៊ីជម្រៅ និងហានិភ័យកាន់តែកើនឡើង ក្រុមមេដឹកនាំពិភពលោកមានជម្រើសមួយ គឺត្រូវជំរុញកិច្ចសហការ និងភាពរឹងមាំ បើមិនដូច្នោះទេ ពិភពលោកអាចប្រឈមមុខនឹងអស្ថិរភាពជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ មង្គល