មន្ត្រីប៉ូលីសក្រុងឡាសវ៉េហ្កាស លោក ខេវិន ម៉ែកម៉ាហ៊ីល (Kevin McMahill) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា រថយន្តម៉ាក Cybertruck បានផ្ទុះឆេះនៅមុខសណ្ឋាគារ Trump Hotel កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ ដោយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស៧នាក់ដោយសារការខ្ទាតបំណែករថយន្ត។
មន្ត្រីអនុវត្តច្បាប់ដែលសង្ខេបអំពីការស៊ើបអង្កេតនេះបានឱ្យដឹងថា អាជ្ញាធរជឿថា កាំជ្រួចធុងឧស្ម័ន និងប្រេងម៉ាស៊ីនត្រូវបានគេតភ្ជាប់ទៅនឹងប្រព័ន្ធបំផ្ទុះមួយដែលគ្រប់គ្រងដោយអ្នកបើករថយន្ត Tesla Cybertruck ហើយទីភ្នាក់ងារស៊ើបការណ៍ FBI កំពុងធ្វើការដើម្បីកំណត់ថាតើឧប្បត្តិហេតុនេះគឺជាអំពើភេរវកម្មឬយ៉ាងណា។
លោក ម៉ែកម៉ាហ៊ីល បាននិយាយថា រថយន្តនេះត្រូវបានជួលមកពីរដ្ឋខូឡូរ៉ាដូ ហើយបានទៅដល់ទីក្រុងឡាសវ៉េហ្កាស នៅម៉ោង៧:៣០ព្រឹកថ្ងៃពុធ ហើយប្រហែលមួយម៉ោងក្រោយមក ក៏បានធ្វើដំណើរតាមមហាវិថីឡាសវ៉េហ្កាសឡើងទៅកាន់សណ្ឋាគារ Trump Hotel ហើយក៏បានផ្ទុះនៅខាងមុខសណ្ឋាគារនោះតែម្ដង។
លោក ម៉ែកម៉ាហ៊ីល បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្រោយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកវាយប្រហារម្នាក់បានបើករថយន្តទៅបំបុកហ្វូងមនុស្ស ដែលកំពុងចូលរួមក្នុងពិធីឆ្លងឆ្នាំកាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១៥នាក់ ហើយយ៉ាងតិច៣៥នាក់ទៀតបានរងរបួស។ ពេលនេះទីភ្នាក់ងារ FBI កំពុងស៊ើបអង្កេតថា តើឧប្បត្តិហេតុទាំងពីរនេះមានការទាក់ទំនងគ្នាដែរឬយ៉ាងណា៕
អត្ថបទ៖ សុខ មង្គល