វិស័យសេដ្ឋកិច្ចថៃកំឡុងពេលកូវីដ

ថៃពេលនេះកំពុងដុនដាបកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ តើទស្សនវិស័យសេដ្ឋកិច្ចថៃមានការប៉ះពាល់យ៉ាងណាខ្លះដែរ?


ប្រទេសថៃ បានជួបរលកឆ្លងកូវីដ-១៩ខ្លាំងក្លា ចាប់តាំងពីខែមេសាមក ហើយចំនួនឆ្លងប្រចាំថ្ងៃ មកទល់បច្ចុប្បន្ន នៅមិនទាន់ស្រាកស្រាន្ដនោះទេ ពោលគឺនៅតែមានអ្នកឆ្លងថ្មីជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ បើតាមទិន្នន័យ ពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃបានឲ្យដឹងថា គិតពីថ្ងៃទី ១ ខែមេសា មកទល់ខែកក្កដានេះ កូវីដ-១៩ បានឆ្លងរាលដាលចូលរោងចក្រជាង ៥០០ ហើយនៅក្នុងប្រទេសថៃ មានកម្មករជិត៣ម៉ឺន៧ពាន់នាក់នៅខេត្តចំនួន៤៩ក្នុងប្រទេសថៃ បានឆ្លងមេរោគនេះ ខណៈបច្ចុប្បន្ន ករណីឆ្លងនៅប្រទេសនេះគឺ កំពុងមានចរាចរយ៉ាងសកម្មដោយមេរោបំប្លែងថ្មី ឌែលតា។
ការផ្ទុះកូវីដ-១៩នៅប្រទេសថៃឆ្លងចូលក្នុងរោងចក្រ មានកម្មករជិត៣ម៉ឺន៧ពាន់នាក់នៅខេត្តចំនួន៤៩ក្នុងប្រទេសថៃ បានឆ្លងមេរោគនេះ

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩ បាន​និយាយ​ថា ខេត្ត​ភី​ត​បុរី គឺ​មាន​ករណី​ឆ្លង​ខ្ពស់​ជាងគេ ដែល​មាន​កម្មករ​ដល់​ទៅ​ជាង​៤​ពាន់​នាក់​បាន​ឆ្លង ក្នុង​ចំណោម​ខេត្ត​ទាំង​៤៩​នៅ​ទូ​ទាំង​ប្រទេស​ថៃ​។ រោងចក្រ ដែល​មាន​ករណី​ឆ្លង​ខ្លាំង​ជាងគេ គឺ​ស្ថិត​ក្នុង​វិស័យ​ផលិត​ចំណីអាហារ បន្ទាប់​មក​គឺ​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​, រោងចក្រ​កាត់ដេរ​, រោងចក្រ​ដែក និង​រោងចក្រ​ផ្លា​ស្ទិ​ក​ជាដើម​។

នៅ​ទូ​ទាំង​ប្រទេស​ថៃ មាន​រោងចក្រ​សរុប​ជាង​៦​ម៉ឺន​រោងចក្រ ហើយ​ក្នុង​នោះ មាន​ជិត​២​ម៉ឺន​រោងចក្រ ត្រូវ​បាន​វាយតម្លៃ​សម្រាប់​វិធានការ​គ្រប់គ្រង​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ មាន​ជិត​៧០% បាន​ឆ្លង​ផុត​ការ​ត្រួតពិនិត្យ​លក្ខណៈ​វិនិច្ឆយ​ពី​សំណាក់​អាជ្ញាធរ​។

សូម​បញ្ជាក់​កថា សេដ្ឋកិច្ច​ថៃ គឺ​នៅ​តែ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ ហើយ​បញ្ហា​ផ្ទុះ​កូ​វី​ដ​-១៩​ឆ្លង​ចូល​ក្នុង​រោងចក្រ​នេះ ចង់ ឬ​មិន​ចង់ វា​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ដែរ​។ យ៉ាងណាមិញ បញ្ហា​កូ​វី​ដ​-១៩ ដែល​កំពុង​រា​ត្បា​ត​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ក៏​កំពុង​ធ្វើ​ឲ្យ​តម្លៃ​លុយ​បាត​ថៃ​មានការ​ធ្លាក់​ចុះ​ខ្លាំង គឺ​ក្នុង​អត្រា​មួយ​ទាប​បំផុត​ក្នុង​រយៈពេល​១៥​ខែ​កន្លង​មកនេះ ធៀប​ទៅ​នឹង​លុយ​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ទីផ្សារ​ហាងឆេង​ប្ដូរ​បរទេស ខណៈ​ដែល​មេរោគ​បំប្លែង​ថ្មី ឌែ​លតា ដែល​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​ថៃ ក៏​កំពុង​វាយបំបាក់​ក្ដី​សង្ឃឹម​នៅ​ក្នុង​ចំណោម​វិនិយោគ ចំពោះ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ការ​ស្ដារ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

នៅ​ស​ប្ដា​ហ៍​មុន​នេះ តម្លៃ​លុយ​បាន​ថៃ បាន​ធ្លាក់​ចុះ​មក​នៅ ៣២,៩​បាត ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ១០% តាំងពី​មានការ​កើនឡើង​ខ្ពស់​នៅ​ចុងឆ្នាំ​២០២០​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ស្រប​ពេល​ស្ថានភាព​មេរោគ​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង និង​ការ​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ទល់​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ រាជរដ្ឋាភិបាល​ថៃ ក៏​មាន​វិធានការ​ជួយ​សង្គ្រោះ​ពលរដ្ឋ និង​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​ជា​បន្ដបន្ទាប់​ដែរ​។ ទោះ​យ៉ាងណា ស្ថានភាព​នា​ពេល​នេះ ស្ថាន​ប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជា​ច្រើន នៅ​តែ​យល់​ឃើញ​ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​២០២១​នេះ នឹង​មិន​អាច​មាន​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​ព្យាករ​នោះ​ទេ​។ ជាក់ស្ដែង ធនាគារកណ្ដាល​របស់​រដ្ឋ​ថៃ​ខ្លួនឯង ក៏​បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ទាប​ជាង​មុន​ដែរ ដោយ​កាលពីមុន​ធ្លាប់​ព្យាករ​ថា នឹង​មាន​កំណើន ៣% ប៉ុន្ដែ ឥឡូវនេះ កែប្រែ​មក​នៅ​ត្រឹម​១,៨% វិញ​។ រីឯ អ្នក​សេដ្ឋកិច្ច​ខ្លះ​ទៀត ព្រមាន​ពី​សញ្ញា​មួយ​ចំនួន​ថា សេដ្ឋកិច្ច​ថៃ អាច​នឹង​មាន​ស្ថានភាព​អាក្រក់​ដូច​កាលពី​ឆ្នាំ​២០២០​។ 

អ្នកជំនាញ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​នៃ​ធនាគារកណ្ដាល​ថៃ បាន​ប៉ាន់​ស្មានថា ការ​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩ បំប្លែង​ថ្មី ឌែ​លតា អាច​នឹង​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​រួញ​តូច​០,៨% ប្រសិនបើ​មានការ​គ្រប់គ្រង​បាន​ល្អ និង​អាច​ដក​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​បាន​នៅ​ត្រឹម​ពាក់កណ្ដាល​ខែសីហា​នេះ ប៉ុន្ដែ ប្រសិនបើ​ស្ថានភាព​ឆ្លង​ដូច​សព្វ​ថ្ងៃនេះ នៅ​តែ​បន្ដ​ដល់​ចុងឆ្នាំ​នេះ នោះ​កំណើន​ផលិតផល​ក្នុងស្រុក​របស់​ថៃ នឹង​រួញ​ទំហំ ២%​។

សូម​រំឭក​ថា កាលពី​ឆ្នាំ​២០២០ សេដ្ឋកិច្ច​ថៃ មានការ​ធ្លាក់​ចុះ ឬ​រួញ​ទំហំ ៦,១% ដែល​ជា​តួលេខ​ធ្លាក់​ចុះ​មួយ​ដ៏​អាក្រក់​បំផុត គិត​តាំងពី​អំឡុង​ឆ្នាំ​១៩៩៧ ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២ថ្ងៃ កម្ពុជារកឃើញមេរោគបម្លែងថ្មី ឌែលតា ១០៩ករណី ក្នុងនោះ ៥ករណីរកឃើញនៅភ្នំពេញ

ព័ត៌មាន
កម្ពុជានៅថ្ងៃទី៣១ ខែកក្កដា និងទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា ចំនួន ១០៩ករណីបន្ថែមទៀត នៅក្នុងរាជធ…

ពលរដ្ឋម៉ាឡេស៊ីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង ក្រោយបរាជ័យដោះស្រាយវិបត្តិកូវីដ១៩

ព័ត៌មាន
វិបត្តិកូវីដ១៩ គួបផ្សំនឹងអស្ថិរភាព និងភាពចម្រូងចម្រាស់ក្នុងជួររដ្ឋាភិបាលម៉ាឡេស៊ី បានជំរុញឲ្យពលរដ្ឋម៉ាឡេស៊ីជាង១ពាន់នាក់ ភាគច្រើនជាយុវជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ