ការជំនុំជម្រះក្ដីរបស់លោកស្រី ទ្រុង មីឡាន (Truong My Lan) ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ វ៉ាន់ធីញ ផាត (Van Thinh Phat Holdings) នេះបានធ្វើឡើងនៅចំពេលប្រទេសវៀតណាម បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលកំពុងរាលដាលនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះ។ លោកស្រី ឡាន ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយនឹងនាយកប្រតិបត្តិមួយចំនួនរបស់ធនាគារ Saigon ដើម្បីដកប្រាក់ជាង៤០ពាន់លានដុល្លារពីធនាគារនេះអស់ពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ក្នុងទម្រង់នៃប្រាក់កម្ចីក្លែងក្លាយដល់ក្រុមហ៊ុនមួយចំនួនរបស់លោកស្រី។
ទំហំទឹកប្រាក់៧០%នៃប្រាក់កម្ចីនេះត្រូវបានចាត់ទុកថា មិនអាចទទួលបានមកវិញទេ គិតត្រឹមរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៣។ លោកស្រី ឡាន និងអ្នកសមគំនិតចំនួន៨៥នាក់ រួមទាំង៥នាក់ដែលកំពុងជាប់ឃុំនៅឡើយនោះ នឹងត្រូវកាត់ទោសនៅតុលាការរបស់ប្រជាជនទីក្រុងហូជីមិញ ពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ។ ដំណើរការនីតិវិធីខ្លះត្រូវបានគេរំពឹងថា នឹងអូសបន្លាយពេលដល់ថ្ងៃទី២៩ ខែមេសា។ ជនជាប់ចោទទាំងនេះអាចប្រឈមមុខនឹងការចោទប្រកាន់ទោសនៃការស៊ីសំណូក និងការកេងបន្លំ។
បើតាមច្បាប់របស់វៀតណាម ករណីកេងបន្លំធ្ងន់ធ្ងរត្រូវទទួលទោសប្រហារជីវិត ប៉ុន្តែក្រោយមកទោសនេះអាចត្រូវបានបន្ធូរបន្ថយមកនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិតវិញ ប្រសិនបើជនជាប់ចោទបានប្រគល់ប្រាក់មកវិញយ៉ាងតិចបីភាគបួននៃចំនួនទឹកប្រាក់ដែលពួកគេបានកេងបន្លំ ហើយត្រូវសហការយ៉ាងសកម្មជាមួយនឹងមន្ត្រីស៊ើបអង្កេត៕
អត្ថបទ៖ សុខ ជា