វិស័យទេសចរណ៍

ថៃរំពឹងទាក់ទាញភ្ញៀវទេសចរចិន បានជាង២ម៉ឺននាក់ក្នុង១ថ្ងៃ ក្រោយការលើកលែងទិដ្ឋាការចូលជាធរមាន


សមាគមភ្នាក់ងារទេសចរណ៍ថៃ រំពឹងថា ខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរចិន បានច្រើនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ ចាប់ពីដើមខែមីនាតទៅ ពោលគឺក្រោយគោលនយោបាយលើកលែងទិដ្ឋាការថៃ-ចិន ចូលជាធរមាន។ នេះជាការដាក់ក្តីរំពឹងថ្មី បន្ទាប់ក្តីរំពឹងពីមុនជួបប្រទះនូវបញ្ហា ដោយសារតែឧប្បត្តិហេតុ នៃការវាយប្រហារមកលើអ្នកទេសចរចិន នៅផ្សារទំនើបនៅទីក្រុងបាងកក និងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ ថៃ ក៏រំពឹងផងដែរថា ខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបបាន៤០លាននាក់ ជាមួយនឹងប្រាក់ចំណូលជាង ៦៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ។
វិស័យទេសចរណ៍
ដោយ

លោក ស៊ីឌីវាច ឆេវារ៉ាតាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានវាយតម្លៃថា ទំនុកចិត្តរបស់ភ្ញៀវទេសចរចិន ក្នុងការធ្វើដំណើរមកកាន់ប្រទេសថៃត្រូវបានស្តារឡើងវិញទាំងស្រុង​នៅពីរខែដើមឆ្នាំ២០២៤នេះ។ ទោះបីជាបែបនេះក្តីអ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលថៃ គួរតែបន្តយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ រួមជាមួយនឹងដៃគូឯកជន ដើម្បីទាក់ទាញភ្នាក់ងារទេសចរណ៍ចិន រៀបចំដំណើរទេសចរណ៍ជាក្រុម និងកម្មវិធីទាក់ទាញផ្សេងៗទៀត។

យ៉ាងណាមិញប្រធានសមាគមរូបនេះរំពឹងថា តាមរយៈគោលនយោបាយមិនគិតថ្លៃទិដ្ឋាការជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ ដែលនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខនេះ នឹងអាចជួយទាក់ទាញភ្ញៀវទេសចរចិន លើស២ម៉ឺននាក់ ក្នុងមួយថ្ងៃនៅពេញមួយឆ្នាំ២០២៤នេះ ដែលនឹងជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅនៃការស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៤០លាននាក់ ជាមួយនឹងប្រាក់ចំណូលប្រហែលជាង៦៤ពាន់លានដុល្លារ។

សម្រាប់អ្នកជំនាញរូបនេះ ដើម្បីអាចឈានទៅសម្រេចគោលដៅនេះចំណុចសំខាន់ គឺរាជរដ្ឋាភិបាលថៃត្រូវរក្សាកម្រិតទំនុកចិត្តរបស់ភ្ញៀវទេសចរ និងត្រូវប្រាកដថា មិនមានព័ត៌មានអវិជ្ជមានណាមួយ ដែលអាចរំខានដល់ទំនុកចិត្តរបស់អ្នកទេសចរក្នុងការធ្វើដំណើរមកកាន់ប្រទេសថៃ ជាពិសេសទាក់ទងនឹងសុវត្ថិភាពតែម្តង។ ក្រៅពីវិស័យទេសចរណ៍ ថៃក៏កំពុងដាក់ចេញនូវគោលដៅក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោកកំពូលទាំង១០ផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ លោក ស៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា លោកនឹងអភិវឌ្ឍន៍​ប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់នៅឆ្នាំ២០៣០ ដែលអាចផ្ទុកអ្នកដំណើរអន្តរជាតិ បានជាង១៥០លាននាក់ក្នុងមួយឆ្នាំៗ ជាមួយនឹងផែនការទំនើបកម្មអាកាសយាន្តដ្ឋានអន្តរជាតិទាំង៦ រួមទាំងសុវណ្ណភូមិ ដនមឿង និងឈៀងម៉ៃផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់កម្ចីទិញផ្ទះពីធនាគារធំៗ៥ នៅកូរ៉ខាងត្បូងបានកើនឡើង១០ខែជាប់ៗគ្នា

ព័ត៌មាន
ប្រាក់កម្ចីទិញផ្ទះដែលផ្តល់ដោយធនាគារធំៗចំនួន៥ នៅកូរ៉េខាងត្បូង បានកើនឡើង១០ខែជាប់ៗគ្នាគិតត្រឹមខែកុម្ភៈ ដែលនេះសបញ្ចាក់ឱ្យឃើញពីការកើនឡើងសកម្…

មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់នឹងឡើងតុលាការ ក្រោមបទចោទក្លែងបន្លំប្រាក់កម្ចីដល់៤០ពាន់លានដុល្លារ

ព័ត៌មាន
មហាសេដ្ឋីនីអចលនទ្រព្យវៀតណាម លោកស្រី ទ្រុង មីឡាន គ្រោងនឹងឡើងសវនាការនៅសប្ដាហ៍នេះជុំវិញបទចោទបានក្លែងបន្លំប្រាក់កម្ចីរហូតដល់៤០ពាន់លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ