JICA

JICA រៀបចំផែនការមេ៥ឆ្នាំ ជួយវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាឲ្យមានតម្លៃថោក


ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានធ្វើផែនការមេរយៈពេល៥ឆ្នាំ ដើម្បីកែលម្អប្រព័ន្ធភស្តុភារកម្ម (បណ្តាញដឹកជញ្ជូនទំនិញ) ជាការជួយជំរុញវិស័យដឹកជញ្ជូនទំនិញ (Logistics) នៅកម្ពុជា ឲ្យប្រើពេលវេលាកាន់តែតិច ដឹកទំនិញបានលឿន និងមានតម្លៃថោក។ ការ​ជួយ​ជ្រោមជ្រែងពីមិត្តជប៉ុននេះ ក្នុងគោលដៅធ្វើឲ្យបណ្ដាញដឹកជញ្ជូននៅកម្ពុជា មានតម្លៃប្រហាក់ប្រហែលប្រទេសជិតខាង ខណៈកម្ពុជានាពេលបច្ចុប្បន្ន វិស័យដឹកជញ្ជូនទំនិញ មានតម្លៃខ្ពស់ជាងប្រទេសជិតខាង និងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក។
JICA រៀបចំផែនការមេ៥ឆ្នាំ ជួយវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាឲ្យមានតម្លៃថោក
ដោយ

ផែនការមេដើម្បីកែលម្អែប្រព័ន្ធភស្តុភារកម្មនេះ បានចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០១៨នេះតទៅ ដែលអនុវត្តន៍ដោយអង្គការ JICA និងមានការសិក្សាផ្នែកខ្លះ ដោយធនាគារពិភពលោក។ ការកែលម្អប្រព័ន្ធភស្ដុភារកម្ម គឺជាការកែលម្អលើ៥ចំណុច រួមមាន៖ សមត្ថភាពដឹកជញ្ជូនគ្រប់គ្រាន់ សេវាកម្ម និងការដឹកជញ្ជូនពហុមធ្យោ​បាយ សេវាកម្មភស្តុភារដែលជឿទុកចិត្តបាន សេវាកម្មភស្តុភារសម្បូរបែប (អ្នកផ្តល់សេវាកម្មឯកជនក្នុងទីផ្សារប្រកបដោយតម្លាភាព និងស្មើភាព និង  បច្ចេក​វិទ្យា​​ទំនើប និងអាជីវកម្មសម្រាប់ទសវត្សរ៍ថ្មី (ICT) ពោល គឺកាត់បន្ថយការប្រើប្រាស់ឯកសារសរសេរដោយដៃ ដែលកន្លងមកត្រូវចំណាយពេលយូរ។   

គម្រោងនេះ ផ្តោតយុទ្ធសាស្រ្តចំនួន៥ រួមមាន៖ ១. ការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច និងច្រកទ្វារអន្តរជាតិ ២. ការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារសម្រាប់ការដឹកជញ្ជូនពហុមធ្យោបាយ ៣. ការកែលម្អែ ការគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែន និងនីតិវិធីពាណិជ្ជកម្ម ៤. លើកកម្ពស់សេវាភស្ដុភារកម្មឯកជន ៥. ពង្រឹងក្របខណ្ឌច្បាប់ និងស្ថាប័ន។

លោក សានុយ កាហ្សូម៉ាសា ប្រធានទីប្រឹក្សាអង្គការ JICA អង្គុយនៅចំកណ្តាល (រូបថត៖ រ៉ឹម ភារី)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក សានុយ កាហ្សូម៉ាសា ប្រធានទីប្រឹក្សា JICA បានថ្លែងថា ដើម្បីចូលរួមជួយវិស័យដឹកជញ្ជូន ប្រទេសជប៉ុនបានជួយសាងសង់ស្ពានអ្នកលឿងដែលតភ្ជាប់ទៅតំបន់អាស៊ាន និងសង់ចំណតពហុបំណងរបស់កំពង់ផែក្រុងព្រះសីហនុ ដែលទើបសម្ពោធកាលដើមសប្តាហ៍នេះ ហើយ JICA បានចាប់ផ្តើមគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មរយៈពេល៥ឆ្នាំនេះផងដែរ ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រព័ន្ធដឹកជញ្ជូនទំនិញ ដែលមានតម្លៃប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ។  

លោកថ្លែងថា៖ «នៅក្នុងតំបន់អាស៊ាន មានវិនិយោគិនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកដាក់ទុនវិនិយោគ ហេតុនេះ ប្រព័ន្ធនៃការដឹកជញ្ជូន គឺមានការប្រកួតប្រជែងក្នុងថ្នាក់អន្តរជាតិ និងវាបានបញ្ជាក់ពីគុណភាពនៃការរស់នៅរបស់ប្រជាជនផងដែរ។ ទន្ទឹមនឹងឱកាស កម្ពុជាក៏មានការគំរាមកំហែង នោះ គឺការកើនឡើងតម្លៃពលកម្មនៅកម្ពុជានៅខាងមុខ ដែលជាកត្តាមួយ អាចនាំបាត់បង់ការប្រកួតប្រជែងផងដែរ។ អ្វីដែលខ្ញុំលើកឡើងមុននេះ គឺជាកាលានុវត្តភាព និងកត្តាគំរាមកំហែងខ្លះ យើងគួរធ្វើអ្វីខ្លះ ដើម្បីកែលម្អែ និងទប់ស្កាត់បញ្ហាទាំងនេះ»។ 

បើតាមអ្នកជំនាញវិស័យដឹកជញ្ជូនរូបនេះ កំណើនប្រជាជនកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន ១,១៣ ដង ខណៈទំហំនៃកំណើនសេដ្ឋកិច្ច ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានកំណើន ១,៦៥ដង ដែលវិស័យភស្តុភារកម្ម ត្រូវតែពង្រីកបន្ថែមជាចាំបាច់ ជាពិសេសការពង្រីកសមត្ថភាពនៅតាមច្រកទ្វារអន្តរជាតិសំខាន់ៗរបស់កម្ពុជា។  

លោកបន្តថា ដើម្បីឲ្យវិស័យ Logistics រីកចម្រើន គឺទាមទារឲ្យមានការចូលរួមច្រើនពីភាគីពាក់ព័ន្ធ។ លើសពីនេះ JICA កំពុងបន្តគម្រោងលើកកម្ពស់សមត្ថភាពគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ធ្វើឲ្យប្រព័ន្ធបែបបទពន្ធគយកាន់តែល្អប្រសើរជាងមុន ប្រព័ន្ធត្រួតពិនិត្យការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត និងពង្រីកផ្លូវជាតិលេខ៥ពី២គន្លងមក៤គន្លងជាដើម។ 

ការសិក្សារបស់ JICA បានរកឃើញថា នៅកម្ពុជាមានតម្លៃ Logistic ថ្លៃជាងប្រទេសជិតខាង ដោយសារតែនៅកម្ពុជា អ្នកដឹកជញ្ជូនត្រូវចំណាយ៦០ដុល្លារក្នុងមួយកុងតឺន័រសម្រាប់តម្លៃនៃការត្រួតពិនិត្យទំនិញរបស់ស្ថាប័នកាំកុងត្រូល ខណៈប្រទេសដទៃទៀត មិនមានការចំណាយរបៀបនេះឡើយ។ លើសពីនេះ តម្លៃនៃការបំពេញ​បែបបទរដ្ឋបាលរបស់ពន្ធគយកម្ពុជា ក៏មានតម្លៃកម្រិតខ្ពស់ទៀតផង។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន (រូបថត៖ រ៉ឹម ភារី)

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងបានស្នើសុំឲ្យ JICA ជួយលើការកែលម្អប្រព័ន្ធភស្ដុភារកម្មនេះ ដើម្បីឲ្យប្រព័ន្ធនៃការដឹកជញ្ជូនកម្ពុជា កាន់តែល្អ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ខណៈដែលរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដុតដៃដុតជើងពន្លឿនក្នុងការពង្រីកផ្លូវជាតិលេខ៥ដែលជាច្រកឆ្ពោះទៅកាន់ច្រកអន្តរជាតិប៉ោយប៉ែត ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ គ្រោង​សាង​សង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងសាងសង់ល្បឿនលឿនភ្នំពេញ-ច្រកព្រំដែនបាវិត ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែចរចារជាមួយមិត្តចិន ដើម្បីធ្វើផ្លូវមួយខ្សែពីខេត្តប៉ៃលិនឆ្ពោះទៅខេត្តកោះកុងទៀតផង។        

លោកថ្លែងយ៉ាងដូច្នេះថា៖ «បណ្ដាញដឹកជញ្ជូនល្អ មាន៣សំខាន់ គឺចំណាយពេលពេលវេលាតិច តម្លៃថោក និងគួរឲ្យជឿទុកចិត្តបាន មានន័យថា បើគេកម៉្មង់ទំនិញពេលណា ត្រូវដឹកឲ្យគេដល់ពេលហ្នឹង។ បច្ចុប្បន្ន ក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលបានប្រឹងប្រែង ដើម្បីពង្រីកផ្លូវ និងសាងសង់ផ្លូវបន្ថែម ព្រោះ បើផ្លូវល្អស្អាត ការដឹកជញ្ជូនក៏បានលឿន និងចំណេញពេលវេលាតាមហ្នឹងដែរ»៕   ​        

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកឧកញ៉ា សៀ ឫទ្ធី៖ វិនិយោគិនបរទេសហូរចូលកម្ពុជាយ៉ាងសម្បើម ដោយសារសម្លឹងឃើញកត្តាសំខាន់ ២

ព័ត៌មាន
កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការហូរចូលនូវការវិនិយោគពីក្រៅប្រទេសយ៉ាងសម្បើម និងស្ទើរតែជ្រាបទៅដល់គ្រប់វិស័យ។ សេដ្ឋីល្បីឈ្មោះ និងមាន…

ធនាគារជាតិ ប្រកាសពីផលវិបាកនៃកម្ចីខុសច្បាប់ តែអ្នកជំនាញស្នើឲ្យបង្ហាញឈ្មោះក្រុមហ៊ុនខុសច្បាប់ទាំងនោះ

ព័ត៌មាន
បន្ទាប់ពីកត់សម្គាល់ឃើញថា ថ្មីៗនេះ មានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយតាមបណ្តាញសង្គម ការចែកចាយនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ