ទន្ទឹមប្រាក់ចំណេញសុទ្ធកើនឡើង ប្រាក់បញ្ញើអតិថិជនរបស់ធនាគារ ABA នៅត្រីមាសទី១ ឆ្នាំ២០២៤ ក៏បានកើនឡើងដូចគ្នាដែរ ពោលគឺសម្រេចបានដល់ទៅជាង ៩,៦៩ ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈប្រាក់កម្ចីដុលវិញមានដល់ទៅជាង ៨,១៥ ពាន់លានដុល្លារ កើនឡើង១៨%។ ជាមួយគ្នាននេះ ទំហំទ្រព្យសកម្មរបស់ធនាគារក្នុងស្រុកមួយនេះ ក៏បានកើនឡើងកាន់តែខ្ពស់ផងដែរ ពោលគឺមានដល់ទៅជាង ១២,០៦ ពាន់លានដុល្លារ កើនឡើង២៤%។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានគូសបញ្ជាក់ថា នៅត្រីមាសដំបូង នៃឆ្នាំ២០២៤ ធនាគារ ABA បានបង្ហាញនូវលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យកត់សម្គាល់ ដោយពង្រឹងជំហរជាគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ច និងជាចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។
លោក Askhat បានសង្កត់ធ្ងន់ថា «ដោយមានយុទ្ធសាស្ត្រដ៏ល្អឯក បណ្ដាញធុរកិច្ចប្រាក់បញ្ញើ និងប្រាក់កម្ចី ព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថល បានធ្វើឲ្យ ABA ក្លាយជាធនាគារឈានមុខគេ ក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាព និងជាធនាគារពាណិជ្ជធំជាងគេបំផុតរបស់កម្ពុជា។»
ជាមួយគ្នានេះ លោក Askhat ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាថ្នាក់ដឹកនាំរបស់ធនាគារ ABA ដើម្បីបន្ដគាំទ្រដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្មនានា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ជាមួយនឹងកិច្ចការផ្ដោតលើកាផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការប្តេជ្ញាចិត្តចំពោះភាពរីកចម្រើន និងវិបុលភាពជាតិ។
សូមបញ្ជាក់ថា ជាមួយនឹងការឈរជើងជិត៣ទសវត្សរ៍នៅក្នុងទីផ្សារកម្ពុជា ធនាគារ ABA ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនាមជាធនាគារដ៏ធំជាងគេមួយ ផ្ដល់ជូននូវសេវាធនាគារយ៉ាងសម្បូរបែបជូនដល់អ្នកប្រើប្រាស់ជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្ដបុគ្គល។ ជាមួយនឹងការពង្រីកខ្លួនជាបន្តបន្ទាប់ គិតមកត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ធនាគារ ABA មានសាខាសរុបចំនួន ៩៥ នៅទូទាំងប្រទេស ពោលគឺកើនឡើង១០សាខា បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២៣។ ជាមួយគ្នានេះ គណនីអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារនេះ មានដល់ទៅជាង ៧,៦៦ លានគណនី ពោលគឺបានកើនឡើង៤១%៕