
ថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភានាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបន្តអំពាវនាវដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកប្រទេសកំណើតវិញ ខណៈរាជរដ្ឋាភិបាល ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេផងដែរ។ សម្តេចតេជោ បានអរគុណដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានគាំទ្រចំពោះការពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃវិញ និងបានបន្តអំពាវនាវបន្ថែមដល់សមាគមទាំងពីរឱ្យជួយខិតខំបន្ថែមទៀតលើកិច្ចការងារនេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលករខ្មែរដែលជាប់ជំពាក់បំណុលធនាគារ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាត់ទុកយន្តការជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់ពលករខ្មែរ ដែលជាប់ជំពាក់បំណុលធនាគារពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាការបញ្ជាក់ពីការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ ដ្បិតថាពលករកម្ពុជាមួយចំនួនអាចនឹងមិនទាន់មានការងារធ្វើភ្លាមៗ ដូច្នេះការពន្យារពេលបង់ការប្រាក់ ឬបំណុលទៅកាន់ធនាគារនេះជារឿងល្អសម្រាប់ពួកគេ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ក៏បានស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាពិនិត្យ និងធ្វើតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រកបដោយប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រក្នុងការសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ គ្រឹះស្ថានក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងជ្រើសរើសយន្តការរៀបចំឥណទានឡើងវិញក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ។ លោក កាំង តុងងី បានបញ្ជាក់ដែរថា ប្រសិនបើពលករមានតម្រូវការរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើឱ្យពួកគេទាក់ទងផ្ទាល់ ទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីចូលរួមសហការរៀបចំលើកិច្ចការងារនេះ។ បើតាមអ្នកជំនាញរូបនេះ ការរៀបចំឥណទានឡើងវិញនាពេលនេះ គឺទំនងមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ និងធនាគារឡើយ ដ្បិតថាគ្រឹះស្ថានមានដើមទុនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមិថុនា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យសមាគមទាំងពីរពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករ ដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុលបង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕