ជុំវិញនឹងបញ្ហានេះ បានធ្វើឲ្យកសិករដែលដាំដុះមៀននៅខេត្តប៉ៃលិន នៅតែរអ៊ូរទាំពីបញ្ហាខ្វះទីផ្សារដដែល ព្រោះផ្លែមៀនប្រមាណ ៤ម៉ឺនតោន ក្នុងសហគមមៀនប៉ៃលិន ខេត្តប៉ៃលិន កំពុងប្រឈមនូវការខូចខាត ប្រសិនគ្មានដំណោះស្រាយទីផ្សារ ឱ្យបានឆាប់នោះទេ។
លោក សារ ចំរើន ទីប្រឹក្សាសហគមមៀនប៉ៃលិន បានប្រាប់សារព័ត៌មានខេមបូណូមីស ថា រហូតមកដល់ពេលនេះ ក្រុមកសិករដាំដុះមៀនប៉ៃលិន នៅតែជួបបញ្ហាខ្វះទីផ្សារដដែល ហើយផ្លែមៀនប៉ៃលិន ប្រមាណ៤ម៉ឺនតោន កំពុងប្រឈមការខូចខាត។ តំណាងក្រុមកសិករដាំមៀនរូបនេះ បានសង្កត់ធ្ងន់ថា កន្លងមក ក៏មានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះប្រមូលទិញមៀន ក្នុងខេត្តប៉ៃលិនដែរ ប៉ុន្ដែចំនួនទិញនៅតិចតួចនៅឡើយ ព្រោះបរិមាណផ្លែមៀនប៉ៃលិន គឺមានចំនួនច្រើន ពិសេស បច្ចុប្បន្ននេះកាន់តែជិតចូលដល់រដូវប្រមូលផលផ្លែមៀនពេញលេញផងដែរ។
យ៉ាងណាក៏ដោយ ក្រុមកសិករដាំដុះមៀនប៉ៃលិន នៅតែអំពាវនាវដល់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម ជួយរកដំណោះស្រាយបន្ថែមជូនកសិករ ព្រោះក្រៅពីការរង់ចាំដំណោះស្រាយ ពីក្រសួងកសិកម្ម ឬស្ថាប័នពាក់ព័ន្ធ ក្រុមកសិករមិនមានលទ្ធភាពរកទីផ្សារដោយខ្លួនឯងនោះទេ។ លោក សារ ចំរើន បានគូសបញ្ជាក់យ៉ាងដូច្នេះ សហគមគ្មានដំណោះស្រាយអ្វីនោះទេ ក្រៅពីរង់ចាំដំណោះស្រាយ ពីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ហើយបើគ្មានអ្នកប្រមូលទិញបន្ថែមនោះទេ ផ្លែមៀនប្រមាណ ៤ម៉ឺនតោននោះ នឹងប្រឈមការខូចខាត។
តាមពិតទៅ បញ្ហាមៀនប៉ៃលិន ឬតាង៉ែន មិនមែនជាបញ្ហាថ្មីនោះទេ សម្រាប់កសិករកម្ពុជា។ ដើម្បីដោះស្រាយនូវបញ្ហានេះជូនកសិករ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានដាក់ចេញនូវយុទ្ធសាស្ត្រ ចុះប្រមូលទិញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ពីក្រុមកសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដែលបានជួបបញ្ហាកកស្ទះផ្លែមៀន ព្រោះតែមិនអាចនាំចេញទៅប្រទេសថៃបាន ដូចជា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ជាដើម។ ដ្បិត ការការចុះប្រមូលទិញផ្លែមៀន របស់រាជរដ្ឋាភិបាល បានចួលរួមដោះស្រាយបញ្ហាជូនកសិករ ក្នុងខេត្តបាត់ដំបងបានមួយចំនួនធំ ក៏ពិតមែន តែសម្រាប់កសិករខេត្តប៉ៃលិន នៅតែជួបបញ្ហាខ្វះទីផ្សារដដែល ខណៈកសិករនៅតែទន្ទឹងរង់ចាំ ដំណោះស្រាយពីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ពិសេសច្បាប់នៃការនាំចេញផ្លែមៀន ទៅប្រទេសចិនដោយផ្ទាល់។
ជុំវិញយុទ្ធនាការរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការប្រមូលទិញផ្លែមៀននេះ ត្រូវបានលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង អះអាងថា យុទ្ធនាការនេះ ត្រូវបានបញ្ចប់ហើយ កាលពូថ្ងៃទី១៣ ខែកញ្ញា កន្លងមក ទាំងវគ្គទី១ និងវគ្គទី២ ប៉ុន្តែមន្ទីរកសិកម្ម នៅតែបន្តដោះស្រាយជូនកសិករ ជាបន្តបន្ទាប់។ ដ្បិតមិនមានតួលេខ នៃការប្រមូលទិញផ្លែមៀន ទាំងពីរដំណាក់កាល ប៉ុន្ដែប្រធានមន្ទីរកសិកម្មរូបនេះ បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិនជិត២ពាន់តោន បានប្រមូលទិញពីកសិករ នៅដំណាក់កាលទី១ ខណៈផ្លែមៀនភាគច្រើន ដែលក្រុមការងារចុះប្រមូលទិញ គឺជាផ្លែមៀនរបស់កសិករ ក្នុងខេត្តបាត់ដំបងដោយផ្ទាល់។ សម្រាប់លោក វជិរា នៅតែយល់ថា បញ្ហាទីផ្សារមៀនប៉ៃលិននៅពេលនេះ នៅមិនទាន់ចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ ដោយលោកបានបញ្ជាក់ថា ផ្លែមៀនប៉ៃលិន តែឱ្យផលជាបន្តបន្ទាប់ ហើយរដូវនេះមិនទាន់ចូលដល់រដូវដែលសម្បូរមៀននៅឡើយ ព្រោះជាទូទៅ ខែដែលសម្បូរផ្លែមៀនប៉ៃលិន គឺនៅចន្លោះខែមករា និងខែកុម្ភៈ ឯណោះ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា ពាក់ព័ន្ធនឹង ដំណោះស្រាយបញ្ហាទីផ្សារផ្លែមៀនប៉ៃលិន នេះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ បានខិតខំធ្វើការងារនេះយ៉ាងពេញទំហឹង ដើម្បីពន្លឿនកិច្ចព្រមព្រៀង រវាងកម្ពុជា-ចិន ក្នុងការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិនឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង នៃការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសចិននេះ មិនមែនជារឿងងាយស្រួលនោះទេ គឺត្រូវការពេលវេលាបន្ថែម ព្រោះវាទាមទារកាតសិក្សា និងត្រួតពិនិត្យច្រើនដំណាក់កាល។ ទោះយ៉ាងណា ក្រសួងកសិកម្មនៅតែរំពឹងថា ភាគីចិននឹងអាចបើកឲ្យកម្ពុជានាំចេញមៀនទៅទីផ្សារចិនក្នុងពេលឆាប់ៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា មានផ្ទៃដីដាំដុះដំណាំមៀនប៉ៃលិន សរុប១ម៉ឺន៣ពាន់ហិកតា ដែលក្នុងនោះផ្ទៃដីអាចប្រមូលផលបានមានជិត ៧ពាន់ហិកតា ហើយបរិមាណនៃការប្រមូលផលសរុប ក្នុងឆ្នាំនេះ មានប្រមាណ ១១ម៉ឺនតោន៕