ការចម្រាញ់រ៉ែមាសនៅកម្ពុជា

កម្ពុជាចម្រាញ់រ៉ែមាសបាន ៥៥៥គីឡូក្រាម និងនាំចេញបានជាង៣៥៥គីឡូក្រាមហើយ


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ចម្រាញ់រ៉ែមាសពីតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំនួន ៤៨ដុំហើយ ដែលមានទម្ងន់ ៥៥៥គីឡូក្រាម ។ ក្នុងនោះ ក្រុមហ៊ុន៏បាននាំចេញដុំមាសបានចំនួន ៣៤ដុំ ដែលមានទម្ងន់ជាង ៣៥៥គីឡូក្រាមផងដែរ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។
កម្ពុជាដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស ដែលអាចផលិតមាសសុទ្ធ៣តោនក្នុង១ឆ្នាំ (រូបភាព៖ ក្រសួងរ៉ែ និងថាមពល)

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​ដំណើរការ​អស់​រយៈពេល​ជាង​៣​ខែ​កន្លង​មកនេះ រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​ទាញ​យក និង​ចម្រាញ់​រ៉ែ​មាស​ពី​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្ត​ប​ណ្ឌ​ល​គិរី​បាន​ចំនួន​៤៨​ដុំ ដែល​មាន​ទម្ងន់​ប្រមាណ​៥៥៥​គីឡូក្រាម​។

បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមហ៊ុន​របស់​អូស្ត្រាលី​មួយ​នេះ​បាន​បំពេញបែបបទ​តាម​នីតិវិធី​គយ និង​នាំ​ចេញ​ដុំ​មាស​បាន​ចំនួន​៩​ជើង ដើម្បី​យក​ទៅ​បន្សុទ្ធ​ជា​មាស​ទឹក​៩៩,៩៩% នៅ​ប្រទេស​អូស្ត្រាលី​។ សម្រាប់​ការ​នាំ​ចេញ​ទាំង​៩​ជើង​នេះ សម្រេច​បាន​៣៤​ដុំ​មាស និង​មាន​ទម្ងន់​ប្រមាណ​៣៥៥​គីឡូក្រាម​។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា តម្លៃ​មាស​នៅ​ក្នុង​ទីផ្សារ​អន្តរា​ជាតិ​មានការ​ផ្លាស់​ប្ដូរ​ជា​រៀងរាល់ថ្ងៃ ដោយនៅ​ថ្ងៃ​ទី​២៨ កញ្ញា នេះ​មាស​១​អោន​មាន​តម្លៃ​ជាង​១​ពាន់​៧​រយ​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​តម្លៃ​មាស​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​អាច​មាន​ភាព​ខុស​នេះ​បន្តិចបន្តួច​។ ឯកឧត្តម បាន​សង្កត់ធ្ងន់​ថា ចំពោះ​តម្លៃ​រ៉ែ​មាស​នេះ ក្រសួង​រ៉ែ និង​ថាមពល​មិនមែន​អ្នក​កំណត់​ទេ គឺ​យក​តាម​តម្លៃ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ជា​គោល​។

ក្រោយ​ទទួល​បាន​ជោគជ័យ​លើ​ប្រតិបត្តិការ​ទាញ​យក​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី ក្រុមហ៊ុន​រ៉ឺ​នេស​ង់ មិ​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ក៏​ទទួល​បាន​អាជ្ញា​បណ្ណ​រយៈពេល​៣​ឆ្នាំ​(២០២១-២០២៤) ដើម្បី​សិក្សា​ស្រាវជ្រាវ​លោហៈ​រ៉ែ​មាស​លើ​ផ្ទៃដី​១០៧​គីឡូម៉ែត្រ​នៅ​តំបន់​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​មួយ​កន្លែង​ទៀត​ផង​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ទាន់​ប្រតិបត្តិការ​រុករក​នៅឡើយ​ទេ​។

ពាក់ព័ន្ធ​គម្រោង​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ត្បូងឃ្មុំ​ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា បាន​អះអាង​ថា ឯកឧត្តម​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ក្រុមហ៊ុន​មាន​សមត្ថភាព​អាច​យក​រ៉ែ​មាស​ពី​តំបន់​នេះ​បាន​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​។ 

គួរ​រំលឹក​ថា ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត របស់​អូស្ត្រាលី កំពុង​ប្រតិបត្តិការ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។ រោងចក្រ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​។ រោងចក្រ​នេះ​មាន​សមត្ថភាព​អាច​ផលិត​មាស​សុទ្ធ​បាន​រហូត​ដល់​៣​តោន​ក្នុង​១​ឆ្នាំ ដែល​រំពឹង​ថា នឹង​អាច​ផ្តល់​ប្រាក់​ចំណូល​ដុល​(​ចំណូល​មិន​ទាន់​ទូទាត់​ការ​ចំណាយ​) ជា​មធ្យម​ប្រមាណ​១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លែមៀនប៉ៃលិនប្រហែល៤ម៉ឺនតោន ក្នុងខេត្តប៉ៃលិននៅតែកកស្ទះ និងប្រឈមនឹងការខូចខាត

ព័ត៌មាន
បញ្ហាខ្វះទីផ្សារ នៅតែជាក្ដីព្រួយបារម្ភ សម្រាប់កសិករដែលប្រកបរបរដាំដុះដំណាំមៀនប៉ៃលិន ឬតាង៉ែន ពិសេសកសិករនៅខេត្តប៉ៃលិនផ្ទាល់តែម្ដង បើទោះបី…

តើកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងដើរយឺតកម្រិតណានៅឆ្នាំ២០២១នេះ?

ព័ត៌មាន
ធនាគារពិភពលោក World Bank នៅថ្ងៃអង្គារទី២៨ ខែកញ្ញានេះ បានបង្ហាញរបាយការណ៍ថ្មីមួយចុងក្រោយរបស់ខ្លួន ដោយបានបន្តទម្លាក់ការព្យាករកំណើនសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ