សាជីវកម្មទំនុកចិត្តអគ្គិសនីនៅអាម៉េរិកខាងជើង បាននិយាយកាលពីថ្ងៃអង្គារថា នៅពេលតម្រូវការថាមពលអគ្គិសនីពីមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតអគារលំនៅឋាន និងការដឹកជញ្ជូនកាន់តែមានការកើនឡើង នោះវានឹងធ្វើឱ្យតំបន់មួយចំនួននៅសហរដ្ឋអាម៉េរិក អាចនឹងខ្វះតុល្យភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។ កត្តានេះបានធ្វើឱ្យស្ថាប័នជំនាញមួយនេះវាយតម្លៃថា នៅក្នុងរយៈពេល១ទសវត្សរ៍ទៀត ទឹកដីអាម៉េរិកប្រហែលពាក់កណ្ដាលអាចនឹងជួបការផ្គត់ផ្គង់ថាមពលអគ្គិសនីមិនគ្រប់គ្រាន់ អាចបង្កឱ្យដាច់ចរន្តអគ្គិសនីតាមតំបន់ និងមានការដាក់ចេញវិធានការក្នុងការសន្សំសំចៃអគ្គិសនី។
សាជីវកម្ម NERC បាននិយាយថា ប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនី ដែលងាយប្រឈមនឹងកង្វះខាតអគ្គិសនីនៅរដូវក្ដៅខ្លាំង ឬត្រជាក់ខ្លាំងនោះ រួមមានក្រុមហ៊ុន PJM Interconnection និងក្រុមហ៊ុនមួយចំនួនទៀត ហើយផ្នែកនៅភាគពាយព្យ ឦសាន អាគ្នេយ៍ និងភាគខាងលិចនៃទឹកដីអាម៉េរិក មានទីតាំងល្អជាងគេ ដែលអាចមានអគ្គិសនីប្រើបានយូរជាងគេ។
ការព្យាកររបស់សាជីវកម្ម NERC នេះបានធ្វើឡើងចំពេលមានតម្រូវការកាន់តែខ្លាំងឡើងនៅតាមតំបន់ងាយរងគ្រោះ គួបផ្សំនឹងការឈប់ផ្គត់ផ្គង់ថាមពល៧៨ជីហ្គាវ៉ាត ដែលផលិតដោយម៉ាស៊ីនភ្លើង និងគម្រោងការដាក់ឱ្យចូលនិវត្តន៍ថាមពល៣៧ជីហ្គាវ៉ាត់ថែមទៀតនៅឆ្នាំ២០៣៤ខាងមុខ។ សូមរំលឹកថា សមត្ថភាពមួយជីហ្គាវ៉ាត់អាចផ្តល់ថាមពលដល់ផ្ទះចំនួន១លានខ្នងនៅសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល