
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារថ្មីនៅកម្ពុជា ក្រសួងការងារបានរៀបចំដាក់មណ្ឌលសំចតតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ពួកគេផងដែរ។ បើតាមអ្នកនាំពាក្យរូបនេះ មណ្ឌលសំចតនៅច្រកព្រំដែនប៉ោយប៉ែត គឺមានការចាប់អារម្មណ៍សាកសួរពីឱកាសការងារច្រើនពីសំណាក់ពលករខ្មែរ ដែលត្រឡប់មកស្វែងរកការងារធ្វើនៅស្រុកកំណើតវិញនេះ។ សម្រាប់អ្នកនាំពាក្យរូបនេះ ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ គឺមានជំនាញផ្សេងៗគ្នា ដូច្នេះពួកគេអាចចាប់យកឱកាសការងារនៅកម្ពុជា នៅក្នុងវិស័យនានា ដែលខ្លួនមានជំនាញ និងមានតម្រូវការច្រើន ពិសេសក្នុងវិស័យឧស្សាហកម្ម និងសំណង់ ដែលស្របគ្នាជាមួយនឹងកំណើនវិនិយោគថ្មីៗដែលកម្ពុជា ទទួលបាន និងកំពុងខ្វះកម្លាំងពលកម្មជាច្រើនកន្លែង។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការត្រឡប់មកប្រទេសកំណើនវិញរបស់ពលករខ្មែរតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជានេះ គឺបង្ហាញឱ្យឃើញពីជំជឿទុកចិត្តរបស់ពួកគេចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលធានាជួយស្វែងរកការងារជូនដល់ពួកគេ។ សម្រាប់អ្នកជំនាញរូបនេះ ការវិលត្រឡប់មកវិញរបស់ពលករខ្មែរ គឺបានបំពេញនូវឱនភាពកម្លាំងពលកម្មរបស់កម្ពុជា ដែលកំពុងជួបប្រទះ ក៏ដូចជាជួយជំរុញកំណើនផលិតកម្មក្នុងស្រុក និងសេដ្ឋកិច្ចជាតិ ផងដែរ ដ្បិតថា ពួកគេបានពាំនាំនូវចំណេះជំនាញជាច្រើនមកវិញ ដែលអាចយកទៅប្រកបអាជីវកម្ម ឬធ្វើការនៅក្នុងវិស័យផ្សេងៗជាច្រើននៅកម្ពុជា។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) យល់ឃើញថា ទីផ្សារការងារនៅកម្ពុជា បច្ចុប្បន្នគឺមិនទាន់មានភាពធន់នៅឡើយទេ ហើយស្របពេលដែលពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ បានវិលត្រឡប់មកកាន់កម្ពុជា វិញ ក្រោយមានការឡើងកម្តៅនៃជម្លោះព្រំដែននៃប្រទេសទាំងពីរ គឺរាជរដ្ឋាភិបាលហាក់ពុំទាន់បានត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ សម្រាប់អ្នកជំនាញរូបនេះ វិស័យឧស្សាហកម្មកាត់ដេរ អាចជាវិស័យមួយដែលនឹងជួយស្រូបទាញកម្លាំងពលកម្មពីសំណាក់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានច្រើន ដ្បិតថា វិស័យនេះ មានតម្រូវការកម្លាំងពលកម្មខ្ពស់ ដោយសារមានរោងចក្រថ្មីៗជាច្រើនបានវិនិយោគក្នុងវិស័យនេះ។ តែយ៉ាងណា លោកមានក្តីបារម្ភចំពោះបញ្ហាភាពមិនច្បាស់លាស់នៃសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក លើការនាំចេញទំនិញកម្ពុជា អាចជាបញ្ហាប្រឈមសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា នាពេលខាងមុខ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របពេលដែលពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រសួងបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយរកការងារធ្វើ និងត្រៀមផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនដល់ពួកគេប្រកបដោយការទទួលខុសត្រូវខ្ពស់ ខណៈបច្ចុប្បន្ននៅតាមសហគ្រាស និងគ្រឹះស្ថាននានា នៅកម្ពុជា មានតម្រូវការកម្លាំងពលកម្មប្រមាណជាង២៣ម៉ឺនកន្លែងឯណោះ៕