អូស្ត្រាលី - អាមេរិក

អូស្ត្រាលីគ្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ៥ គ្រឿងទៀតពីអាមេរិក ក្រោមកិច្ចព្រមព្រៀង AUKUS


តាមមន្ត្រីអាមេរិកបួនរូបបាននិយាយកាលពីថ្ងៃពុធ ទី ៨ មីនា ថា ប្រទេសអូស្ត្រាលីត្រូវបានគេរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia ចំនួន ៥គ្រឿងនៅក្នុងឆ្នាំ២០៣០ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន កង់បេរ៉ា និងទីក្រុងឡុងដ៍ ដែលគេស្គាល់ថា ជាកិច្ចព្រមព្រៀងត្រីភាគី ឬហៅកាត់ថា AUKUS។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
អូស្ត្រាលីកំពុងសម្រេចទិញនាវាមុជទឹក ៥ គ្រឿងទៀតពីអាមេរិក រូបភាពរ៉យទ័រ

កិច្ចព្រមព្រៀង AUKUS គឺមានដំណាក់កាល និងផ្នែកជាច្រើននៃលក្ខខណ្ឌការពារគ្នាទៅវិញទៅមក ដែលក្នុងនោះនៅប៉ុន្មានឆ្នាំខាងមុខនេះ នាវាមុជទឹកមួយគ្រឿងនឹងត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្នុងកំពងផែរបស់អូស្ត្រាលី ព្រមទាំងការសាងសង់នាវាមុជទឹកតាមរចនាបទរបស់អង់គ្លេសជាមួយនឹងបច្ចេកវិទ្យាអាមេរិកសម្រាប់ទីក្រុងកង់បេរ៉ា ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០៣០ខាងមុខផងដែរ។

ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលជួបមេដឹកនាំនៃប្រទេសអូស្ត្រាលី និងអង់គ្លេសនៅទីក្រុង San Diego នៅថ្ងៃចន្ទ ទី ១៣ ខែមីនាសប្តាហ៍ក្រោយនេះ ដើម្បីរៀបចំផែនផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអាវុធបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។

ជុំវិញកិច្ចព្រមព្រៀង AUKUS នេះដែរ ប្រទេសចិនបានថ្កោលទោសសម្ព័ន្ធមិត្តលោកខាងលិចជាពិសេសអាមេរិក ដែលចង់ទប់ទល់នឹងការបង្កើនវត្តមានយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាការដាក់សម្ពាធលើកោះតៃវ៉ាន់ជាដើម។

ក្រោមកិច្ចព្រមព្រៀង AUKUS នៅដើមទសវត្សរ៍ឆ្នាំ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹក Virginia ចំនួន ៣ គ្រឿង និងមានជម្រើសក្នុងការទិញពីរគ្រឿងបន្ថែមទៀត។ អូស្ត្រាលីមាននាវាមុជទឹកប្រភេទ Collins ដើរដោយថាមពលប្រេងសាំងចំនួនប្រាំមួយគ្រឿងរួចមកហើយ តែខ្លួនចង់បានប្រភេទដើរដោយថាមពលនុយក្លេអ៊ែរ ព្រោះវាអាចធ្វើប្រតិបត្តិការនៅក្រោមសមុទ្របានយូរជាងនាវាប្រេងសាំង និងមានសមត្ថភាពខ្ពស់ក្នុងគេចពីការចាប់សញ្ញា។

ស្ថានទូតអង់គ្លេសនៅទីក្រុងវ៉ាស៊ីនតោនក៏មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍របស់សារព័ត៌មានរ៉យទ័រជុំវិញរឿងទិញនាវាមុជទឹកនេះដែរថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ពិតជានឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សានៃក្របខណ្ឌ AUKUS នេះនៅសប្តាហ៍ក្រោយ។

មែនទែនទៅ ក្រោមកិច្ចព្រមព្រៀងដំបូងរបស់ AUKUS ដែលបានប្រកាសនៅឆ្នាំ២០២១ សហរដ្ឋអាមេរិក និងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងការផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យា និងសមត្ថភាពដើម្បីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕




អត្ថបទបន្ទាប់


អ្វីខ្លះជាជំហរការទូតមុតស្រួចរបស់ចិន ដើម្បីទប់ទល់នឹងអាមេរិក?

ព័ត៌មាន
បន្ទាប់ពីដាក់ខ្លួនឲ្យនៅឯកោអស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ និង រងឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអា…

ហូឡង់ សម្រេចពួតដៃគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅចិន

ព័ត៌មាន
រដ្ឋាភិបាលហូឡង់កាលពីថ្ងៃពុធ ទី ៨ មីនា បាននិយាយថា ខ្លួនបានចេញនូវគម្រោងការថ្មីដើម្បីរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះសៀគ្វី ឬហៅជាទូទៅថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ