សហគ្រិន​ជោគជ័យ

គួច ម៉េងលី៖ បើក​សាលារៀន​គឺ​ដូច​គ្រប់គ្រង​កូន​ប្រទេស​តូច​មួយ​អ៊ីចឹង​ដែរ


វិស័យ​អប់រំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិស័យ​ស្នូល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ហើយ​ក្នុង​នោះ​ដែរ ការងារ​ប្រតិបត្តិ​ធុរកិច្ច​ក្នុង​វិស័យ​អប់រំ​ក៏​មាន​ឱកាស​ធំ​ទូលាយ​ផង​ដែរ។ ប៉ុន្ដែ លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉េងលីជេ. គួច គ្រុប លើក​ឡើង​ថា របរ​នេះ​ទាមទារ​ឲ្យ​អ្នក​ធ្វើ​មាន​ចំណង់​ចំណូល​ចិត្ត​ខ្ពស់​ជាមួយ​នឹង​ការ​អប់រំ គួបផ្សំ​នឹង​ដើម​ទុន​ប្រាក់​កាស​ក្រាស់​ក្រែល​ផង​ដែរ។
លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉េងលី ជេ. គួច គ្រុប។
ដោយ

លោក​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន បើ​ចង់​បង្កើត​សាលារៀន​មួយ​ឲ្យ​មាន​ស្ដង់ដារ​ត្រឹម​ត្រូវ​សមរម្យ ទាមទារ​ឲ្យ​មាន​ដើម​ទុន​មិន​តិច​ជាង ១០ ទៅ ២០​លាន​ដុល្លារ​នោះ​ទេ។ 

តើ​លោក​ឧកញ៉ា គួច ម៉េងលី មាន​ទស្សនវិស័យ និង​យុទ្ធសាស្ត្រ​បែប​ណា​ខ្លះ ក្នុង​ការ​បង្កើត​និង​គ្រប់គ្រង​សាលារៀន​បាន​ដោយ​ជោគជ័យ​មក​ទល់​បច្ចុប្បន្ន​នេះ?

ឆ្លើយតប​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ខេបូណូមីស លោក​ឧកញ៉ា គួច ម៉េងលី លើក​ឡើង​ថា ការ​បើក​សាលារៀន​ឯកជន​មួយ ហាក់​មាន​ការ​លំបាក​ជាង​ការ​ធ្វើ​អាជីវ​កម្ម​ធម្មតា ពោល​គឺ​វា​ដូចជា​ការ​គ្រប់គ្រប់​កូន​ប្រទេស​តូច​មួយ​ដូច្នោះ​ដែរ។ 

ហេតុនេះ​ហើយ ទើប​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន តែង​ជ្រើស​រើស​យក​នាយកប្រតិបត្តិ ឬ​អ្នក​គ្រប់គ្រង​សាលារៀន​មក​ធ្វើ​ជា​រដ្ឋមន្ត្រី ឬ​មន្ត្រី​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ប្រទេស ព្រោះ​បទ​ពិសោធន៍​នៃ​ការ​គ្រប់គ្រង​រវាង​សាលារៀន និង​ប្រទេស គឺ​មាន​ភាព​ស្រដៀង​គ្នា​ដែរ។ 

លោក​ឧកញ៉ា គួច ម៉េងលី ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ AII។ (រូបភាព៖ សាលា AII)

លោក​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «សម្រាប់​ការ​គ្រប់គ្រង​ប្រទេស​មួយ គេ​ត្រូវ​គិតគូរ​លើ​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឍដ្ឋាន រីឯ​សាលារៀន​ក៏​ត្រូវ​គិតគូរ​លើ​ប្រជា​ពលរដ្ឋ​ដែរ គ្រាន់តែ​ស្ថិត​នៅ​ក្នុង​ចំនួន​តិច រួមមាន​ដូចជា គ្រូ សិស្សានុសិស្ស អ្នក​សន្ដិសុខ ជាង និង​អ្នក​លក់​ដូរ​នានា​នៅ​ជុំវិញ​ដែល​អាច​ប៉ះពាល់។ ដូច្នេះ​ហើយ ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​អប់រំ​នេះ គឺ​ទាមទារ​ឲ្យ​យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត»

ភាព​ខុសគ្នា​រវាង​អាជីវកម្ម​បើក​សាលា​ឯកជន​និង​អាជីវកម្ម​ផ្សេង​ទៀត

ការ​ប្រតិបត្តិ​អាជីវកម្ម​ហាក់​មាន​ការ​ប្រើប្រាស់​តិចនិក​ក៏​ដូចជា​បច្ចេកទេស​ផ្សេង​គ្នា​ដើម្បី​ទទួល​បាន​ជោគជ័យ ក៏ប៉ុន្ដែ បើ​តាម​លោក​ឧកញ៉ា គួច ម៉េងលី អាជីវកម្ម​ជោគជ័យ​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​ការ​ដែល​មាន​ធនធាន​មនុស្ស​ពូកែ រចនា​សម្ព័ន្ធ​ច្បាស់​លាស់ គោលការណ៍​រដ្ឋបាល​ជាក់​លាក់ ទីតាំង​ដែល​មាន​សក្ដានុពល​ខ្លាំង និង​ការ​បន្ត​ធ្វើ​ទីផ្សារ (មាឃីតធីង) ដោយ​ថ្លៃថ្នូរ​ជា​ដើម។ 

លោក​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ទីផ្សារ​របស់​អាជីវកម្ម​សាលា​ឯកជន វា​ខុស​ពី​ការ​ធ្វើ​ទីផ្សារ​នៃ​អាជីវកម្ម​ផ្សេងៗ​ទៀត តួយ៉ាង អាជីវកម្ម​ទេសចរណ៍​អាច​ទាក់​ទាញ​ភ្ញៀវ​ដោយ​ការ​លក់​បញ្ចុះ​តម្លៃ រីឯ​ភោជនីយដ្ឋាន​អាច​ផ្ដោត​សំខាន់​លើ​គុណភាព​អនាម័យ និង​តម្លៃ​សមរម្យ ប៉ុន្ដែ សម្រាប់​សាលារៀន​វិញ អ្នក​មិន​អាច​យក​ការ​លក់​បញ្ចុះ​តម្លៃ​មក​ធ្វើការ​ផ្សព្វ​ផ្សាយ​ទីផ្សារ​បាន​ទេ។ ពោល​ជា​រួម​ទៅ វា​មាន​បច្ចេកទេស​ក្នុង​ការ​ប្រតិបត្តិ​ផ្សេងៗ​គ្នា ទៅ​តាម​ប្រភេទ​អាជីវកម្ម​នីមួយៗ។

ដើម​ទុន​សំខាន់ៗ​សម្រាប់​ការ​បើក​សាលារៀន​ឯកជន​ជោគជ័យ

មាន​សហគ្រិន​ភាគ​ច្រើន បាន​សម្លឹង​ឃើញ​ឱកាស​នៃ​ការ​បើក​សាលារៀន​ឯកជន ថា​វា​ជា​របរ​មួយ​ដែល​មាន​ម៉ូយ​មិន​ចេះ​អស់ និង​អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន។ ទោះ​យ៉ាង​ណា លោក​ឧកញ៉ា គួច ម៉េងលី ប្រាប់​ឲ្យ ខេមបូណូមីស ដឹង​ថា ការ​បើក​សាលារៀន​មួយ​មិន​មែន​សុទ្ធ​តែ​​អាច​ហុច​ផល​ចំណេញ​ច្រើន​នោះ​ទេ ប៉ុន្ដែ វា​ចំណាយ​ទុន​ច្រើន និង​ទាមទារ​ឲ្យ​សហគ្រិន​មាន​ចំណង់​ចំណូល​ចិត្ត ទស្សន​វិស័យ​វែង​ឆ្ងាយ និង​មាន​ចិត្ត​ស្រឡាញ់​ការ​អប់រំ​ខ្លាំង។ 

លោក​ថា បើ​បច្ចុប្បន្ន​នេះ ដើម្បី​បើក​សាលារៀន​ឯកជន​មួយ ទាមទារ​ឲ្យ​មាន​ដើមទុន​មិន​ក្រោម១០ ទៅ​២០​លាន​ដុល្លារ​នោះ​ទេ ដែល​វា​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ទិញ​ដី​សាង​សង់​អគារ ចំណាយ​លើ​ធនធាន​មនុស្ស និង​ការ​ធ្វើ​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ជាដើម។

ក្រៅពី​ដើម​ទុន​ហិរញ្ញវត្ថុ អ្នក​ក៏​ត្រូវមាន​ការ​សិក្សា​លើ​ផ្នែក​ទីផ្សារ និង​ជ្រើសរើស​ទីតាំង​ដែល​មាន​សក្ដានុពល​ខ្លាំង​ផង​ដែរ ហើយ​អ្វី​ដែល​ជា​ដើមទុន​ដ៏​សំខាន់​បំផុត​នោះ គឺ​ការ​ស្វែងរក​ធនធាន​មនុស្ស​ដែល​មាន​សក្ដានុពល ពោល​គឺ​ជា​បុគ្គល​ដែល​មាន​អាកប្បកិរិយាល្អ ក្រម​សីលធម៌​ខ្ពស់ មាន​ចំណេះ​ដឹង​ត្រឹម​ត្រូវ និង​មាន​ការ​ហ្វឹកហ្វឺន​ច្បាស់​លាស់ ដែល​បុគ្គល​ប្រភេទ​នេះ​ត្រូវបាន​លោក​ឧកញ៉ា គួច ម៉េងលី ថា ជា​ប្រភេទ​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​៥​យ៉ាង តែ​អាច​ធ្វើ​ការងារ​បាន​១០​យ៉ាង។ 

សិស្ស​សាលា AII ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​ពិធី​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា (រូបភាព៖ សាលា AII)

ទន្ទឹម​នឹង​នោះ អ្នក​ក៏​ត្រូវ​ជៀសវាង​ឲ្យ​បាន​ដាច់​ខាត​នូវ​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​១០​យ៉ាង តែ​អាច​ធ្វើ​បាន​តែ​​៥​យ៉ាង។ មាន​ន័យ​ថា ត្រូវ​មើល​លើ​អត្តចរិត​របស់​បុគ្គល និង​សមត្ថភាព​ពិត ជា​ជាង​ការ​រើស​យក​បុគ្គល​ណា​ដែល​មាន​តែ​សញ្ញាបត្រ ឬ​បាន​តែ​និយាយ តែ​ខ្វះ​ស​កម្មភាព​អនុវត្ត​ការងារ​ជាក់​ស្ដែង។ 

បន្ថែម​ពី​នេះ មេដឹកនាំ​ក្នុង​ស្ថាប័ន​ក៏​ត្រូវ​បន្ត​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​ឯង និង​បុគ្គលិក​ផ្សេង​ទៀត​ឲ្យ​ទាន់​សម័យ​កាល​នៃ​ការ​វិវត្ត​នៃ​សង្គម ក៏ដូចជា​និន្នាការ​ជឿន​លឿន​របស់​ពិភព​លោក។

រូបមន្ដ​នៃ​ការ​គ្រប់គ្រង​និង​អនុវត្ត​ការងារ​ដោយ​ជោគជ័យ

បុគ្គល​ជោគ​ជ័យ​នីមួយៗ​មាន​តិចនិក​ក្នុង​ការ​គ្រប់គ្រង​និង​អនុវត្ត​ការងារ​ផ្សេងៗ​គ្នា ប៉ុន្ដែ បើ​តាម​បទ​ពិសោធន៍​គ្រប់គ្រង​របស់​លោក​ឧកញ៉ា គួច ម៉េងលី ការ​មាន​គោលការណ៍​ជាក់​លាក់​នៅ​ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ គឺ​ជា​គ្រឹះ​ដ៏​រឹង​មាំ​មួយ ដើម្បី​ឲ្យ​ឈាន​ទៅ​រក​ការ​សម្រេច​គោលដៅ។

លោក​ឧកញ៉ា គួច ម៉េងលី ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលា AII (រូបភាព៖ សាលា AII)

លោក​ថា មុន​នឹង​អ្នក​​ធ្វើ​អ្វី​មួយ ត្រូវមាន​ការ​រៀបចំ​ផែនការ​ឲ្យ​បាន​ជាក់​លាក់ រួច​ធ្វើការ​អនុវត្ត​ផែនការ​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​បន្ត​ធ្វើការ​តាមដាន​ផែនការ​នោះ ដើម្បី​ស្វែងរក​នូវ​ចំណុច​ខ្វះខាត​នានា​សម្រាប់​យក​មក​កែច្នៃ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ត្រូវ​ធ្វើ​វា​ម្ដង​ទៀត រហូត​ដល់​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន។ 

[រៀបចំ​ផែនការ + អនុវត្ត​ផែនការ + តាមដាន​និង​ត្រួត​ពិនិត្យ​ផែនការ + កែច្នៃ​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត + ធ្វើ​វា​ម្ដង​ទៀត​រហូត​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន] 

លើស​ពី​នេះ​ទៀត បើតាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា គួច ម៉េងលី ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​មាន​សក្ដានុពល​និង​ជោគជ័យ ចាំបាច់​បំផុត អ្នក​ត្រូវ​រៀន​ពី​សង្គម​រស់នៅ​ឲ្យ​បាន​ច្រើន ពិសេស​គឺ​បង្កើន​ការ​អាន​សៀវភៅ ដែល​ទាំង​អស់​នេះ វា​នឹង​ជួយ​ឲ្យ​អ្នក​​មាន​ការ​គិត​វែង​ឆ្ងាយ ទូលំ​ទូលាយ និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​កំពុង​ត្រដរ​ខ្យល់​ប្រឈម​នឹង​ឱសថ​នាំ​ចូល

ព័ត៌មាន
តំណាង​សហគ្រាស​ផលិត​ឱសថ​នៅ​កម្ពុជា បង្ហាញ​ការព្រួយ​បារម្ភ​ដោយសារតែ​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។…

វៀតណាម​ចាប់ផ្ដើម​សម្លឹងមក​​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា

ព័ត៌មាន
ស្របពេល​ដែល​ប្រជាជន​កម្ពុជា​ត្អូញត្អែរ​ពី​ការ​គ្មាន​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​ខ្លួន ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​បាន​ងាក​មក​ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ