ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំ ឬសញ្ញាបណ្ណបន្ទាប់បន្សំ ដើម្បីកៀរគរទុនសម្រាប់ប្រើប្រាស់ជាដើមទុន ទ្រទ្រង់សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត។ បើតាមការបញ្ជាក់របស់ ធនាគារ អេស៊ីលីដា ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងរួមចំណែកអនុវត្តស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ អេស៊ីលីដា ដែលចេញកាលពីថ្ងៃទី៨ ខែមករា។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារអេស៊ីលីដា បន្ថែមលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ គឺដើម្បីកៀរគរទុនបន្ថែមសម្រាប់យកទៅពង្រីកអាជីវកម្មរបស់ខ្លួន ដ្បិតថា ការបោះផ្សាយលក់សញ្ញាបណ្ណប្រភេទនេះ គឺអាចទាក់ទាញការវិនិយោគពីស្ថាប័នវិនិយោគធំៗបានច្រើន ជាមួយនឹងទំហំវិនិយោគធំជាងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិផងដែរ។ ឯកឧត្តម ហុង សុហួរ ជឿជាក់ថា តាមរយៈការចូលរួមបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារអេស៊ីលីដានេះ តិចក្តីច្រើនក្តី វានឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គួរជម្រាបថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា កំពុងរៀបចំបំពេញតាមលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឈានទៅបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនាពេលខាងមុខ៕