
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា ការដាក់ពន្ធគយរបស់សហរដ្ឋអាម៉េរិកលើប្រទេស និងដែនដីជាង១៨០នៅទូទាំងពិភពលោក ដែលចូលជាធរមាននៅថ្ងៃទី៩ មេសា ឆ្នាំ២០២៥ វានឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីនៅឆ្នាំនេះ និងនៅឆ្នាំ២០២៦។ នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួន ADB បានព្យាករថា អាស៊ីនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៩%នៅឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២៤ ដែលសម្រេចបានក្នុងរង្វង់៥%។ ជាមួយគ្នានេះ ADB បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីមកនៅត្រឹម៤,៧%នៅឆ្នាំ២០២៦។
លោក អាលបឺត ផាក (Albert Park ) ប្រធានក្រុមអ្នកសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា ផលប៉ះពាល់ជាយថាហេតុ ដែលបង្កឡើងដោយការដាក់ពន្ធគយរបស់សហរដ្ឋអាម៉េរិកនៅតែមិនប្រាកដប្រជា ដោយសារវិសាលភាព និងពេលវេលានៃផលប៉ះពាលអាចផ្លាស់ប្តូរ ដោយសារការចរចា ការពន្យារពេល ឬការលើកលែងការអនុវត្តពន្ធ។ អ្នកជំនាញរូបនេះបានព្រមាថា ប្រសិនបើមានការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយ នោះផលប៉ះពាល់នឹងរីករាលដាលកាន់តែធំ។
លោកបានបន្តថា ជាទូទៅទំហំ និងល្បឿននៃការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកអាចកាត់បន្ថយការវិនិយោគនៅទូទាំងពិភពលោក និងក្នុងតំបន់ ខណៈការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការបែកបាក់នឹងជំរុញតម្លៃពាណិជ្ជកម្ម និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចចិននឹងសម្រេចបានកំណើនក្នុងរង្វង់៤,៧%នៅឆ្នាំ២០២៥ នេះ ហើយនឹងបន្តធ្លាក់ចុះមកនៅត្រឹម៤,៣%នៅឆ្នាំ២០២៦។ ដោយឡែកសម្រាប់តំបន់អាស៊ាន ធនាគារនេះជឿជាក់ថា ក្រោយវិធានការពន្ធរបស់អាម៉េរិកចូលជាធរមាន វានឹងធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមជាច្រើនអាចប្រឈមមុខនឹងហានិភ័យ ហើយវិស័យជលផល និងឧស្សាហកម្មកាត់ដេររបស់វៀតណាម ថៃ និងកម្ពុជាជាដើម ក៏នឹងរងផលប៉ះពាល់ផងដែរ៕
ដោយៈ សរ សុជាតិ