នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា ខ្លួនកំពុងរៀបចំដាក់ពង្រាយជំនួយ ដែលមានភាពបត់បែន និងរហ័ស ដើម្បីជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ក្នុងការគ្រប់គ្រងសម្ពាធសារពើពន្ធ និងធានាខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញចាំបាច់ ជាពិសេស គឺថាមពល និងស្បៀងអាហារ។
លោក ម៉ាសាតូ កុនដា (Masato Kanda) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ការគាំទ្របន្ថែមនេះនឹងជួយពង្រឹងរបាំងការពារសេដ្ឋកិច្ចប្រឆាំងនឹងសម្ពាធពីខាងក្រៅតំបន់។ កញ្ចប់ជំនួយនេះនឹងផ្ដោតលើការផ្តល់សាច់ប្រាក់ងាយស្រួល ដល់រដ្ឋាភិបាល ដែលកំពុងប្រឈមនឹងភាពតានតឹងផ្នែកថវិកា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារប្រជាជនពីវិបត្តិនៃការកើនឡើងតម្លៃទំនិញ។
ទន្ទឹមនឹងនេះ តាមរយៈកម្មវិធីហិរញ្ញវត្ថុពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ADB ក៏នឹងផ្តល់ការធានា និងប្រាក់កម្ចីដល់វិស័យឯកជន ដើម្បីធានាឱ្យបាននូវការនាំចូលស្បៀង និងថាមពល។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ ADB បានសម្រេចធ្វើឱ្យសកម្មឡើងវិញនូវយន្តការគាំទ្រការនាំចូលប្រេងជាបណ្តោះអាសន្ន ដើម្បីធានាថា សន្តិសុខថាមពលមិនត្រូវបានរំខាន ទោះបីជាថ្លៃដើម និងឧបសគ្គនៃការដឹកជញ្ជូនមានការកើនឡើងក៏ដោយ។
បច្ចុប្បន្នប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី កំពុងស្ថិតក្នុងចំណោមអ្នករងគ្រោះខ្លាំងបំផុតដូចជាហ្វីលីពីន បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផ្នែកថាមពលកាលពីថ្ងៃទី២៤ ខែមីនា ដើម្បីសម្របសម្រួលការចែកចាយទំនិញ ខណៈវៀតណាមបានណែនាំឱ្យក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។ ចំណែកឯប្រទេសឥណ្ឌូនេស៊ីឯណោះវិញ ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអានតូ បានស្នើឱ្យមានការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរដ្ឋាភិបាល និងសមាជិកសភា ដើម្បីជួយដោះស្រាយវិបត្តិថវិកាជាតិ៕
ដោយៈ សរ សុជាតិ