ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ពុំទាន់បានបង្ហាញសញ្ញាណាមួយក្នុងការធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងជប៉ុននៅឡើយទេ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ វិស័យសំខាន់ៗចំនួន៣រួមមានទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគនៅតែមានសកម្មភាពជាធម្មតាដដែល ពោលគឺការធ្លាក់ចុះសេដ្ឋកិច្ចរបស់ជប៉ុនក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ពុំអាចមានផលប៉ះពាល់ដល់កម្ពុជានោះទេ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ប្រទេសជប៉ុន ដែលធ្លាប់តែមានសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបប្រមាណ១២៣លាននាក់ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសបានដាំក្បាលចុះ២ត្រីមាសជាប់ៗគ្នា។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន បានធ្លាក់ចុះ០,៤% ដែលធ្ងន់ធ្ងរជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះកើតមានឡើងក្រោយពីសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ៣,៣%នៅក្នុងត្រីមាសទី៣ ឆ្នាំមុន។ តួលេខពីខុទ្ទកាល័យរបស់ប្រទេសជប៉ុន ក៏បង្ហាញដែរថា ប្រទេសជប៉ុន បានរបូតបាត់តំណែងជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក ដោយចំណាត់ថ្នាក់លេខ៣ នេះបានធ្លាក់ទៅលើប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប។
គួរបញ្ជាក់ថា គេអាចសម្គាល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ជប៉ុន លើសូចនាករសេដ្ឋកិច្ចចំនួន៤ រួមមាន ទី១ ចំណូលមានការធ្លាក់ចុះបណ្តើរៗ ឬចំណូលពន្ធមានការធ្លាក់ចុះ, ទី២ ចំនួនអ្នកអត់ការងារធ្វើកើនឡើង, ទី៣ ខ្សែច្រវាក់ផលិតកម្មត្រូវបានកាត់ផ្តាច់ ឬផ្អាក និងទី៤ ការលក់រាយមានការធ្លាក់ចុះ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វ៉ាន់ថា