បើតាមការអះអាងរបស់ ADB ការបន្ទាបកំណើននេះ ក៏ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយដែលជាកត្តារាំងស្ទះដ៏ធំមួយសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក ស្របពេលដែលសេដ្ឋកិច្ចពិភពលោកក៏កំពុងមានកំណើនយឺតដំណាលគ្នាស្រាប់ទៅហើយនោះ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ខែធ្នូឱ្យដឹងថា ADB បានកាត់បន្ថយកំណើនសេដ្ឋកិច្ចក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដែលសរុបមាន ៤៦ប្រទេស ពីអត្រាកំណើន ៤,៩%មកនៅ៤,៦%នៅឆ្នាំ២០២៣។ ដោយឡែក សម្រាប់ការបិទបញ្ចប់ឆ្នាំ២០២២នេះវិញ ADB សន្មតថា តំបន់អាស៊ីនឹងមានកំណើន ៤,២% ធ្លាក់ចុះពីការរំពឹងទុក ៤,៣%កាលពីខែឧសភា។
ធនាគារអភិវឌ្ឍអាស៊ីរៀបរាប់ថា មានព្យុះភ្លៀងធំៗបី ដែលបន្តបោកបក់ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី នោះគឺការបិទខ្ទប់ក្នុងប្រទេសចិន សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងសេដ្ឋកិច្ចសកលមានកំណើនយឺត។
នេះគឺជាលើកទី៣ហើយនៅក្នុងឆ្នាំ២០២២ ដែល ADB បានកាត់បន្ថយការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់ ហើយដែលទំនងដោយសារការមើលឃើញពីអតិផរណា និងអត្រាការប្រាក់កើនខ្ពស់។
បន្ថែមពីលើនេះ របាយការណ៍ដែលមានកំរាស់១៥០ទំព័រ បានកាត់បន្ថយការព្យាករណ៍អតិផរណាក្នុងតំបន់តិចតួចបំផុតសម្រាប់ឆ្នាំនេះពី ៤,៥% មកត្រឹម ៤,៤% ប៉ុន្តែបានបង្កើនការព្យាករណ៍សម្រាប់ឆ្នាំក្រោយពី៤% ដល់ ៤,២%។ ADB បាននិយាយថា ការព្យាករណ៍ទាំងអស់នេះ គឺផ្អែកលើព័ត៌មានដែលគេប្រមូលបានត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ពោលគឺនៅមួយសប្តាហ៍មុនពេលដែលប្រទេសចិនចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងគោលនយោបាយសូន្យកូវីដ។
ជាមួយគ្នានេះ ADB បានការព្យាករណ៍កំណើនរបស់ប្រទេសចិនសម្រាប់ឆ្នាំក្រោយ ដោយបានកាត់បន្ថយមកត្រឹមពី ៤,៥%មកនៅ ៤,៣% ខណៈទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់តំបន់ បន្ទាប់ពីប្រទេសចិន គឺមិនផ្លាស់ប្តូរទេ ដោយមានរង្វង់ ៧,២%ដដែល។
សម្រាប់តំបន់អាស៊ានវិញ ធនាគារអភិវឌ្ឍអាស៊ី បានបង្កើនការព្យាករណ៍ថា ក្នុងឆ្នាំ២០២២នឹងមានកំណើនពីដល់៥,៥% ដោយសារមានការប្រើប្រាស់ក្នុងស្រុកកើនឡើងខ្លាំងជាងការរំពឹងទុក។ ប៉ុន្តែតំបន់អាស៊ាននឹងស្គាល់ការធ្លាក់ចុះវិញនៅឆ្នាំក្រោយ ជាមួយនឹងកំណើន ៤,៧% ខណៈគ្រាមុនធ្លាប់បានព្យាករថាមានដល់៥%។
ប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងកើនឡើង ៤,៨% នៅឆ្នាំក្រោយ ធ្លាក់ចុះពីការព្យាករណ៍ ៥% នៅក្នុងខែកញ្ញា។ ក្នុងចំណោមការទម្លាក់ចំណាត់ថ្នាក់ខ្លាំងបំផុត ADB បានកាត់បន្ថយទស្សនវិស័យកំណើនរបស់ម៉ាឡេស៊ីមកនៅត្រឹម ៤,៣% ពី៤,៧% ហើយបានកាត់បន្ថយការព្យាករសម្រាប់ប្រទេសវៀតណាមមកពី ៦,៧% មកនៅ ៦,៣% ដោយសារសម្ពាធអតិផរណា៕