ទណ្ឌកម្មលើកូរ៉េខាងជើង

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តពួតដៃគ្នាបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងអ្វីខ្លះ?


ប្រេសិតទីក្រុងសេអ៊ូលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្ការ ទី១៣ ខែធ្នូ ថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹងសម្របសម្រួលឲ្យមានការការដាក់ទណ្ឌកម្មថ្មី និងកាត់ផ្តាច់របបក្រុងព្យុងយ៉ាងឱ្យនៅឯកោកាន់តែខ្លាំងពីអន្តរជាតិ ខណៈដែលរដ្ឋផ្ដាច់ការមួយនេះ បានសម្ញែងឥទ្ធិពលអាវុធមីស៊ីលរបស់ខ្លួនរបស់ខ្លួនជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ និងបង្កឲ្យស្ថានការណ៍នៅឧបទ្វីកូរ៉េកាន់តែក្ដៅឡើងៗ។
សម្ព័ន្ធមិត្តអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនរួមគ្នាដាក់ទណ្ឌកម្មលើកូរ៉េខាងជើង!

ជាមួយគ្នានោះ កូរ៉េខាងត្បូង ក៏បានឆ្លៀត​ទទូចឲ្យ​ប្រទេសចិន ជួយគាំទ្រឲ្យមានកិច្ចសន្ទនារវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អន្តរជាតិធំៗជាច្រើន។

លោក Kim Gunn ប្រសិតពិសេសរបស់កូរ៉េខាងត្បូង​ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាមេរិក និងជប៉ុនថា កូរ៉េខាងជើង «កាន់តែមានភាពឆេវឆាវ និងបង្កហេតុដោយការគំរាមកំហែង​នុយក្លេអ៊ែររបស់ខ្លួន»។ លោកបាននិយាយថា ការបង្កហេតុបន្ថែមទៀត​របស់កូរ៉េខាងជើងនឹងត្រូវបានឆ្លើយតបដោយការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឯកភាពពីសហគមន៍​អន្តរជាតិ។

មែនទែនទៅ ការដាក់ទណ្ឌកម្មបន្ថែមនេះ ធ្វើឡើងបន្ទាប់របបទីក្រុងព្យុងយ៉ាង​បានធ្វើតេស្តសាកល្បងមីស៊ីលអន្តរទ្វីប ICBM កាលពីថ្ងៃទី ១៨ ខែវិច្ចិកាកន្លងទៅ និងបានបាញ់មីស៊ីលជាច្រើនគ្រាប់ជាបន្តបន្ទាប់ក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលបានបង្កឱ្យមានភាពតានតឹងកើនឡើងសាជាថ្មីក្នុងឧបទ្វីបកូរ៉េ។

តំណាងប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងជើង លោក Sung Kim បាននិយាយកាលពីថ្ងៃអង្គារទី ១៣ធ្នូ ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាកាតាថា អាកប្បកិរិយារបស់ទីក្រុងព្យុងយ៉ាងបង្ហាញ​ពីបញ្ហាប្រឈមផ្នែកសន្តិសុខ​ដ៏ធ្ងន់ធ្ងរបំផុតមួយ​នៅក្នុងតំបន់ និងលើសពីនេះ។

ទន្ទឹមនឹងនេះ អគ្គនាយក​ទទួលបន្ទុកកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន លោក Funakoshi Takehiro បាននិយាយថា សម្ព័ន្ធមិត្តទាំងបីបានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។

កាលពីថ្ងៃទី ១២ ខែធ្នូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានប្រាប់សមភាគីចិនដែរថា ទីក្រុងសេអ៊ូលរំពឹងថា ប្រទេសចិននឹងគាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងសម្រាប់ការសន្ទនាជាមួយកូរ៉េខាងជើង។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin តាមប្រព័ន្ធវីដេអូវិញថា «ប្រទេសចិននឹងដើរតួនាទីស្ថាបនានៅក្នុងបញ្ហាឧបទ្វីបកូរ៉េ»។

យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង​បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក ផាក ជីន បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់កូរ៉េខាងជើង រួមទាំងចំនួនកំណត់ត្រានៃការបាញ់មីស៊ីលផ្លោងនៅឆ្នាំនេះ ដោយបន្ថែមថា កូរ៉េខាងជើងត្រូវតែជៀសវាងពីការបង្កហេតុបន្ថែមទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរដែលមានសក្តានុពល ដោយចូលរួមក្នុងការសន្ទនាដោយសន្តិវិធីឡើងវិញ។

គួររំលឹកថា កាលពីខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ក៏បានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។ លោក Yoon បាននិយាយថា ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង គួរតែបំពេញទំនួលខុសត្រូវរបស់ខ្លួន​ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕




អត្ថបទបន្ទាប់


ការិយាល័យសភាសហភាពអឺរ៉ុបត្រូវបានអាជ្ញាធរស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលិកមួយចំនួន ជុំវិញសំណុំរឿងពុករលួយ

ព័ត៌មាន
អាជ្ញាធរប៉ូលិសបែលហ្ស៊ិកបានធ្វើការស៊ើបអង្កេត និងចាប់បានជាបន្តបន្ទាប់នូវជនសង្ស័យកាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ក្នុងការិយាល័យសភាអឺរ៉ុប ស្របពេលដ…

អគ្គនាយកបុរី ជា រី បើកសម្ពោធវីឡាផ្ទាល់ខ្លួនក្នុងគម្រោង!

ព័ត៌មាន
លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានប្រារព្ធពិធីសម្ពោធវីឡារបស់ខ្លួនដែលមានទីតាំងនៅក្នុង បុរី ជា រី ផ្ទាល់តែម្តង។ កម្មវិធីប្រព្រឹត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ