ធនាគារអភិវឌ្ឍអាស៊ី ADB

ធនាគារ ADB បន្ទាបកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីសម្រាប់ឆ្នាំ២០២៣ ដោយសារហេតុផលអ្វីខ្លះ?


ធនាគារអភិវឌ្ឍអាស៊ី ADB នៅក្នុងរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួនបានកាត់បន្ថយកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃតំបន់អាស៊ីមកកម្រិតទាបជាងអ្វីដែលគេធ្លាប់បានព្យាករណ៍កាលពីពេលមុន។ តើអ្វីជាកត្តាចម្បងដែលជំរុញឲ្យកំណើនសេដ្ឋកិច្ចតំបន់នេះថមថយចុះ?
ADB បន្ទាបកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីសម្រាប់ឆ្នាំក្រោយ!

បើតាមការអះអាងរបស់ ADB ការបន្ទាបកំណើននេះ ក៏ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយដែលជាកត្តារាំងស្ទះដ៏ធំមួយសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក ស្របពេលដែលសេដ្ឋកិច្ចពិភពលោកក៏កំពុងមានកំណើនយឺតដំណាលគ្នាស្រាប់ទៅហើយនោះ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ខែធ្នូឱ្យដឹងថា ADB បានកាត់បន្ថយកំណើនសេដ្ឋកិច្ចក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដែលសរុបមាន ៤៦ប្រទេស ពីអត្រាកំណើន ៤,៩%មកនៅ៤,៦%នៅឆ្នាំ២០២៣។ ដោយឡែក សម្រាប់ការបិទបញ្ចប់ឆ្នាំ២០២២នេះវិញ ADB សន្មតថា តំបន់អាស៊ីនឹងមានកំណើន ៤,២% ធ្លាក់ចុះពីការរំពឹងទុក ៤,៣%កាលពីខែឧសភា។

ធនាគារអភិវឌ្ឍអាស៊ីរៀបរាប់ថា មានព្យុះភ្លៀងធំៗបី ដែលបន្តបោកបក់ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី នោះគឺការបិទខ្ទប់ក្នុងប្រទេសចិន សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងសេដ្ឋកិច្ចសកលមានកំណើនយឺត។

នេះគឺជាលើកទី៣ហើយនៅក្នុងឆ្នាំ២០២២ ដែល ADB បានកាត់បន្ថយការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់ ហើយដែលទំនងដោយសារការមើលឃើញពីអតិផរណា និងអត្រាការប្រាក់កើនខ្ពស់។

បន្ថែមពីលើនេះ របាយការណ៍ដែលមានកំរាស់១៥០ទំព័រ បានកាត់បន្ថយការព្យាករណ៍អតិផរណាក្នុងតំបន់តិចតួចបំផុតសម្រាប់ឆ្នាំនេះពី ៤,៥% មកត្រឹម ៤,៤% ប៉ុន្តែបានបង្កើនការព្យាករណ៍សម្រាប់ឆ្នាំក្រោយពី៤% ដល់ ៤,២%។ ADB បាននិយាយថា ការព្យាករណ៍ទាំងអស់នេះ គឺផ្អែកលើព័ត៌មានដែលគេប្រមូលបានត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ពោលគឺនៅមួយសប្តាហ៍មុនពេលដែលប្រទេសចិនចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងគោលនយោបាយសូន្យកូវីដ។

ជាមួយគ្នានេះ ADB បានការព្យាករណ៍កំណើនរបស់ប្រទេសចិនសម្រាប់ឆ្នាំក្រោយ ដោយបានកាត់បន្ថយមកត្រឹមពី ៤,៥%មកនៅ ៤,៣% ខណៈទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់តំបន់ បន្ទាប់ពីប្រទេសចិន គឺមិនផ្លាស់ប្តូរទេ ដោយមានរង្វង់ ៧,២%ដដែល។

សម្រាប់តំបន់អាស៊ានវិញ ធនាគារអភិវឌ្ឍអាស៊ី បានបង្កើនការព្យាករណ៍ថា ក្នុងឆ្នាំ២០២២នឹងមានកំណើនពីដល់៥,៥% ដោយសារមានការប្រើប្រាស់ក្នុងស្រុកកើនឡើងខ្លាំងជាងការរំពឹងទុក។ ប៉ុន្តែតំបន់អាស៊ាននឹងស្គាល់ការធ្លាក់ចុះវិញនៅឆ្នាំក្រោយ ជាមួយនឹងកំណើន ៤,៧% ខណៈគ្រាមុនធ្លាប់បានព្យាករថាមានដល់៥%។

ប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងកើនឡើង ៤,៨% នៅឆ្នាំក្រោយ ធ្លាក់ចុះពីការព្យាករណ៍ ៥% នៅក្នុងខែកញ្ញា។ ក្នុងចំណោមការទម្លាក់ចំណាត់ថ្នាក់ខ្លាំងបំផុត ADB បានកាត់បន្ថយទស្សនវិស័យកំណើនរបស់ម៉ាឡេស៊ីមកនៅត្រឹម ៤,៣% ពី៤,៧% ហើយបានកាត់បន្ថយការព្យាករសម្រាប់ប្រទេសវៀតណាមមកពី ៦,៧% មកនៅ ៦,៣% ដោយសារសម្ពាធអតិផរណា៕




អត្ថបទបន្ទាប់


តើអង្គការ OPEC មើលឃើញកំណើនតម្រូវការប្រេងសាកលកើនឡើងខ្លាំងខ្លាំងក្លាកម្រិតណានៅឆ្នាំ២០២៣?

ព័ត៌មាន
អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC បានប្រមើលឃើញនូវកំណើនតម្រូវការប្រេងសាកលយ៉ាងខ្លាំងក្នុងឆ្នាំ២០២៣ ដោយសារតែភាពធូរស្រាលនៃវិបត្តិភូម…

ក្រុមម្ចាស់អាជីវកម្មនៅថៃព្រមានថា នឹងដំឡើងថ្លៃទំនិញ ប្រសិនបើរដ្ឋដំឡើងថ្លៃថាមពលនៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមសហគ្រិននៅក្រោមសហព័ន្ធឧស្សាហកម្មថៃ (FTI) គ្រោងនឹងដំឡើងតម្លៃផលិតផលរបស់ពួកគេចាប់ពី ៥% ទៅ ១២% ប្រសិនបើរាជរដ្ឋាភិបាលអនុវត្តផែនការរបស់ខ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ