អ្នកឈ្នះ​ក្នុងសង្គ្រាម​ពាណិជ្ជកម្ម

អ្នកឈ្នះធំធេងជាងគេ ចំនួន ៤ ក្នុងសង្គ្រាមពាណិជ្ជកម្ម អាមេរិក -ចិន ជាប្រទេសណាខ្លះ?


សង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក បានបន្តអូសបន្លាយជាង១ឆ្នាំមកហើយ ខណៈដែលស្ថានការណ៍នៅតែបន្តតានតឹងនៅឡើយ។ តួយ៉ាង រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នៅតែបន្តការគំរាមកំហែងដំឡើងពន្ធគយលើទំនិញចិនក្នុងតម្លៃកាន់តែច្រើនជាងមុន ដែលធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភពីផលប៉ះពាល់នានា។ ស្របពេលដែល មានប្រទេសមួយចំនួនរងគ្រោះ ដោយសារតែឥទ្ធិពលសង្គ្រាមពាណិជ្ជកម្ម ក៏មានប្រទេសមួយចំនួនទៀត បែរជាទទួលបានប្រយោជន៍ធំធេងពីសង្គ្រាមនេះផងដែរ។
អ្នកឈ្នះធំធេងជាងគេ ចំនួន ៤ ក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក -ចិន ជាប្រទេសណាខ្លះ?
ដោយ

តាមរបាយការណ៍​ការ​ស្រាវជ្រាវ​មួយ​ដែលបាន​ចេញផ្សាយ​ដោយសារព័ត៌មាន CNN បានបង្ហាញថា មានប្រទេស និងតំបន់​ចំនួន​៤ ដែលទទួល​បាន​ប្រយោជន៍​ធំជាងគេ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិននេះ។

អ្នកឈ្នះ​ធំធេង​ជាងគេ​​ចំនួន ៤​ ក្នុងសង្គ្រាម​ពាណិជ្ជកម្មនោះ មានដូចជា​ប្រទេសវៀតណាម កោះតៃវ៉ាន់ ប្រទេសបង់ក្លាដេស និង​ប្រទេស​កូរ៉េខាងត្បូង។

ក្នុងរយៈពេល ៥ខែ ដំបូងឆ្នាំនេះ សហរដ្ឋអាមេរិក បាន​នាំចូល​ផលិតផល​ពីប្រទេសចិន​តិចជាងមុន ១២ភាគរយ ធៀបនឹង​៥ខែ​កាលពីឆ្នាំមុន។ ប៉ុន្ដែ ក្នុងរយៈពេល​ដូចគ្នានេះ ការនាំចូល​ផលិតផល​ពីវៀតណាម​វិញ បានកើនឡើង​រហូតដល់​៣៦% , តៃវ៉ាន់ កើនឡើង​២៣%, បង់ក្លាដេស​កើន ១៤% និង​កូរ៉េខាងត្បូង​កើនឡើង ១២%។ 

ការ​ដាក់ដំឡើង​ពន្ធគយរបស់​លោកត្រាំ បាន​ធ្វើឲ្យ​អ្នកប្រើប្រាស់ទំនិញ​ដែលផលិត​ចេញ​ពីប្រទេសចិន​ដូចជា មួក វ៉ាលីដាក់ឥវ៉ាន់ កង់ និងកាបូបដៃជាដើម ត្រូវចំណាយ​ថ្លៃខ្ពស់​សម្រាប់​ក្រុមហ៊ុន​នាំចូល​របស់​អាមេរិក។ ពន្ធផ្សេងទៀត ក៏បាន​ធ្វើឲ្យទំនិញ​ផ្សេងៗ រងផលប៉ះពាល់ផងដែរ ដូចជា​គ្រឿងម៉ាស៊ីន និងទំនិញ​ឧស្សាហកម្ម រួមបញ្ចូលទាំង បំណែក​នៃម៉ាស៊ីន​លាងចាន ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ម៉ាស៊ីន​សម្ងួត និងចម្រោះទឹកជាដើម។

ប្រធានាធិបតី​អាមេរិក នៅតែ​បន្ត គំរាមកំហែង ដំឡើងពន្ធគយ​បន្ថែមទៀត លើំទំនិញ​ប្រមាណ ៣២៥ ពាន់លាន​ដុល្លារអាមេរិក​​របស់ចិន ដែលអាច​នឹងប៉ះពាល់ដល់​ផលិតផល​ទូរស័ព្ទ​ស្មាតហ្វូន ប្រដាប់​ប្រដារក្មេងលេង ស្បែកជើង និងត្រីជាដើម។ 

តាមការស្រាវជ្រាវ មួយរបស់​សារព័ត៌មានជប៉ុន Nikkei Asian Review​នាពេល​ថ្មីៗនេះ​ឲ្យដឹងថា មានក្រុមហ៊ុន​អន្តរជាតិ​ប្រមាណជាង ៥០ ដែលមាន​ផលិតកម្ម​នៅប្រទេសចិន បាននិងកំពុង​ពិចារណា​ក្នុងការ​រុះរើ​ចំណែក​នៃ​ផលិតកម្ម​របស់ខ្លួន​ចេញពី​ចិន ទៅកាន់ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍។

ទោះយ៉ាងណា គេកត់សម្គាល់ឃើញថា វាមិនមែនជារឿង​ងាយប៉ុន្មានទេ ក្នុងការ​ស្វែងរក​មូលដ្ឋាន​ផ្គត់ផ្គង់​​ក្រៅពីប្រទេសចិន ដែលអាច​ផលិតទំនិញ​ដែលមានគុណភាព​ដូចគ្នា និងតម្លៃថោក ដូចទំនិញ​ចិន​នាពេលបច្ចុប្បន្ន ហើយវា​ជាដំណើរការ​មួយ​ដែល​អាច​នឹងត្រូវ ចំណាយពេល​រាប់ខែ ឬរាប់ឆ្នាំឯណោះ។ ផ្ទុយទៅវិញ អ្នកនាំចូល​អាច​នឹង​សម្រេចចិត្តទទួលយក​ការចំណាយ​ថ្លៃ ដើម្បីទប់ទល់​នឹង​​ការដំឡើងពន្ធ​របស់​លោកត្រាំ នៅពេលឆាប់ៗ ហើយពួកគេ​អាច​នឹង​បន្ថែមថ្លៃចំណាយ​នេះ​ទៅលើ​អ្នកប្រើប្រាស់​បច្ចុប្បន្ន។ 

ក្រុមហ៊ុន អាមេរិក Cap America ដែលមាន​មូលដ្ឋាន​នៅរដ្ឋ​មីសួរី មានការនាំចូល​ផលិតផល​មួក​ជាច្រើន​ពីប្រទេសចិន។ ក្រុមហ៊ុននេះ កំពុងព្យាយាម រក​ដៃគូផ្គត់ផ្គង់ថ្មី ពីប្រទេស​បង់ក្លាដេស ដើម្បី​គេចវេះ​ពីការបង់ពន្ធ​ដ៏សន្ធឹក​របស់​អាមេរិក ប៉ុន្ដែ ការបញ្ជាទិញទាំងនោះ អាចប៉ះប៉ូវ បានតែប្រមាណ ២០% ប៉ុណ្ណោះ នៃការនាំចូល​សរុប​របស់ក្រុមហ៊ុននេះ សម្រាប់​ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេ​បាន​ត្រួត​ពិនិត្យ​គុណភាពរួច។

មាន​៤០ភាគរយ​ នៃក្រុមហ៊ុន ដែលត្រូវបាន​ស្ទង់មតិ កាលពីខែឧសភា​កន្លងទៅ ដោយ​សភាពាណិជ្ជកម្ម​អាមេរិក និងដៃគូ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បាននិយាយថា ពួកគេ​កំពុងពិចារណា ឬក៏បាន​ផ្លាស់ប្តូរ​រោងចក្រ​ចេញពីប្រទេសចិន​ដោយសារតែ​ពន្ធគយ។ សម្រាប់ក្រុមហ៊ុន​ដែលបាន​រើ​ការផលិត​នៅក្នុង​ត្រីមាសទី១ គឺប្តូរទៅកាន់​តំបន់អាស៊ីអាគ្នេយ៍។ តិចជាង ៦% និយាយថា ពួកគេ​បានរើ​ ឬកំពុង​ពិចារណា​ប្ដូរទៅកាន់​សហរដ្ឋអាមេរិកវិញ។ 

ខណៈដែល​ការនាំចូល​ពីប្រទេស​ក្រៅពីប្រទេសចិន មាន​កំណើន​នៅឆ្នាំនេះ ផលិតកម្ម​មួយចំនួន ក៏ត្រូវបាន​រើ​ចេញពីប្រទេសចិន​ទៅកាន់​ទីតាំង​ដែលបុគ្គលិក​មាន​ប្រាក់ចំណូល​ទាបជាង ទាងមុន​លោកត្រាំ ដំឡើង​ពន្ធគយ​ទៅទៀត។

ការនាំចូល​របស់អាមេរិក​ពីប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​វៀតណាម និងកូរ៉េខាងត្បូង បានកើនឡើង​ជាលំដាប់​ក្នុងទសវត្សរ៍​កន្លងទៅនេះ ដោយសារប្រទេស​ទាំងនោះ បានបង្កើន​ការផលិត​សម្លៀកបំពាក់ និងគ្រឿង​អេឡិចត្រូនិករៀងៗខ្លួន។

កោះតៃវ៉ាន់ និង​ប្រទេសកូរ៉េខាងត្បូង គឺត្រូវបាន​ផ្ដោត​លើផលិតផល​បច្ចេកវិទ្យា​ខ្ពស់ ខណៈដែល​វៀតណាម និងបង់ក្លាដេស គឺ​នៅតែ​ផ្ដល់នូវភាព​ប្រកួតប្រជែង​ផ្នែក​ប្រាក់ខែ​កម្មករ ដែលធ្វើឲ្យ​ប្រទេស​ទាំងពីរនេះ ជាកន្លែង​ទាក់ទាញ​សម្រាប់​ការផលិត​នូវទំនិញ​ដូចជា​សម្លៀកបំពាក់ និងស្បែកជើង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គយកម្ពុជាថា ក្រុមហ៊ុនចិន ជាអ្នកនាំចូលសំរាមប្លាស្ទិច ៨៣កុងតឺន័រនៅ កំពង់ផែក្រុងព្រះសីហនុ

ព័ត៌មាន
មេគយកម្ពុជា គឺលោក គុណ ញឹម បានអះអាងនៅថ្ងៃសុក្រ ទី១៩ ខែកក្កដានេះថា អាជ្ញាធរកំពុងតែស៊ើបអង្កេតក្រុមហ៊ុនចិនពីការនាំចូលសំរាមប្លាស្ទិកចំនួន…

កម្ពុជា​បដិសេធ​ថា មិន​មាន​«កិច្ច​ព្រមព្រៀង​សម្ងាត់»​ជាមួយ​ចិន ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព​នោះ​ទេ

ព័ត៌មាន
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​២២ ខែ​កក្កដា​នេះ បាន​បដិសេធ​ថា កម្ពុជា​និង​ចិន​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ