អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារ តម្លៃ ប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ នេះបើយោងតាម ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកក្កដា ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះ។ អតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ ត្រូវបានព្យាករថានឹងមាន ៣,៦% នៅឆ្នាំនេះ ធៀបនឹងការព្យាករ ៤,២% កាលពីខែមេសា ។ ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណា សម្រាប់ឆ្នាំ ២០២៤ គឺកើនឡើងដល់ ៣,៤% ពីការប៉ាន់ស្មាន ៣,៣% កាលពីលើកមុន។
ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនក្នុងតំបន់។ សេដ្ឋកិច្ច របស់ PRC ត្រូវបានព្យាករថានឹងកើនឡើង ៥,0% នៅឆ្នាំនេះ ដូចការព្យាករកាលខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ ការនាំចេញគ្រឿងអេឡិចត្រូនិក និង ផលិតផលផ្សេងទៀត របស់តំបន់អាស៊ីកំពុងអភិវឌ្ឍ ធ្លាក់ចុះដោយ សារការរឹតបន្តឹងរូបិយវត្ថុ ដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗដែលមានសេដ្ឋកិច្ចជឿនលឿន។
ការព្យាករកំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយត្រូវបានកែសម្រួលតិចតួចមកត្រឹម ៤,៧% ពីការ ប៉ាន់ប្រមាណ ៤,៨% កាលពីខែមេសា។
លោក Albert Park ប្រធានសេដ្ឋវិទូ របស់ ADB មានប្រសាសន៍ថា «អាស៊ី និងប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ពីជំងឺរាតត្បាតក្នុងល្បឿនមួយដែលថេរសកម្មភាព។ តម្រូវការ និង សកម្មភាពសេវាកម្មក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើនក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាង រឹងមាំនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងនេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែមានស្ថានភាពមិនល្អ។»
ADB រក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់អនុតំបន់ភាគច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក។ ករណីលើកលែងរួមមានតំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះមកត្រឹម ៤,៦% នៅឆ្នាំនេះ និង ៤,៩% នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មាន ៤,៧% (សម្រាប់ឆ្នាំនេះ) និង ៥,0% (សម្រាប់ឆ្នាំក្រោយ) កាលពីខែមេសា។ ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួល ចុះតិចតួច មកត្រឹម ៤,៣% ពី ៤,៤% សម្រាប់ ២០២៣ និង ៤,៤% ពី ៤,៦% សម្រាប់ឆ្នាំ ២០២៤៕