ក្រសួងដឹកជញ្ជូនហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ថា ជើងហោះហើរក្នុងស្រុកជាង ៣០០ជើង ដែលមានការតភ្ជាប់មកកាន់ទីក្រុងម៉ានីល នឹងត្រូវផ្លាស់ប្តូរពេលវេលា ឬលុបចោលជាបណ្តោះអាសន្ន មុនពេលកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៦ ចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក វាំង ឌីហ្សុន (Vince Dizon) បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលដៅសម្រួលដល់ការចុះចត និងការចាកចេញរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូ ដែលនឹងធ្វើដំណើរចេញចូលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា តទៅ។
រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ដោយសារហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្តរជាតិ ដ៏មានសារសំខាន់នេះ ដូច្នេះការការពារសន្តិសុខកម្រិតខ្ពស់នឹងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅទូទាំងទីក្រុង ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ (Ninoy Aquino) ដែលជាទីតាំងចុះចតចម្បងរបស់គណៈប្រតិភូភាគច្រើន។ ប្រតិបត្តិការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នេះនឹងត្រូវពង្រឹងទាំងនៅថ្ងៃមុន និងថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលបញ្ចប់។
ដើម្បីកាត់បន្ថយការលំបាកដល់សាធារណជន លោក វាំង ឌីហ្សុន បានផ្តល់ការធានាដល់អ្នកដំណើរដែលរងផលប៉ះពាល់ ដោយរដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្ដល់ជូននូវជម្រើសសមស្របចំនួន៣រួមមានការកក់សំបុត្រជើងហោះហើរសាជាថ្មីដោយឥតគិតថ្លៃ, ការទាមទារសងប្រាក់វិញពេញចំនួន និងការផ្លាស់ប្តូរសំបុត្រជាទឹកប្រាក់សម្រាប់ប្រើប្រាស់លើការធ្វើដំណើរនាពេលក្រោយ។
ដោយឡែក សម្រាប់ជើងហោះហើរអន្តរជាតិវិញ លោកបានបញ្ជាក់ថា អាចនឹងមានការពន្យារពេល ឬយឺតយ៉ាវខ្លះៗប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានការលុបចោលជើងហោះហើរណាមួយឡើយ។ គួររំលឹកថា ហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ដោយៈ សរ សុជាតិ