បេសកជនចិន រុស្ស៊ីនិងអ៊ុយក្រែន

តើក្នុងជំនួបរវាងបេសកជនចិន និងអ៊ុយក្រែន ភាគីទាំងពីរបានពិភាក្សាគ្នាអ្វីខ្លះក្នុងការបញ្ចប់ភ្លើងសង្គ្រាម?


ក្រោយទៅដល់ប្រទេសអ៊ុយក្រែនក្នុងដំណើរស្វែងរកសន្តិភាព បេសកជនចិនលោក លី ហួយ បាននិយាយថា ប្រទេសចិននិងអ៊ុយក្រែននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកិច្ចសហប្រតិបត្តិការលើប្រយោជន៍រួមគ្នា ខណៈលោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើន រួមទាំងប្រធានាធិបតី ហ្សេលេនស្គី ផងដែរ។ នេះបើតាមសារព័ត៌មាន សោស ឆៃណា ម័រនីង ប៉ុស្តិ៍។
តើក្នុងជំនួបរវាងបេសកជនចិន និងអ៊ុយក្រែន ភាគីទាំងពីរបានពិភាក្សាគ្នាអ្វីខ្លះក្នុងការបញ្ចប់ភ្លើងសង្គ្រាម?
ដោយ

យោងតាមសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសចិន លោក លី​ ហួយ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងពីជំហរ និងដំណោះស្រាយរបស់ចិនក្នុងបញ្ហាជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះគឺមិនដឹងច្បាស់នៅឡើយទេ។ សេចក្តីថ្លែងការណ៍នោះបាន​ឱ្យដឹងទៀតថា លោក​ លី ក៏បានអំពាវនាវឱ្យភាគីជម្លោះទាំងពីរចាប់ផ្តើមពីខ្លួនរបស់ពួកគេ ក្នុងការកសាងជំនឿទុកចិត្ត និងក្នុងការបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាម ហើយនិយាយគ្នាដោយសន្តិភាព។ ប្រទេសចិនមានឆន្ទៈធ្វើជាកម្លាំងចលករជួយរុញច្រានឱ្យមានបទឈប់បាញ់។

ប៉ុន្មានម៉ោងក្រោយមក ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានចេញផ្សាយសេចក្តីថ្លែងការជាច្រើនទំព័រដោយសរសេរថា អ៊ុយក្រែននឹងនៅតែប្រកាន់យកគោលការណ៍រូបមន្តទាំង១០ចំណុចរបស់ខ្លួនកាលពីខែវិច្ឆិកា គឺថាតម្រូវឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងអស់ ព្រមទាំងប្រគល់ដែនដីអ៊ុយក្រែនដែលខ្លួនបានកាន់កាប់មកឱ្យទីក្រុងកៀវផងដែរ។ លើសពីនេះ យោងតាមសេចក្តីថ្លែងការណ៍នោះ លោក អានទ្រី​ យ័រម៉ាក ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់បេសកជនចិន លោក ​លី ហួយ ថា អ៊ុយក្រែនមិនចង់បានអ្វីក្រៅពីរូបមន្តសន្តិភាពដែលស្នើឡើងដោយប្រធានាធិបតី ហ្សេលេនស្គី នោះទេ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះបាននិយាយថា អ៊ុយក្រែនចាប់អារម្មណ៍ចំពោះការចូលរួមរបស់ចិនក្នុងការអនុវត្តផែនការសន្តិភាពរបស់អ៊ុយក្រែនវិញ។

យោងតាមសេចក្តីថ្លែងការណ៍នៃប្រទេសទាំងពីរ ​ លោក លី ហួយ បានជួបមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើនរូប រួមទាំងរដ្ឋមន្ត្រីការបរទេស លោក ឌីមីទ្រី គូឡេបា, ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងថាមពល ក៏ដូចជាមន្ត្រីត្រួតពិនិត្យអ្នកទោសសង្រ្គាមនិងសិទ្ធិកុមារជាច្រើនផ្សេងទៀត។ លោក លី ក៏បានជួបជាមួយប្រធានផ្នែកចារកម្មនៅក្រសួងការពារជាតិអ៊ុយក្រែន លោក គីរីលឡូ ប៊ូដានូវ និងបានពិភាក្សាដោយសង្ខេបអំពីស្ថានការណ៍សង្គ្រាមជាមួយអនុប្រធានការិយាល័យប្រធានាធិបតី លោក រូម៉ែន ម៉ាសូវិតស៍ ដែរ។

ស្របពេលជាមួយគ្នានោះ កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន បានអះអាងថា ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់«មិនធ្លាប់មានពីមុនមក» បានសំដៅមកលើរដ្ឋធានីកៀវ និងតំបន់ផ្សេងទៀត បន្ទាប់ពីមានកិច្ចព្រមព្រៀងនៅថ្ងៃពុធជាមួយរុស្ស៊ី ដើម្បីបន្តនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅដែលកាន់កាប់ដោយរុស្ស៊ីបាន២ខែទៅមុខទៀត។ ជាការឆ្លើយតប អ៊ុយក្រែន បានថ្លែងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីល ២៩ គ្រាប់ក្នុងចំណោម ៣០ គ្រាប់ ដែលម៉ូស្គូបានបាញ់ស្រោចនៅថ្ងៃដដែលនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា លោក គូឡេបា បានប្រាប់បេសកជនចិន លោក លី ហួយ ថា ទីក្រុងកៀវនឹងមិនទទួលយកសំណើណាមួយដើម្បីបញ្ចប់សង្រ្គាម ជាថ្នូរទៅនឹងការបាត់បង់ទឹកដីតែមួយចង្អាមរបស់អ៊ុយក្រែននោះទេ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ទេថា តើក្នុងដំណើរទស្សនកិច្ចរបស់ប្រេសិតជាន់ខ្ពស់ចិនមកអ៊ុយក្រែនគឺដើម្បីបន្ថយស្ថានការក្តៅនៃសង្គ្រាម ឬយ៉ាងណានោះទេ ខណៈលទ្ធផលក្រោយការពិភាក្សាហាក់បង្ហាញពីភាពស្រពិចស្រពិលនៅឡើយ។ លោក លី ហួយ នឹងបន្តស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនរហូតដល់ថ្ងៃអាទិត្យ មុខនឹងជួបជាមួយមន្ត្រីអឺរ៉ុបនៅសប្តាហ៍ក្រោយនាទីក្រុងប៊្រុចសែល៕




អត្ថបទបន្ទាប់


អាមេរិក និងកោះតៃវ៉ាន់ បានឯកភាពគ្នាលើផ្នែកដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម«សតវត្សរ៍ទី២១»

ព័ត៌មាន
យោងតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រើយធឺ, ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះ និងកោះតៃវ៉ាន…

ប្រទេសចិននាំមុខជប៉ុន ក្លាយជាប្រទេសកំពូលអ្នកនាំចេញរថយន្តក្នុងពិភពលោក

ព័ត៌មាន
ប្រទេសចិនបានជែងប្រទេសជប៉ុនដោយជោគជ័យ ដើម្បីក្លាយជាកំពូលអ្នកនាំចេញរថយន្តច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយលទ្ធភាពដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ