
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ស្របពេលកងកម្លាំងកម្ពុជា កំពុងប៉ះទង្គិចប្រដាប់អាវុធជាមួយថៃ ប្រជាពលរដ្ឋត្រូវក្ដាប់ព័ត៌មានឱ្យបានច្បាស់លាស់ ពិសេសឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ អ្នកជំនាញរូបនេះបន្ថែមថា ប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន គឺចេញពីរដ្ឋាភិបាល តែយ៉ាងណារដ្ឋាភិបាល ត្រូវត្រួតពិនិត្យមើលព័ត៌មានដែលចេញផ្សាយពីខាងភាគីថៃណា ដែលផ្សាយខុសពីការពិត ហើយត្រូវប្រញាប់ចេញសេចក្ដីបកស្រាយបំភ្លឺឱ្យបានលឿន ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា។
ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ខណៈពេលដែលនៅតាមព្រំដែនកម្ពុជា និងថៃ កំពុងមានការប៉ះទង្គិចដោយប្រដាប់អាវុធ ប្រជាពលរដ្ឋគួរតែពិនិត្យព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ ថាតើពត៌មានមួយណាពិត មួយណាមិនពិត មុននឹងផ្សព្វផ្សាយបន្ត ដើម្បីចៀសវាងធ្វើឱ្យមានការភាន់ច្រឡំ និងច្របូកច្របល់។ អ្នកជំនាញរូបនេះ សំណូមពរដល់រដ្ឋាភិបាលក៏ដូចជាភាគីពាក់ព័ន្ធគួរផ្តល់ពត៌មានឱ្យបានរហ័ស និងធ្វើបច្ចុប្បន្នភាពនៃព័ត៌មាន ដើម្បីជៀសវាងប្រជាពលរដ្ឋទទួលព័ត៌មានខុស និងចែកចាយព័ត៌មានខុស នាំឱ្យមានការភាន់ច្រឡំ។
បើតាមលោក អំ សំអាត ក្នុងស្ថានភាពនេះប្រសិនបើប្រជាពលរដ្ឋទទួលព័ត៌មានយឺត ឬទទួលព័ត៌មានមិនច្បាស់ការ ឬមិនពិត គឺនាំឱ្យមានការភាន់ច្រឡំ ច្របូកច្របល់ និងការចែកចាយព័ត៌មានមិនពិតដែលអាចបង្កផលលំបាកផ្សេងៗ។
បើយោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែនមានដូចជា ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ហើយព័ត៌មានដែលមានប្រភពពីខាងក្រៅ គឺមិនមែនជាព័ត៌មានផ្លូវការនោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំឱ្យចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ និងចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕
អត្ថបទ៖ ជា ម៉ារ៉ា