ហិរញ្ញ​វត្ថុ​

ការ​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក​ចាប់​ផ្ដើម​កញ្ជ្រោល​ឡើង​​នៅ​​កម្ពុជា


មធ្យោបាយ​ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​ថា E-Payment លើ​ការ​ទិញ​ទំនិញ ឬ​សេវា​កម្ម ដោយ​មិន​ចាំបាច់​ប្រើ​ក្រដាស​ប្រាក់ ឬ​កាត​ធនាគារ​ កំពុង​មាន​សន្ទុះ​ងើប​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​មួយ​រយៈ​ចុង​ក្រោយ​នេះ។ គ្រឹះស្ថាន​ធនាគារមួយ​ចំនួន​ក៏​បាន​និង​កំពុង​មាន​ពង្រីក​ប្រតិបត្តិការ​លើ​សេវា​កម្ម​នេះ ខណៈ​ដែល​ស្ថាប័ន​ហិរញ្ញ​វត្ថុ​មិន​មែន​ជា​ធនាគារ​មួយ​ចំនួន​ក៏​កំពុង​ត្រៀម​ប្រតិបត្តិការ​លើ​សេវា​កម្ម​នេះដែរ។
Pi Pay គឺ​ជា​​សេវា​ទូទាត់​ការ​ចំណាយ​តាម​អេឡិចត្រូនិក​មួយ ដែល​ទើប​បង្កើត​ឡើង​នៅ​កម្ពុជា។
ដោយ

លោក ហែម សុបញ្ញា ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក Pi Pay បាន​លើក​ឡើង​ថា ត្រឹម​តែ​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន Pi Pay ទទួល​បាន​ប្រតិបត្តិការ​ទូទាត់​តាម​រយៈប្រព័ន្ធ​អេឡិចត្រូនិក​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១​លាន​ដុល្លារ ដែល​ក្នុង​នោះ លោក​បាន​បញ្ជាក់​ថា មាន​បូក​រួម​ទាំង​ការ​ដាក់​ប្រាក់​ចូល​គណនី​របស់​អ្នក​ប្រើប្រាស់ និង​ការ​ទូទាត់​លើ​ការ​ទិញ​ទំនិញ​នៅ​តាម​ហាង​ជាង​១០០​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ។

យុទ្ធនាការ​បង្កើត​ឲ្យ​មាន​ការ​លក់​បញ្ចុះ​តម្លៃ​សម្រាប់​អ្នក​ទិញ រាល់​ពេល​ទូទាត់​ជាមួយ Pi Pay បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ទទួល​បាន​លទ្ធផល​ក្នុង​ដំណាក់កាល​ដំបូង​សឹង​មិន​គួរ​ឲ្យ​ជឿ។ 

ជាមួយ​គ្នា​នេះ​ដែរ លោក គង់ មាន នាយក​​គ្រប់គ្រង​ក្រុមហ៊ុន ទ្រូម៉ាន់នី ប្រចាំ​កម្ពុជា លើក​ឡើង​ថា​ដែរ​ថា សេវា​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក​នេះ គឺ​ពិត​ជា​មាន​ទំហំ​ទីផ្សារ​ធំ​ធេង​ណាស់ ខណៈ​ដែល​បច្ចុប្បន្ន មាន​ប្រជាជន​ប្រមាណ​តែ ១៥% ប៉ុណ្ណោះ ដែល​មាន​ប្រើប្រាស់​សេវា​ធនាគារ និង ៨៥% ជា​អ្នក​ប្រើប្រាស់​ក្រដាស​ប្រាក់​ក្នុង​ការ​ទូទាត់​រាល់​ចំណាយ​ផ្សេងៗ។ ដោយ​សម្លឹង​ឃើញ​ពី​ឱកាស​ទីផ្សារ ក្រុមហ៊ុន​របស់​លោក​ក៏​ត្រៀម​នឹង​បញ្ចេញ​សេវា​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិច ឬ​ហៅ​ថា E-Wallet នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ផង​ដែរ។

លោក​បន្ថែម​ថា នេះ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​ទូទាត់​ថ្មី​តាម​បែប​អេឡិចត្រូនិក​នេះ អាច​បញ្ជ្រៀត​​ខ្លួន​ចូល​ទៅ​ក្នុង​​ទីផ្សារ​មួយ​​នេះ ខណៈ​ដែល​សេវា​កម្ម​មួយ​នេះ​កំពុង​មាន​ការ​ពេញ​និយម​ប្រើប្រាស់​យ៉ាង​ខ្លាំង​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន។

យ៉ាង​ណា​ក៏​ដោយ ការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​សេវា​កម្ម​នេះ​សម្រាប់​ប្រជាជន​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ប៉ុន្ដែ លោក គង់ មាន បាន​លើក​ឡើង​ថា វា​មិន​មែន​ជា​បញ្ហា​ចោទ​ជា​ដុំ​កំភួន​នោះ​ទេ ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ប្រើប្រាស់​សម្រាប់​អតិថិជន ព្រោះ​ប្រជាជន​វ័យ​ក្មេង​កម្ពុជា​ ភាគច្រើន​មាន​ការ​ចង់​ចេះ​ចង់​ដឹង​ពី​អ្វី​ដែល​ថ្មី ពិសេស លើ​វិស័យ​បច្ចេកវិទ្យា​តែម្ដង។ 

លោក​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង ដូចជា ការ​​ប្រើ​ប្រាស់​​ទូរស័ព្ទ​​ស្មាត​ហ្វូន ដែល​កាល​ពី​មុន​មាន​មនុស្ស​ជា​ច្រើន​​មិន​ស្គាល់អ្វីទៅ​ជា​ស្មាតហ្វូន​ផង តែ​ពេល​នេះ ម្នាក់ៗ​មាន​កាន់​ទូរស័ព្ទ​ប្រភេទ​នេះ​ប្រើប្រាស់​យ៉ាង​ពេញ​និយម។

នៅ​ពេល​ដែល​ត្រូវ​សួរ​ថា តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​ប្រកួត​ប្រជែង? លោក គង់ មាន បាន​គូស​បញ្ជាក់​ថា អាស្រ័យ​ទៅ​លើ​ការ​យល់​ឃើញ​របស់​អ្នក​ប្រើ​ប្រាស់ ទាក់ទង​ទៅ​នឹង​អត្ថ​ប្រយោជន៍ ​និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​ដែល​ពួកគាត់​ជ្រើស​រើស​យក​ទៅ​ប្រើ​ប្រាស់។ ពោល​គឺ ដើម្បី​អាច​ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន អ្នក​ប្រើ​ប្រាស់​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ជា​មុន​សិន ហើយ​ក្រោយ​ពី​ដាក់​ប្រាក់​ចូល​ទៅ​ហើយ​នោះ តើ​ពួក​គាត់​អាច​ប្រើប្រាស់​បាន​ទៅ​លើ​អ្វី​ខ្លះ និង​ចំណេញ​អ្វី​ខ្លះ? ដែល​ទាំង​អស់​នេះ​ហើយ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​ក្រុមហ៊ុន​នីមួយៗ​អាច​ក្រសោប​អតិថិជន​មក​នៅ​ជាមួយ​ខ្លួន​បាន។

លោក​ស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​លើក​ឡើង​ដែរ​ថា ការ​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក​នេះ កំពុង​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​តម្រូវការ​ប្រើប្រាស់​និង​ការ​ប្រកប​អាជីវកម្ម​តាម​អនឡាញ​កំពុង​មាន​ការ​រីក​លូត​លាស់​ខ្លាំង​ផង​ដែរ។ 

តួ​យ៉ាង ត្រឹម​រយៈ​ពេល ៤​ខែ​ប៉ុណ្ណោះ សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក​របស់​ធនាគារ​អេស៊ីលីដា គឺ​សេវា អេស៊ីលីដា ទាន់​ចិត្ត មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ជិត ៩​ម៉ឺន​នាក់។ 

លោកស្រី​បាន​គូស​បញ្ជាក់​ថា ចំពោះ​វិស័យ​ធនាគារ​ហាក់​មិន​សូវ​ជា​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ ដែល​បម្រើ​សេ​វា​កម្ម​ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នោះ​ទេ ព្រោះ​ថា ធនាគារ ពិសេស អេស៊ីលីដា គឺ​មាន​ផ្ដល់​នូវ​ជម្រើស​ប្រើប្រាស់​ច្រើន​យ៉ាង​សម្រាប់​អ្នក​ប្រើ​ប្រាស់ តួយ៉ាង ធនាគារ​អេស៊ីលីដា​មាន​បណ្ដាញ​សាខា​ច្រើន​ជា​​គេ មាន​បណ្ដាញ​ប្រព័ន្ធ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​អេឡិចត្រូនិក​ធំ​ជាង​គេ ដូចជា ម៉ាស៊ីន និង​កាត ATM និង​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ជា​ច្រើន​ផ្សេង​ទៀត។

យ៉ាង​ណា​ក៏​ដោយ ស្រប​ពេល​ដែល​វិស័យ​បច្ចេក​វិទ្យា​ដែល​បម្រើ​ដល់​វិស័យ​​ហិរញ្ញ​វត្ថុ​កាន់​តែ​មាន​ការ​ជឿន​លឿន គួប​ផ្សំ​នឹង​ការ​ប្រែប្រួល​នៃ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់ នោះ​តម្រូវការ​អតិថិជន​លើ​សេវា​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក៏​នឹង​មាន​ការ​កើន​ឡើង​ផង​ដែរ ហើយ​ជៀស​មិន​បំផុត​នោះ​ទេ វា​ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​អនាគត។ 

សូម​បញ្ជាក់​ថា កន្លង​មក ការ​ចំណាយ​លើ​ការ​ទូទាត់​នៅ​កម្ពុជា មាន​ភាគ​ច្រើន​បំផុត គឺ​ធ្វើ​ឡើង​តាម​រយៈ​ក្រដាស​ប្រាក់ និង​មាន​មួយ​ចំនួន ទូទាត់​តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត (POS)។ ដោយ​ឡែក ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ស្មាត​ហ្វូន​ហាក់​មិន​សូវ​មាន​ច្រើន​នៅ​ឡើយ​ទេ ខណៈ​ដែល​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​មាន​ការ​ពេញ​និយម​ប្រើ​សេវា​កម្ម​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១៧ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​ណា​ខ្លះ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជាច្រើន​ជាង​គេ?

ព័ត៌មាន
នៅ​ក្នុង​រយៈ​ពេល​ជិត​២​ទសវត្សរ៍​​ចុង​ក្រោយ​​នេះ គេ​សង្កេត​ឃើញ​មាន​ប្រទេស​ជា​ច្រើន​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ជា…

ជ្រោយ​ចង្វារ​នឹង​ក្លាយ​ជាតំបន់​កូន​នាគ​ដ៏​ទាក់ទាញ​លំដាប់​ទី​៣​នៃ​​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ ត្រូវ​បាន​អ្នក​អភិវឌ្ឍ​សាងសង់ បង្វែរ​ទិស​មក​តាម​តំបន់​ជាយ​ក្រុង​ភ្នំពេញ​វិញ​ម្តង ពិសេស​គឺ​តំបន់​ជ្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ